គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយនៅក្នុងខេត្តស្វាយរៀងបានឆក់យកជីវិតរបស់កម្មកររោងចក្រសម្លៀកបំពាក់ចំនួន១៩រូប ដែលជនរងគ្រោះទី១៩បានស្លាប់នៅថ្ងៃព្រហស្បតិ៍នេះនៅមន្ទីរពេទ្យកាល់ម៉ែត។
មនុស្សចំនួនម្ភៃនាក់បានរងរបួសនៅក្នុងគ្រោះថ្នាក់នេះ បន្ទាប់ពីអ្នកបើកបររថយន្តក្រុងរបស់ក្រុមហ៊ុន 15 SH បានព្យាយាមវ៉ារថយន្តមួយផ្សេងទៀត ហើយបានបុកបញ្ច្រាស់ទិសគ្នាជាមួយនឹងរថយន្តដឹកកម្មករចំនួន៣៨នាក់។
នេះជាឧទាហរណ៍នៃគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវថ្នល់ក្នុងប្រទេសកម្ពុជាដែលកើនឡើងមិនឈប់ឈរដោយសារការមិនគោរពច្បាប់ចរាចរណ៍។
កម្មករទាំងនោះ ដែលភាគច្រើនជាស្ត្រី បានប្រជ្រៀតគ្នាជិះរថយន្តនេះដែលជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃទៅកាន់តំបន់សេដ្ឋកិច្ចពិសេសមួយនៅក្នុងខេត្តនេះ ដែលជាកន្លែងដែលពួកគេធ្វើការ ហើយដែលប្រមូលផ្តុំទៅដោយរោងចក្រផលិតសម្លៀកបំពាក់។ មនុស្សមួយចំនួនក្នុងចំណោមអ្នកទាំងនេះត្រូវជាសាច់ញ្ញាតិនឹងគ្នា។
មន្ត្រីតុលាការរខេត្តស្វាយរៀងគឺលោកព្រះរាជអាជ្ញា ហ៊ីង ប៊ុនជា បាននិយាយថា លោកឈ្មោះឡេ វ៉ាងទុង អាយុ៤៣ អ្នកបើកបររថយន្តក្រុងឲ្យក្រុមហ៊ុនរថយន្តក្រុង ត្រូវបានតុលាការរចោទប្រកាន់ពីបទបើកបរគ្មានអាជ្ញាបណ្ណ និងបើកបរបណ្តាលឱ្យមានមនុស្សស្លាប់។ តុលាការក៏បានចោទប្រកាន់បុរសពីរនាក់ទៀតដែលព្យាយាមហែកស្លាកសញ្ញាក្រុមហ៊ុនចេញពីឡានក្រុងនោះ ពីបទបំផ្លាញវត្ថុតាង។ អ្នកទាំងបីរូបនេះត្រូវបានឃុំឃាំងនៅពន្ធនាគារខេត្ត។ អ្នកបើកបរឡានក្រុងនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលរហូតទៅដល់ប្រាំឆ្នាំ និងការផាកពិន័យជាប្រាក់ពី១០ទៅ២៥លានរៀល។
VOA បានព្យាយាមទាក់ទងដើម្បីសុំការឆ្លើយតបពីក្រុមហ៊ុនដឹកជញ្ជូន 15 SH ដែលរកស៊ីផ្តល់សេវារថយន្តក្រុងនេះ តែមិនអាចទាក់ទងបានទេ។
កម្មករនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះបានទទួលការព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ។
អ្នកស្រី យិន សុខា អាយុ៣២ឆ្នាំជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដែលទទួលការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់វីអូអេខ្មែរថា គាត់មិនបានដឹងថា មានគ្រោះថ្នាក់ចរាចរណ៍នោះទេ នៅពេលគាត់ជិះរថយន្តដឹកកម្មករនោះ។ នៅពេលគាត់ដឹងខ្លួន គាត់នៅក្នុងមន្ទីរពេទ្យរួចទៅហើយ។ ដៃស្តាំរបស់គាត់ត្រូវបានបាក់នៅក្នុងគ្រោះថ្នាក់នេះ។ ប្អូនស្រីរបស់គាត់ឈ្មោះ យិន សុម៉ាលី អាយុ២៤ឆ្នាំ ដែលធ្វើការនៅក្នុងរោចក្រ Elite ផលិតសម្លៀកបំពាក់ម៉ាក Adidas ជាមួយគាត់នោះក៏រងរបួសខ្លាំងដែរ។ គាត់រងរបួសត្រង់ដើមទ្រូងស្មា និងក្បាល។
អ្នកស្រី យិន សុខា និយាយថា ចៅហ្វាយរបស់គាត់ដែលជាម្ចាស់រោងចក្រផលិតសម្លៀកបំពាក់ម៉ាក Adidas បានមកមើលគាត់។
បងស្រីបាននិយាយថា៖ «ពួកគេបានប្រាប់ខ្ញុំថា នៅពេលខ្ញុំជា ខ្ញុំអាចត្រឡប់ទៅធ្វើការ។ ពួកគេបានប្រាប់ខ្ញុំកុំឲ្យបារម្ភ»។
អ្នកស្រី ម៉ន សាវ៉េន ក៏រងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរនេះដែរ តែគាត់មានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងអ្នកស្រីយិន សុខាទេ។ ប្អូនស្រីរបស់គាត់ឈ្មោះ ម៉ន សាវ៉ុន ដែលធ្វើការក្នុងរោងចក្រ Kingmaker ជាមួយកាត់ ត្រូវរងរបួសរហូតសម្លាប់ក្នុងការប៉ះទង្គិចគ្នានេះ។ អ្នកស្រី ម៉ន សាវ៉េន បាននិយាយថា៖ «ខ្ញុំបានទទួលទូរសព្ទកាលពីម្សិលមិញពីក្រុមគ្រួសាររបស់ខ្ញុំបានប្រាប់ខ្ញុំថា ប្អូនស្រីរបស់ខ្ញុំស្លាប់ហើយ។ ប្អូនខ្ញុំស្លាប់ភ្លាមនៅកន្លែងកើតហេតុ»។
ឃុត សំអេង អាយុ៤៣ឆ្នាំ ត្រូវមកមើលថែកូនប្រុស និងក្មួយប្រុសរបស់គាត់នៅមន្ទីរពេទ្យកាល់ម៉ែត។ គាត់បាននិយាយថា ក្មួយស្រីរបស់គាត់ពីរនាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរនេះ។ គាត់បាននិយាយថា គាត់មិនច្បាស់ទេថា តើគ្រួសាររបស់គាត់បានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការខេត្តហើយឬយ៉ាងណាទេ។
លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា៖ ក្រុមគ្រួសារជនរងគ្រោះទាំងនេះទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល ក្នុងនោះរួមមានក្រសួងការងារ។ គាត់បាននិយាយថា អ្នកបើកបររថយន្តដឹកកម្មករដាក់មនុស្សលើសចំណុះនៅក្នុងឡាននោះ។ ទោះបីជាយ៉ាងណាក្តី លោកបានទទួលស្គាល់ថា ការដឹកមនុស្សលើសចំណុះនេះគឺជារឿងធម្មតា។
«ដូច្នេះមកដល់ពេលនេះក្រុមហ៊ុនមិនទាន់បានចូលមកដើម្បីនិយាយជាមួយយើងទេ»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បាននិយាយថា កម្មករជាច្រើនធ្វើដំណើរទៅធ្វើការដោយជិះរថយន្តដែលដឹកមនុស្សលើសចំណុះ ហើយដែលប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា ហើយដែលសោហ៊ុយធ្វើដំណើរថោក។ សមាជិកពីរនាក់របស់សហជីពលោកបានស្លាប់នៅក្នុងគ្រោះថ្នាក់កាលពីថ្ងៃអង្គារ។
លោកបាននិយាយថា៖ «យើងនឹងជួយក្រុមគ្រួសារនេះផ្នែកផ្លូវច្បាប់ដោយការផ្តល់មេធាវីឲ្យគាត់»។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានជំរុញឱ្យមន្ទីរពេទ្យយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះអ្នករងរបួស។ លោកបារម្ភថា ក្រុមគ្រួសាររបស់អ្នកស្លាប់មិនអាចទទួលសំណងពីក្រសួងការងារទេ ដោយសារតែអ្នកខ្លះមិនមានឯកសារត្រឹមត្រូវគ្រប់គ្រាន់ដើម្បីទទួលបានសំណងទេ។
គ្រោះថ្នាក់ចរាចរណ៍នេះគ្រាន់តែជាគ្រោះថ្នាក់មួយក្នុងចំណោមគ្រោះថ្នាក់ដទៃៗទៀតនៅតាមផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា។ មនុស្សប្រហែល៣០នាក់បានស្លាប់នៅក្នុងកំឡុងពេលបីថ្ងៃមុន នេះបើយោងតាមគេហទំព័រប៉ូលិសជាតិ។ នៅឆ្នាំ២០១៤ មនុស្សចំនួន២១៤៨នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺលើសឆ្នាំទៅដែលមានចំនួន១៩០១នាក់។
អ៊ា ចរិយា អ្នកពិគ្រោះយោបល់ស្តីពីសុវត្ថិភាពចរាចរ និងសុវត្ថិភាពផ្លូវថ្នល់និយាយថា គ្រោះថ្នាក់ចរាចរណ៍នាំឲ្យមានការខាតបង់ប្រាក់ជាង៣៣៧លានដុល្លារនៅក្នុងឆ្នាំ២០១៣។ ការខូចខាតនេះ រួមមានការខូចខាតដោយការចំណាយលើការព្យាបាល ការបាត់បង់ផលិតភាពពលកម្ម និងការចំណាយលើកិច្ចការប៉ូលិស៕