ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាក់ប្រាប់អ្នកកាសែតនៅសេតវិមានកាលពីថ្ងៃពុធម្សិលមិញថា សហរដ្ឋអាមេរិកកំពុងពិនិត្យលទ្ធភាពក្នុងការផ្តល់វ៉ាក់សាំងកូវីដ១៩ ទៅឲ្យប្រទេសផ្សេងៗ។
លោក Biden និយាយដូច្នេះថា៖ «យើងកំពុងចាត់ចែងលើរឿងនេះ។ យើងបានធ្វើបន្តិចបន្តួចរួចមកហើយ។ យើងកំពុងពិនិត្យមើលថាតើយើងនឹងចាត់ចែងយ៉ាងណាចំពោះវ៉ាក់សាំងមួយចំនួនដែលយើងអាចនឹងមិនប្រើប្រាស់។ យើងចង់ធ្វើឲ្យប្រាកដថា វ៉ាក់សាំងទាំងនោះមានសុវត្ថិភាពក្នុងការបញ្ជូនចេញ ហើយយើងសង្ឃឹមថា យើងអាចផ្តល់ការជួយខ្លះៗទៅឲ្យប្រទេសនានានៅជុំវិញពិភពលោក»។
ប៉ុន្តែ លោក Biden បានបន្ថែមថា៖ «សហរដ្ឋអាមេរិកមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ដែលខ្លួនជឿជាក់ថា អាចផ្ដល់ជូនប្រទេសដទៃបានទេនៅពេលនេះ»។
កន្លងមក រដ្ឋបាលរបស់លោក Biden បានរួមចំណែកថវិកាចំនួន ៤ ពាន់លានដុល្លារ ដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីជួយផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម និងបានសន្យាថា នឹងបង្កើនការជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ១៩ AstraZeneca ជាច្រើនលានដូសបន្ថែមទៀត ដែលមិនទាន់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ទៅឲ្យប្រទេសកាណាដានិងម៉ិកស៊ិក៕