ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នីហ្សេរីយ៉ា​មាន​អំពើ​ហិង្សា​​កាន់តែ​ច្រើន​នៅមុន​ការបោះឆ្នោត​ថ្នាក់​ជាតិ


រូបឯកសារ៖ ប៉ូលិស​ម្នាក់​ដើរ​នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។
រូបឯកសារ៖ ប៉ូលិស​ម្នាក់​ដើរ​នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។

អ្នកស្រី ​Idayat Hassan ​ជា​អ្នក​នាំ​ពាក្យ​សម្រាប់​គណៈ​កម្មាធិការ​សន្តិភាព​ជាតិ ​ដែល​ជា​ស្ថាប័ន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ និង​មាន​អតីត​ប្រមុខ​រដ្ឋ ​និង​ក្រុម​មន្ត្រី​នានា​ដែល​ព្យាយាម​លើក​កម្ពស់​ភាព​ស្ងប់​ស្ងាត់​ និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស។​

ថ្លែង​តាម​រយៈ​បណ្តាញ​ទូរទស្សន៍​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Lagos ​ អ្នកស្រី ​Hassan ​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​អំពី​ការ​វាយ​ប្រហារ​ដែល​មាន​កាន់​តែ​ច្រើន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​យុទ្ធនាការ ​និង​ថា​ អាជ្ញាធរ​ត្រូវ​ហាម​គ្រប់​គ្នា​មិន​ឱ្យ​យក​អាវុធ​ចូល​ក្នុង​ពេល​ប្រមូល​ផ្តុំ​យុទ្ធនាការ​ លើកលែង​តែ​ភ្នាក់ងារ​សន្តិសុខ។​

អ្នកស្រី ​Idayat Hassan ​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖​ «ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ខ្ពស់ ​ហើយ​ចំនួន​ឧប្បត្តិ​ហេតុ​កើន​ឡើង។​ មាន​ការ​វាយ​ប្រហារ​យ៉ាង​តិច​១៣៤លើក​ទៅ​លើ​ការិយាល័យ​គណៈ​កម្មការ​បោះ​ឆ្នោត​ជាតិ​ឯករាជ្យ ​និង​បុគ្គលិក​របស់​គណៈ​កម្មការ​នេះ។ ​វា​ជា​រឿង​គួរ​ឱ្យ​រំខាន​ដែល​វា​កើត​ឡើង​នៅ​ចំ​ពេល​នេះ។​ ប្រសិន​បើ​វា​នៅ​តែ​បន្ត ​តើ​យើង​នឹង​ធ្វើ​ការ​បោះឆ្នោត​យ៉ាង​ដូច​ម្តេច?»​

កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន ​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​វាយ​ប្រហារ ​និង​សម្លាប់​សមាជិក​៣​នាក់​នៃ​ក្រុម​សន្តិសុខ​ការពារ​លោក​អភិបាល​ Ifeanyi Okowa ​ដែល​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាជន​ប្រជា​ធិបតេយ្យ(PDP)។​

កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ​លោក​ Okowa ​បាន​ទៅ​សួរ​សុខទុក្ខ​គ្រួសារ​របស់​មន្ត្រី​សន្តិសុខ​ដែល​បាន​ស្លាប់ ​និង​បាន​ថ្កោល​ទោស​ចំពោះ​ការ​សម្លាប់​នេះ។​

នៅ​ក្នុង​ឧប្បត្តិ​ហេតុ​មួយ​ទៀត ​មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់ ​និង​៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​រវាង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ប្រជា​ធិបតេយ្យ ​និង​គណបក្ស​សមាជ​វឌ្ឍនភាព​ទាំង​អស់​គ្នា​ (APC) ដែល​ជា​គណបក្ស​កាន់​អំណាច​ ក្នុង​ពេល​ប្រមូល​ផ្តុំ​យុទ្ធនាការ​មួយ​នៅ​រដ្ឋ ​Jigawa​ នៅ​ភាគ​ខាង​ជើង។​

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​អ្នក​គាំទ្រ​ជាច្រើន​របស់​គណបក្ស​ពលករ​បាន​រង​ការ​វាយ​ប្រហារ ​និង​ត្រូវ​របួស​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម​បង​ធំ​នៅ​តាម​ផ្លូវ​ទៅ​កន្លែង​ប្រមូល​ផ្តុំ​នៅ​ក្នុង​ទីក្រុង​ Lagos ​ដែល​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​លោក​ Bola Ahmed Tinubu ​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សមាជ​វឌ្ឍនភាព​ទាំង​អស់​គ្នា។​

លោក​ Paul James​ ជា​មន្ត្រី​កម្មវិធី​នៅ​អង្គការ ​Yiaga ​អាហ្វ្រិក​ ​ដែល​ជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ ​និង​លើក​កម្ពស់​ការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ។​

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖​ «សម្រាប់​ការ​បោះឆ្នោត​ដែល​នឹង​ធ្វើ​ឡើង​នៅ​នីហ្សេរីយ៉ា ​បេក្ខជន​ត្រូវ​ទទួល​បាន​សំឡេង​គាំទ្រ​១/៤​ នៃ​សំឡេង​ឆ្នោត​នៅ​ក្នុង​រដ្ឋ​យ៉ាង​ហោច​ណាស់​ចំនួន​២៤។ អ្នក​នយោបាយ​កំពុង​ប្រើ​អំពើ​ហិង្សា​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​ដើម្បី​គាប​សង្កត់​អ្នក​បោះឆ្នោត។​ ដូច្នេះ ​អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​គឺ​ការ​កើន​ឡើង​នៃ​ភាព​ភិតភ័យ ​ការ​កើន​ឡើង​នៃ​ភាព​ភ័យ​ខ្លាច​ដែល​អាច​នឹង​ប៉ះពាល់​ដល់​ការ​ចូលរួម​របស់​ពលរដ្ឋ​សម្រាប់​អ្នក​នយោបាយ ​ជា​ពិសេស​អ្នក​ដែល​យល់​ថា ​ពួកគេ​មិន​អាច​ទាញ​យក​សំឡេង​បាន​នៅ​ទូទាំង​ប្រទេស​ដែល​ត្រូវ​ការ​សម្រាប់​ការ​បោះឆ្នោត»។​

លោក​ Kolawole Oluwadare ​អនុប្រធាន​អង្គការ​គម្រោង​គណ​នេយ្យភាព​សិទ្ធិសេដ្ឋកិច្ច​សង្គម ​(Socio-Economic Rights Accountability Project) ​និយាយ​ថា ​អាជ្ញាធរ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា។​

អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​បាន​ដាក់​ញត្តិ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​ឱ្យ​ស៊ើប​អង្កេតអំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ​និងឲ្យ​ជនល្មើស​នៅ​នីហ្សេរីយ៉ាទទួល​ខុស​ត្រូវ។​

លោក​ Kolawole Oluwadare ​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖​ «ភាព​ក្រីក្រ ​ការ​កើន​ឡើង​នៃ​អត្រា​គ្មាន​ការងារ​ធ្វើ​អាច​ជា​មូលហេតុ​ប្រយោល ​ប៉ុន្តែ​និទណ្ឌ​ភាព​របស់​រដ្ឋាភិបាល​ជា​កត្តា​គន្លឹះ​នៃ​ឧប្បត្តិ​ហេតុ​ទាំង​នេះ ​ដែល​ជា​មូលហេតុ​ដែល​អ្នក​មើល​ឃើញ​កង្វះឆន្ទៈ​នយោបាយ​ក្នុង​ការ​ចាត់​វិធាន​ការ​ដើម្បី​បង្ការ​ការ​វាយ​ប្រហារ​ទាំង​នេះ»។​

កាលពី​ថ្ងៃចន្ទ ​គណៈកម្មការ​បោះឆ្នោត​នីហ្សេរីយ៉ា​បាន​និយាយ​ថា ​ការ​បោះឆ្នោត​នឹង​មិន​ធ្វើ​ឡើង​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​ទាំង​២៤០ ​ក្នុង​រដ្ឋ​ចំនួន​២៨​នោះ​ទេ​ ដោយ​សារ​មូលហេតុ​ចម្បង​គឺ​ខ្វះ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​តំបន់​ទាំង​នោះ។​ អ្នក​បោះឆ្នោត​មិន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅមណ្ឌល​ទាំង​នោះ​ដោយសារ​តែ​អសន្តិសុខ។ ​រដ្ឋ Imo ​មាន​ចំនួន​មណ្ឌល​បោះឆ្នោត​ដែល​ត្រូវ​បាន​លុប​ចោល​ច្រើន​ជាង​គេ​ដែល​មាន​ចំនួន​រហូត​ដល់​៣៨។​

ការ​បោះឆ្នោត​គ្រោង​ធ្វើ​ឡើង​ក្នុង​ពេល​មាន​ការ​ខឹង​សម្បា​កាន់​តែ​ខ្លាំង​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មួយ​ផ្នែក​បង្ក​ ឡើង​ដោយ​កង្វះ​ខាត​ប្រេង​ឥន្ធនៈ ​និង​រូបិយ​បណ្ណ​ដែល​ត្រូវ​បាន​រចនា​ថ្មី។​

នៅ​ក្នុង​ទីក្រុង​អាប៊ូហ្សា​ កាលពី​ថ្ងៃចន្ទ ​លោក ​Muhammadu Buhari​ ប្រធានាធិបតី​នីហ្សេរីយ៉ា​បាន​បង្ហាញ​ពី​យានយន្ត​ប៉ូលិស​ថ្មី ​កាំភ្លើង​ឆក់ ​និង​ឧបករណ៍​ប្រឆាំង​កុបកម្ម​ រួម​មាន​ឡាន​បាញ់​ទឹក ​ដែលរចនា​ឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រតិបត្តិការ​របស់​កង​កម្លាំង​ប៉ូលិស​នីហ្សេរីយ៉ា។​

គេ​មិន​ទាន់​ដឹង​ថា​ តើ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​បោះឆ្នោត​មាន​អារម្មណ៍​ថា ​មាន​សុវត្ថិភាព​ជាង​មុន​ឬ​អត់​ទេ​ ព្រោះ​វាឆាប់​ពេក៕

​ប្រែសម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG