មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិចប្រាំបួននាក់នៅតំបន់ហ្កាហ្សាភាគកណ្តាលកាលពីថ្ងៃពុធ។
ការវាយប្រហារតាមអាកាសមួយបានចំផ្ទះមួយនៅតំបន់ Al-Zawyda ដោយបានសម្លាប់មនុស្ស ៨ នាក់ ការវាយប្រហារមួយទៀតចំជំរុំជនភៀសខ្លួន Nuseirat សម្លាប់មនុស្សម្នាក់។
ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារជំរុំដដែលនោះនិងបានសម្លាប់មនុស្ស២៣នាក់កាលពីមួយថ្ងៃមុន។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅចំនួន២៥នៅតំបន់ហ្កាហ្សា ក្នុងការវាយប្រហារតាមអាកាសក្នុងរយៈពេលមួយថ្ងៃកន្លងមក។
ទន្ទឹមនឹងនេះដែរ ការវាយប្រហារដោយឡែកពីគ្នារបស់អ៊ីស្រាអែលបានសម្លាប់មនុស្សពីរនាក់នៅ ក្រុង Rafah កាលពីថ្ងៃពុធ។ នេះបើយោងតាមក្រុមគ្រូពេទ្យក្នុងស្រុក។ អ្នកស្រុកបាននិយាយថាផ្ទះរាប់សិបខ្នងត្រូវបានបំផ្លាញដោយរថក្រោះអ៊ីស្រាអែលនៅភាគខាងជើងនៃទីក្រុង។ រថក្រោះដែលបានដកថយយ៉ាងឆាប់រហ័ស ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងភាគច្រើនចាប់តាំងពីខែឧសភា ប៉ុន្តែបានចាកចេញពីផ្នែកភាគខាងជើងនៃទីក្រុងនេះដោយមិនបានបំផ្លាញអ្វីទេ។
កងកម្លាំងអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារតាមអាកាសផងដែរនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃពុធនៅក្នុងការវាយប្រហារចុងក្រោយបំផុតដែលផ្តោតលើក្រុមសកម្មប្រយុទ្ធ Hezbollah។
យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហាររបស់ខ្លួនផ្តោតលើហេដ្ឋារចនាសម្ព័ន្ធក្រុម Hezbollah ហើយកងកម្លាំងអ៊ីស្រាអែលក៏បានប្រើប្រាស់កាំភ្លើងធំដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ពួក Hezbollah នៅក្នុងតំបន់ផងដែរ។
មេដឹកនាំក្រុម Hezbollah លោក Sayyed Hassan Nasrallah បាននិយាយក្នុងអំឡុងសុន្ទរកថាមួយកាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធនឹងកំណត់គោលដៅថ្មីសម្រាប់វាយប្រហារក្នុងប្រទេសអ៊ីស្រាអែល ប្រសិនបើកងកម្លាំងអ៊ីស្រាអែលបន្តសម្លាប់ជនស៊ីវិល៕
វេទិកាបញ្ចេញមតិ