បរាជ័យរបស់កាំជ្រួចដឹកយានអវកាស សូយូស្ស (Soyuz) របស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់ពីការបាញ់បង្ហោះកាលពីខែមុន និងការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការផ្អាកការបាញ់បង្ហោះយានអវកាសសូយូស្សទាំងអស់ ខណៈពេលដែលខ្លួនកំពុងស៊ើបអង្កេតរកមូលហេតុនៃបរាជ័យនេះ បានបង្កឲ្យមានបញ្ហាខ្លះៗដល់ដៃគូនៅឯស្ថានីយអវកាសអន្តរជាតិ (International Space Station)។
ក្រុមមន្ត្រីនៃអង្គការណាសា (NASA)កំពុងពិភាក្សាអំពីលទ្ធភាពនៃការទុកស្ថានីយនោះក្នុងទីអវកាសដោយគ្មានមនុស្សជាលើកដំបូងក្នុងរយៈពេលជិត១១ឆ្នាំនេះ ខណៈពេលដែលប្រទេសជាដៃគូពិភាក្សាអំពីការត្រៀមខ្លួនដើម្បីចាប់ផ្តើមការបាញ់បង្ហោះយានអវកាសសូយូស្សរបស់រុស្ស៊ីជាថ្មីវិញ ទៅកាន់ស្ថានីយនោះ។
និយាយទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីដើមសប្តាហ៍នេះ ពីលើស្ថានីយអវកាស លោក ម៉ៃក ហ្វូសូម (Mike Fossum) អវកាសយានិករបស់អង្គការណាសា បានឲ្យដឹងថា ក្រុមយានិកចំនួន៦នាក់របស់ស្ថានីយនេះមិនទាន់រៀបចំខ្លួនដើម្បីទុកឲ្យមន្ទីរពិសោធន៍ស្ថិតនៅលើគន្លងតារាវិថីនេះដោយគ្មានមនុស្សនៅឡើយទេ។ ប៉ុន្តែលោកបានថ្លែងទៀតថា ក្រុមមន្ត្រីនៅឯមជ្ឈមណ្ឌលអវកាសចនសុន (Johnson Space Center) របស់អង្គការណាសា នៅក្នុងរដ្ឋតិចសាស់ (Texas) កំពុងពិចារណាអំពីជម្រើសទាំងនោះ។
«ក្រុមអ្នកធ្វើការជាច្រើននៅក្រុងហូស្តុន (Houston)ស្ថិតក្នុងដំណាក់កាលបឋមនៃការសម្រេចអ្វីៗគ្រប់យ៉ាង ដោយរាប់ចាប់តាំងពីបញ្ហា ថាតើប្រព័ន្ធខ្យល់ចេញចូលអ្វីខ្លះដែលយើងនឹងទុកឲ្យដើរ តើភ្លើងអ្វីខ្លះយើងនឹងត្រូវបើកទុកចោល តើលក្ខខណ្ឌអ្វីខ្លះដែលការពិសោធន៍នីមួយៗគួរទុកឲ្យដំណើរការ មានដូចជាធុងនីមួយៗ ក្បាលវ៉ាល់នីមួយៗ និងគម្របបើកចេញចូលនីមួយៗ។ មានកិច្ចការជាច្រើនដែលត្រូវបំពេញ ហើយពួកគេកំពុងចាប់ផ្តើមធ្វើកិច្ចការនោះហើយ ក្នុងពេលឥឡូវនេះ។ និយាយតាមត្រង់ទៅ វាជាការឆាប់ពេកសម្រាប់ឲ្យពួកយើងព្រួយបារម្ភខ្លាំងពេកក្នុងរឿងនោះ»។
ខណៈពេលដែលលោក ហ្វូសូម មានប្រសាសន៍ថា វាជាការប្រញាប់ប្រញាល់ពេកក្នុងការព្រួយបារម្ភអំពីការទុកស្ថានីយអវកាសនេះចោលមិនឲ្យមានមនុស្សជិះ លោកទទួលស្គាល់ថា វាអាចកើតមានជាលើកដំបូងបាន ចាប់តាំងពីឆ្នាំ២០០០មក។ ហើយប្រសិនបើវាកើតឡើងមែន ក្រុមអវកាសយានិកនឹងគ្មានលទ្ធភាពធ្វើការផ្ទេរមនុស្សទៅឲ្យក្រុមយានិកបន្ទាប់បានទេ។
«វាអាចជាលទ្ធភាពមួយដែលយើងនឹងទុកស្ថានីយមួយនេះចោលដោយមិនចាំបាច់មានមនុស្សនៅក្នុងនោះ ដោយសង្ឃឹមថាសម្រាប់រយៈពេលខ្លីមួយ។ ផែនការទាំងឡាយដែលយើងមិនទាន់ចាប់ផ្តើមនៅឡើយទាក់ទងនឹងកិច្ចការនោះ រំពឹងថានឹងអាចចងក្រងជាឯកសារស្តីពីកិច្ចការដែលយើងធ្វើទាំងនោះបាន តាមខ្សែវីដេអូ។ ដូច្នេះយើងអាចប្រើប្រាស់ខ្សែវីដេអូសម្រាប់ការហ្វឹកហ្វឺនក្រុមយានិកក្រោយៗបាន។ យើងនឹងចាប់ផ្តើមនិយាយអំពីព័ត៌មានលម្អិតចំពោះអ្វីដែលយើងត្រូវធ្វើដើម្បីបិទភ្លើង នៅប៉ុន្មានសប្តាហ៍ខាងមុខ»។
ផ្នែកដំបូងរបស់ស្ថានីយនេះត្រូវបានបាញ់បង្ហោះនៅឆ្នាំ១៩៩៩ ហើយមនុស្សបានស្ថិតនៅក្នុងយាននោះជាបន្តបន្ទាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០០ មកម៉្លេះ។ លោក ហ្វូសូម បានថ្លែងថា វត្តមានដ៏យូរអង្វែងនោះមិនត្រឹមតែជាប្រភពនៃមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ក្នុងការធានាឲ្យស្ថានីយនោះមានដំណើរការដ៏ត្រឹមត្រូវទៀតផង។
លោក ហ្វូសូម បានគូសបញ្ជាក់ថា ប្រសិនបើមានអ្វីមួយបែកបាក់ដោយគ្មានមនុស្សនៅចាំជួសជុលទេ មានដូចជាការខូចប្រព័ន្ធបូមខ្យល់ត្រជាក់ វាអាចបង្កឲ្យមានបញ្ហាផ្សេងទៀត ហើយគ្រោះថ្នាក់កាន់តែកើនឡើងខ្ពស់ ដរាបណាស្ថានីយអវកាសនោះត្រូវបានទុកចោលកាន់តែយូរដោយគ្មានមនុស្សជិះ។
សមាជិកបីនាក់ក្នុងចំណោមសមាជិក៦នាក់នៃក្រុមយានិករបស់ស្ថានីយនេះនឹងចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS នៅថ្ងៃទី១៥ ខែកញ្ញា។ នៅពាក់កណ្តាលខែវិចិ្ឆកា អវកាសយានិក ហ្វូសូម និងសមាជិកក្រុមយានិកពីរនាក់ទៀតមកពីប្រទេសជប៉ុន និងរុស្ស៊ី គ្រោងនឹងវិលត្រឡប់មកផែនដីវិញ។ ពួកគេនឹងប្រើយានសូយូស្សចំនួនពីរ ដែលបានធ្ពក់ភ្ជាប់នៅឯស្ថានីយអវកាស។
អង្គការណាសាបានឲ្យដឹងថា ផែនការដើម្បីបាញ់បង្ហោះសមាជិកក្រុមយានិកថ្មីចំនួនបីនាក់កំពុងត្រូវបានត្រួតពិនិត្យ ខណៈដែលទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិរបស់ខ្លួន វាយតម្លៃទៅលើការត្រៀមខ្លួនដើម្បីធ្វើការបាញ់បង្ហោះយានសូយូស្សជាថ្មីឡើងវិញ។
បច្ចុប្បន្ននេះ អង្គការណាសាបានឲ្យដឹងថា ស្ថានីយអវកាសស្ថិតក្នុងសណ្ឋានដ៏ល្អ ហើយមានគ្រឿងផ្គត់ផ្គង់យ៉ាងច្រើនដើម្បីគាំទ្រក្រុមយានិកបច្ចុប្បន្ន៕
ប្រែសម្រួលដោយ លី សុខឃាង