ស្ថាប័នកាសែតនីហ្សេរីយ៉ា កំពុងតវ៉ាប្រឆាំងសេចក្តីស្នើច្បាប់ដែលកំពុងត្រូវបានពិចារណានៅក្នុងសភាដែលនឹងអនុញ្ញាតឱ្យអាជ្ញាធរត្រួតត្រាសារព័ត៌មាន។ កាសែតជាតិប្រចាំថ្ងៃរបស់ប្រទេសនីហ្សេរីយ៉ាទាំងអស់នៅថ្ងៃទី១២ ខែកក្កដា បានផ្សាយព័ត៌មានយ៉ាងក្លាហានអំពីការបិទព័ត៌មាននេះនៅលើទំព័រមុខ ដើម្បីរកការគាំទ្រប្រឆាំងនឹងសេចក្តីស្នើច្បាប់នេះ។
កិច្ចព្រមព្រៀងដើម្បីធ្វើការតវ៉ានៅទំព័រមុខនេះ ត្រូវធ្វើឡើងនៅដើមខែកក្កដាក្នុងអំឡុងកិច្ចប្រជុំរបស់អង្គភាពសារព័ត៌មាននីហ្សេរីយ៉ា (NPO) នៅក្រុង Lagos។ សាមគ្គីភាពនេះ នឹងបន្តដល់ពាក់កណ្តាលខែកក្កដា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងប្រមូលផ្តុំការគាំទ្រពីសាធារណជនប្រឆាំងសេចក្តីស្នើច្បាប់ដែលនឹងផ្តល់អំណាចកាន់តែច្រើនដល់ស្ថាប័នបទបញ្ញត្តិពីរ គឺក្រុមប្រឹក្សាសារព័ត៌មាននីហ្សេរីយ៉ា និងគណៈកម្មការផ្សព្វផ្សាយនីហ្សេរីយ៉ា (NBC)។
សមាជិកសភានិយាយថា សេចក្តីស្នើច្បាប់នេះ មានគោលបំណងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា សេចក្តីស្នើច្បាប់នេះ នឹងផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរក្នុងការវាយប្រហារប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានដោយការផាកពិន័យយ៉ាងច្រើន និងឃុំឃាំងអ្នកកាសែតដល់ទៅ៣ឆ្នាំ។
សកម្មជននីហ្សេរីយ៉ា និងអ្នកនិពន្ធឯករាជ្យ គឺលោក Raphael Adebayo ស្វាគមន៍ការតវ៉ារបស់កាសែតប្រចាំថ្ងៃ ហើយនិយាយថា សេចក្តីស្នើច្បាប់ប្រព័ន្ធផ្សព្វផ្សាយ គឺជាការវាយប្រហារលើសេរីភាពបញ្ចេញមតិ។
«វាជាការតវ៉ាគួរឱ្យសរសើរ។ បណ្តាអ្នកអាជីវព័ត៌មាននៅក្នុងប្រទេស បានដឹងពីសារៈសំខាន់នៃសាមគ្គីភាពប្រឆាំងសត្រូវរួមដែលប្រឈមមុខនឹងសេរីភាពសារព័ត៌មាននៅប្រទេសនីហ្សេរីយ៉ាសព្វថ្ងៃ»។
សមាជិកសភានីហ្សេរីយ៉ាដែលផ្តួចផ្តើមសេចក្តីស្នើច្បាប់នេះ គឺលោក Olusegun Odebunmi បាននិយាយថា ការផ្លាស់ប្តូរនេះ មិនមែនជាការប៉ុនប៉ងដើម្បីបំបិទប្រព័ន្ធផ្សព្វផ្សាយទេ។ ការពិភាក្សាអំពីច្បាប់នេះ បានចាប់ផ្តើមចំពេលរដ្ឋាភិបាលចាត់វិធានការរឹតបន្តឹងបទបញ្ញត្តិលើបណ្តាញសង្គម។ កាលពីខែមុន រដ្ឋាភិបាលបានផ្អាកប្រព័ន្ធធ្វីតធឺរក្នុងប្រទេសនីហ្សេរីយ៉ាដោយសារការត្រួតពិនិត្យអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Muhammadu Buhari។ អាជ្ញាធរ មិនទាន់បានដកចេញបម្រាមនេះនៅឡើយទេ។
អាជ្ញាធរនិយាយផងដែរថា ការនិយាយមិនពិតផ្សព្វផ្សាយនៅលើវេទិកាបែបនេះ អាចបង្កឱ្យមានអំពើហិង្សា។ នាយកព័ត៌មាននៃវិទ្យុសំឡេងនីហ្សេរីយ៉ា គឺលោកAhaziah Abubakar មានប្រសាសន៍ថា ការព្រួយបារម្ភរបស់រដ្ឋាភិបាល គឺត្រឹមត្រូវ។ ប៉ុន្តែលោក Adebayo និយាយថា រដ្ឋាភិបាលគ្រាន់តែព្យាយាមរារាំងមតិដែលផ្ទុយពីគំនិតរបស់ខ្លួន។
លោកថ្លែងថា «មានក្រម NBC ពិនិត្យឡើងវិញរួចហើយដែលបន្តធ្វើឱ្យកាន់តែលំបាកសម្រាប់អ្នកដែលធ្វើការក្នុងវិស័យសារព័ត៌មាន។
ប៉ុន្តែពួកគេចង់ធ្វើឱ្យកាន់តែពិបាកសម្រាប់ពួកគេ ក្នុងការផ្សព្វផ្សាយ ការបញ្ចេញមតិរបស់ប្រជាជន និងបង្ហាញពីស្ថានភាពទូទៅនៅក្នុងប្រទេស»។
ទណ្ឌកម្មលើប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានពិភាក្សាញឹកញាប់ជាងមុនចាប់តាំងពីលោក Buhari ជាប់ឆ្នោតជាលើកដំបូងនៅឆ្នាំ ២០១៥ ។ នៅចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០១៩ សមាជិកសភា បានពិចារណាច្បាប់គ្រប់គ្រងបណ្តាញសង្គម និងច្បាប់មួយទៀតស្នើឱ្យមានទោសប្រហារជីវិតចំពោះជនដែលផ្សព្វផ្សាយការជំរុញសម្អប់រដ្ឋាភិបាល។ សេចក្តីស្នើច្បាប់ទាំងពីរត្រូវបានផ្អាក បន្ទាប់ពីមានការរិះគន់ជាសាធារណៈ៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ