ស្ថានីយអវកាស Tiangong-1 របស់ចិនត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលមកក្នុងបរិយាកាសផែនការវិញនៅវេលាម៉ោង៨:១០នាទីយប់នេះ ម៉ោងក្នុងសហរដ្ឋអាមេរិកត្រូវនឹងថ្ងៃទីមួយខែមេសា។ នេះបើយោងតាមការព្យាករណ៍ចុងក្រោយបង្អស់របស់ទីភ្នាក់ងារអវកាស Aerospace Corp ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក។
យានអវកាសដែលមានទម្ងន់៨តោនកន្លះនិងមានទំហំប៉ុននឹងរថយន្តក្រុងសម្រាប់ដឹកកូនសិស្សនេះ ត្រូវបានគេរំពឹងថា នឹងឆេះនៅពេលធ្លាក់ចុះមក និងបង្កជាការគំរាមកំហែងដល់មនុស្សនៅខាងក្រោម។ នេះបើយោងតាមការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្ត្រ។
ភាគច្រើនគឺអាចធ្លាក់ទៅក្នុងមហាសមុទ្រនានា ដូច្នេះបំណែកណាមួយដែលនៅសល់ពីស្ថានីយអវកាសនេះអាចនឹងធ្លាក់ចូលទៅក្នុងបាតសមុទ្រ។
តំបន់ភាគច្រើននៅក្នុងសហរដ្ឋអាមេរិក អាហ្វ្រិក អឺរ៉ុបខាងត្បូង អូស្ត្រាលី និងអាមេរិកខាងត្បូង គឺស្ថិតនៅក្នុងចម្ងាយ៤៣ដឺក្រេទៅខាងជើងនិង៤៣ដឺក្រេទៅខាងត្បូង ដូច្នេះស្ថានីយអវកាសនោះត្រូវបានគេរំពឹងថានឹងធ្លាក់នៅទីនោះ។ ប្រទេសដែលមិនស្ថិតនៅក្នុងចម្ងាយដែលស្ថានីយអវកាសនេះធ្លាក់មកគឺមានរុស្ស៊ី កាណាដា និងអឺរ៉ុបខាងជើង។
ស្ថានីយអវកាស Tiangong-1 ដែលត្រូវបានគេហៅថា "Heavenly Palace" ឬជាភាសាខ្មែរហៅថា «រាជវាំងក្នុងឋានសួគ៌» គឺជាឧបករណ៍ដែលផលិតដោយមនុស្សធំបំផុតក្នុងរយៈពេលមួយទសវត្សរ៍នេះ ដែលនឹងធ្លាក់ចុះមកផែនដីវិញ។ ស្ថានីយនេះត្រូវបានបង្ហោះលើកដំបូងបង្អស់កាលពីឆ្នាំ២០១១ ដើម្បីជាស្ថានីយសម្រាប់ធ្វើតេស្តសមត្ថភាពចុះចតនៅអវកាសជាមួយនឹងយានអវកាសរបស់ចិនផ្សេងៗទៀត ហើយក៏ដើម្បីស្រាវជ្រាវទៅលើលទ្ធភាពនៃការផលិតស្ថានីយអវកាសអចិន្ត្រៃយ៍មួយដែលធំជាងនេះត្រឹមឆ្នាំ២០២៣ផងដែរ៕