បើគិតចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍រហូតដល់ថ្ងៃអង្គារ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌចុងក្រោយ មានមនុស្សប្រមាណពី៨ទៅ១០នាក់ក្នុងមួយថ្ងៃបានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីប៉ូលិស។
លោកគៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ មានប្រសាសន៍នៅថ្ងៃអង្គារនេះថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលបីថ្ងៃមុន និងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះបានកើនឡើង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៣។
លោកនិយាយថា៖ «បាទប៉ុន្មានថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍ដូចជាកើនឡើង។កើនឡើងជាងសព្វមួយដង។ ថ្ងៃដំបូង ដូចជា១៨ករណី ថ្ងៃសៅរ៍ក្រោយមក២០ជាងរហូត ហើយស្លាប់ជា១០នាក់មួយថ្ងៃពី៨ទៅ១០នាក់ជាង»។
នៅក្នុងទីក្រុងភ្នំពេញមិនសូវមានសកម្មភាពចរាចរណ៍មមាញឹកទេ នៅពេលព្រឹកនិងពេលរសៀល។ ផ្ទះភាគច្រើនបានបិទទ្វារ ដោយសារតែប្រជាពលរដ្ឋនៅក្នុងក្រុងភ្នំពេញបានធ្វើដំណើរទៅតាមស្រុកកំណើតរៀងៗខ្លួន។
នៅតាមបណ្តោយផ្លូវជាតិសំខាន់ៗ មានការកកស្ទះចរាចរណ៍ជាច្រើនម៉ោងក្នុងអំឡុងពេលចុងសប្តាហ៍ ដោយសារតែមនុស្សកកកុញបានសម្រុកចាកចេញពីទីក្រុង។
យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានផ្សព្វផ្សាយនៅថ្ងៃអង្គារនេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១៨លើកដែលបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន៩នាក់ របួសធ្ងន់២០នាក់ និងរបួសស្រាល១២នាក់។
គ្រោះថ្នាក់ចរាចរណ៍ទាំង១៨ករណីនេះបានបង្កឲ្យខូចខាតយានយន្តសរុប៤៣គ្រឿង ក្នុងនោះម៉ូតូ២៤គ្រឿង រថយន្តធុនស្រាល៤គ្រឿង រថយន្តធុនធ្ងន់ចំនួន២គ្រឿង និងយានផ្សេងៗ៣គ្រឿង។
មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺដោយសារការបើកបរលើសល្បើនកំណត់ចំនួន៣ករណី មិនគោរពសិទ្ធិអាទិភាពគ្នាទៅវិញទៅមកចំនួន៤ករណី បើកបរប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ចំនួន៣ករណី បត់ឆ្វេង បត់ស្តាំមិនប្រុងប្រយ័ត្នចំនួន១ករណី បើកបរមិនប្រកាន់ស្តាំចំនួន៣ករណី បើកបរក្នុងស្ថានភាពស្រវឹងចំនួន៣ករណី និងកត្តាផ្លូវ១លើក។
លោកគង់ សុវណ្ណ ប្រធានអង្គការដៃគូសុវត្ថិភាពចរាចរណ៍មានប្រសាសន៍ថា ការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺដោយសារតែកម្ពុជាមិនទាន់ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍បាននៅឡើយ។
លោកនិយាយថា៖ «មូលហេតុនៃការកើនឡើងគឺយានយន្តជាផ្នែកមួយ ហើយមួយទៀតប្រជាពលរដ្ឋមួយចំនួនគាត់យល់អំពីច្បាប់ចរាចរណ៍នៅមានកម្រិត ហើយខ្លះទៀតនៅមានទម្លាប់ថា នៅពេលដែលមានថវិកា គេមិនចាំបាច់ទៅរៀនសាលាបើកបរអ្វីទេ ទិញម៉ូតូ ទិញឡានយកមកបើកលើដងផ្លូវតែម្តង។ អញ្ចឹងគាត់អត់យល់ពីមូលដ្ឋានច្បាប់»។
តាមរបាយការណ៍អង្គការជនពិការអន្តរជាតិឆ្នាំ២០១១ឲ្យដឹងថា មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន១៩០៥នាក់ អ្នករបួស៥៨០៧នាក់ និងខាត បង់ថវិកាអស់៣១០លានដុល្លារ។ គ្រឿងស្រវឹងជាមូលហេតុទីពីរ បន្ទាប់ពីការបើកបរហួសល្បឿនកំណត់ ដែលមានមនុស្សស្លាប់២៧៤នាក់ ឬក៏ប្រមាណ១៤%។ ហើយជនរងគ្រោះ៣៣,៨%ត្រូវបានរកឃើញថា មានបរិមាណគ្រឿងស្រវឹងក្នុងឈាមលើសពីច្បាប់ចរាចរណ៍ផ្លូវគោកបានកំណត់៕