ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រភព​នានា​ថា ការ​​ចរចា​​បទឈប់បាញ់គ្នា​ស្វែងរក​ជម្រើស​ផ្សេង​ដល់​កងទ័ព​អ៊ីស្រាអែល​នៅ​ព្រំដែន​ហ្កាហ្សា​និង​អេហ្ស៊ីប


រថក្រោះរបស់​យោធាអ៊ីស្រាអែល​បើក​ដំណើរការ​នៅ​តំបន់ព្រំដែន​រវាងអ៊ីស្រាអែល​និង​តំបន់ហ្កាហ្សា នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
រថក្រោះរបស់​យោធាអ៊ីស្រាអែល​បើក​ដំណើរការ​នៅ​តំបន់ព្រំដែន​រវាងអ៊ីស្រាអែល​និង​តំបន់ហ្កាហ្សា នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមអ្នក​ចរចា​ដើម្បី​បទ​ឈប់​បាញ់គ្នា​របស់​អ៊ីស្រាអែល​និង​អេហ្ស៊ីប​កំពុង​ចរចា​អំពី​ប្រព័ន្ធ​តាម​ឃ្លាំមើល​អេឡិចត្រូនិក​នៅ​តាមបណ្តោយ​ព្រំដែន​រវាង​តំបន់​ហ្កាហ្សា​និង​ប្រទេស​អេហ្ស៊ីប ដែល​អាច​អនុញ្ញាត​ឱ្យ​អ៊ីស្រាអែល​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​តំបន់​នោះបាន ​ប្រសិនបើ​បទ​ឈប់​បាញ់​គ្នា​មួយ​ត្រូវ​បាន​យល់ព្រម។ នេះ​បើ​តាម​ប្រភព​ពីររបស់​អេហ្ស៊ីប ​និង​ប្រភព​ទី ៣ ​ដែល​បាន​ដឹង​អំពី​បញ្ហា​នេះ​ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​

សំណួរ​ថា​តើ​កងទ័ព​អ៊ីស្រាអែល​ស្ថិតនៅ​នៅ​តាម​ព្រំដែន​ក្លាយ​ជា​បញ្ហា​មួយ​នៃ​បញ្ហា​នានា ​ដែល​រារាំង​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​យ៉ាង​ណានោះ ពីព្រោះ​ទាំង​ក្រុម​ជនសកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ និងទាំងអេហ្ស៊ីប​ដែល​ជា​អ្នក​សម្របសម្រួល​នៅ​ក្នុង​ការចរចា​នោះ​ ជំទាស់​ប្រឆាំង​នឹង​ការរក្សា​វត្តមាន​របស់​កងទ័ពអ៊ីស្រាអែល​នៅ​ទីនោះ។

អ៊ីស្រាអែល​ព្រួយ​បារម្ភ​ថា ​ប្រសិនបើ​កងទ័ព​របស់​ខ្លួន​ចាកចេញ​ពី​តំបន់​ព្រំដែន ដែល​អ៊ីស្រាអែល​ចាត់ទុក​ថា​ជា​របៀង Philadelphi​ នោះ​ពួក​ប្រដាប់​អាវុធរបស់​ក្រុម​ហាម៉ាស់​អាច​រត់ពន្ធ​អាវុធ​និង​គ្រឿង​ផ្គត់ផ្គង់​ពី​ប្រទេស​អេហ្ស៊ីប ​ចូលក្នុង​តំបន់​ហ្កាហ្សា​ តាម​រយៈ​រូង​ក្រោមដី​ ហើយ​អាចនឹង​មាន​ការផ្តល់​អាវុធ​ឡើង​វិញ ​ដែល​នឹង​គំរាម​កំហែងដល់អ៊ីស្រាអែល​ម្តង​ទៀត។

ប្រព័ន្ធ​ឃ្លាំមើល​នេះ ប្រសិន​បើ​ភាគី​នានា​នៅ​ក្នុង​ដំណើរការចរចា​យល់​ព្រម​លើ​សេចក្តី​លម្អិត​នោះ អាច​ធ្វើ​ឱ្យ​រលូន​ដល់​មាគ៌ា​ឆ្ពោះទៅរក​បទ​ឈប់​បាញ់​គ្នាមួយ ​ថ្វីបើ​មាន​ការរាំងស្ទះ​មួយ​ចំនួន​ក៏ដោយ។

ការចរចា​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា​និង​អេហ្ស៊ីប​លើ​កិច្ចព្រមព្រៀង​មួយ ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​របស់​សហរដ្ឋអាមេរិក ដែល​នឹង​អនុញ្ញាត​ឱ្យ​ផ្អាក​ការប្រយុទ្ធ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ ​ដែលមាន​រយៈពេល​ជាង ១០ខែ និងការដោះលែង​ចំណាប់​ខ្មាំង ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ពួក​ហាម៉ាស់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG