ពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ១៩ បានពេញលេញរួចហើយ អាចមិនពាក់ម៉ាស់បាននៅពេលដែលពួកគេនៅខាងក្រៅជាមួយអ្នកដទៃ មិនថាអ្នកនោះចាក់វ៉ាក់សាំងឬក៏អត់នោះទេ។ នេះបើយោងតាមការណែនាំថ្មីរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក។
មជ្ឈមណ្ឌល CDC បានបញ្ជាក់នៅក្នុងអនុសាសន៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញថា លើកលែងតែនៅក្នុងស្ថានការណ៍ដែលមានហ្វូងមនុស្សច្រើននៅខាងក្រៅដូចជានៅកន្លែងប្រគុំតន្ត្រី ឬនៅពហុកីឡាដ្ឋានជាដើម ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចហើយទំនងជានឹងមិនឆ្លងឬចម្លងជំងឺកូវីដ១៩ នោះទេ នៅពេលដែលពួកគេនៅជុំគ្នាខាងក្រៅ។
នាយកមជ្ឈមណ្ឌល CDC អ្នកស្រី Rochelle Walensky បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញថា៖ «ក្នុងពេលមួយឆ្នាំកន្លងមកនេះ យើងបានចំណាយពេលជាច្រើនដើម្បីប្រាប់ប្រជាពលរដ្ឋអាមេរិកាំងអំពីអ្វីដែលពួកគេមិនអាចធ្វើបាន។ ថ្ងៃនេះ ខ្ញុំនឹងប្រាប់អ្នកអំពីចំណុចខ្លះៗដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងពេញលេញរួចហើយ»។
«ការចាក់វ៉ាក់សាំងពេញលេញ» ចង់សំដៅដល់ពេលពីរសប្តាហ៍ក្រោយមក បន្ទាប់ពីអ្នកបានចាក់វ៉ាក់សាំងដូសចុងក្រោយ ដោយហេតុថានៅពេលនោះ ប្រព័ន្ធភាពស៊ាំរបស់យើងមានអង់ទីករការពារពេញលេញ។
មជ្ឈមណ្ឌល CDC បានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ គឺត្រូវការពាក់ម៉ាស់នៅខាងក្រៅតែនៅពេលណាដែលពួកគេស្ថិតនៅក្នុងហ្វូងមនុស្សជាច្រើន ដូចជានៅក្នុងពិធីនានានៅតាមដងផ្លូវ ពិធីដង្ហែក្បួន ផ្សាររបស់កសិករ ឬការជួបជុំនយោបាយជាដើម។
ប៉ុន្តែ សម្រាប់ការជួបជុំនៅខាងក្នុងអាគារវិញ មជ្ឈមណ្ឌល CDC នៅតែស្នើឲ្យអ្នកចាក់វ៉ាក់សាំងពេញលេញរួចហើយ ពាក់ម៉ាស់ដដែល ដើម្បីជៀសវាងការឆ្លងនិងចម្លងជំងឺកូវីដ១៩៕