ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​នីហ្សេរីយ៉ា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត


អាវយឺត និង​មួក​ដែល​មាន​រូបភាព​បេក្ខជន​ប្រធានាធិបតី​នីហ្សេរីយ៉ា​ត្រូវបាន​បង្ហាញ​នៅ​មណ្ឌល​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។
អាវយឺត និង​មួក​ដែល​មាន​រូបភាព​បេក្ខជន​ប្រធានាធិបតី​នីហ្សេរីយ៉ា​ត្រូវបាន​បង្ហាញ​នៅ​មណ្ឌល​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ដែល​ភាគ​ច្រើន​ជា​យុវជន​ស្រែក​ហ៊ោ​នៅ​ក្នុង​រដ្ឋធានី​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ដើម្បី​គាំទ្រ​ដល់​លោក ​Peter Obi ​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មួយ​រូប។​

លោក​ Obi ​ដែល​កំពុង​មាន​ភាព​នាំ​មុខ​គេ ​បន្ទាប់​មាន​ការ​ស្ទង់​មតិ​សាធារណៈ​ចំនួន​ពីរ​ដែល​ចេញ​ផ្សាយ​ដោយ​កាសែត​នីហ្សេរីយ៉ា​នៅ​សប្តាហ៍​មុន​ បង្ហាញ​ថា ​លោក​កំពុង​នាំ​មុខ​បេក្ខជន​ផ្សេង​ទៀត​មក​ពី​គណបក្ស​នយោបាយ​ធំ​ជាង​គេ​ចំនួន​ពីរ​នៅ​នីហ្សេរីយ៉ា​ នោះ​គឺ​គណបក្ស​សមាជ​វឌ្ឍនភាព​ទាំង​អស់​គ្នា ​(APC) ​និង​គណបក្ស​ប្រជាជន​ប្រជា​ធិបតេយ្យ (PDP)។​

លោក Peter Obi បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ពលករ​របស់​នីហ្សេរីយ៉ា និយាយ​ជាមួយ​អ្នក​គាំទ្រ​របស់​លោក​ក្នុង​ការ​ប្រមូល​ផ្តុំ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​ទីក្រុង​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក Peter Obi បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ពលករ​របស់​នីហ្សេរីយ៉ា និយាយ​ជាមួយ​អ្នក​គាំទ្រ​របស់​លោក​ក្នុង​ការ​ប្រមូល​ផ្តុំ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​ទីក្រុង​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក​ Obi​ បាន​កើន​ប្រជា​ប្រិយភាព​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន​ បន្ទាប់​ពី​លោក​បាន​លាលែង​ពី​គណបក្សគណបក្ស​ប្រជាជន​ប្រជា​ធិបតេយ្យទៅ​ចូលរួម​ជាមួយ​គណបក្ស​ពលករ​ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​នេះ។

លោក​បាន​ប្រាប់​អ្នក​គាំទ្រ​ថា ​លោក​នឹង​ដោះស្រាយ​បញ្ហា​អសន្តិសុខ​របស់​នីហ្សេរីយ៉ា ​ស្តារ​សេដ្ឋកិច្ច ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផលិត​ក្នុង​ស្រុក​ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែក​របស់​នីហ្សេរីយ៉ា​លើ​ផលិតផល​បរទេស។​

លោក ​Peter Obi​ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ពលករ​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖​

«ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក​នេះ​ អ្វី​ដែល​ប្រទេស​យើង​បាន​ផលិត​គឺ​អសន្តិសុខ​ ភាព​ក្រីក្រ ​កុមារ​មិន​បាន​ចូល​សាលារៀន​ កូដកម្ម​របស់​និស្សិត ​ហើយ​យើង​កំពុង​បង្កើត​ឡើង​អ្វីៗ​ដែល​ខុស។ ​យើង​នឹង​ផ្តល់​ឱ្យ​អ្នក​ទាំង​អស់​គ្នា​នូវ​សន្តិសុខ​ និង​ទ្រព្យ​សម្បត្តិ។ ​ជន​ល្មើស​មិន​គួរ​ឱ្យ​ខ្លាច​នោះ​ទេ ​ប៉ុន្តែ​ការ​ដែល​មិន​មាន​ភាព​ជា​អ្នក​ដឹកនាំ​នោះ​ទេ​ដែល​គួរ​ឱ្យ​ខ្លាច។ ​អ្នក​នឹង​មាន​មោទន​ភាព​ចំពោះ​ប្រទេស​របស់​អ្នក​ ដោយសារ​ប្រទេស​របស់​អ្នក​នឹង​ចាកចេញ​ពី​ប្រទេស​ប្រើប្រាស់​ទៅ​ជា​ប្រទេស​ផលិត​វិញ»។​

លោក​ Obi​ លោក​ Abubakar ​និង​លោក​ Tinubu ​កំពុង​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​ នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ដែល​ត្រូវ​កំណត់​យក​នៅ​ថ្ងៃទី២៥​ ខែកុម្ភៈ​ខាង​មុខ។​

នៅ​ក្នុង​សុន្ទរកថា​យុទ្ធនាការ​ ​អសន្តិសុខ​ជា​ប្រធាន​បទ​ដ៏​សំខាន់។ ​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​យុទ្ធជន​ជីហាដ​នៅ​ភាគ​ឦសាន​ ប្រយុទ្ធ​នឹង​ក្រុម​ប្រដាប់​អាវុធ​នៅ​ភាគ​ពាយព្យ ​និង​តំបន់​កណ្តាល​ និង​ប្រយុទ្ធ​ជា​មួយ​ក្រុម​បំបែក​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​ផង​ដែរ។

ក្នុង​ពេល​ប្រមូលផ្តុំ​យុទ្ធនាគារ​នៅ​ក្នុង​រដ្ឋ ​Kano ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស ​លោក ​Atiku Abubakar ​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាជន​ប្រជា​ធិបតេយ្យ ​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ថា៖​

«តើ​អ្នក​ចង់​ត្រឡប់​ទៅ​រក​សន្តិភាព​នៅ​ក្នុង​រដ្ឋ ​Kano​ វិញ​ទេ? តើ​អ្នក​ចង់​ឱ្យ​បើក​ព្រំដែន​ដែរ​ឬ​ទេ? ​មាន​តែ​រដ្ឋបាល​មក​ពី​គណបក្ស​គណបក្ស​ប្រជាជន​ប្រជា​ធិបតេយ្យ​ទេ​ដែល​អាច​អនុវត្ត​គោល​នយោបាយ​ទាំង​នេះ​បាន។​ ខ្ញុំ​ចង់​អំពាវនាវ​ឱ្យ​អ្នក​ទាំង​អស់​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​ប្រជា​ធិបតេយ្យ​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម។ ​យើង​បាន​ធ្វើ​រួច​ហើយ​កាលពី​មុន។ ​យើង​ត្រូវ​ធ្វើ​វា​ម្តង​ទៀត»។

លោក Atiku Abubakar បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាជន​ប្រជា​ធិបតេយ្យ បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រមូល​ផ្តុំ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​ក្នុង​រដ្ឋ Kano ភាគពាយ័ព្យ​ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី២៥ ខែកុម្ភៈ ២០២៣។
លោក Atiku Abubakar បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាជន​ប្រជា​ធិបតេយ្យ បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រមូល​ផ្តុំ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​ក្នុង​រដ្ឋ Kano ភាគពាយ័ព្យ​ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី២៥ ខែកុម្ភៈ ២០២៣។

ក្នុង​ការ​បោះឆ្នោតប្រធានាធិបតី​ក្នុង​ឆ្នាំ២០១៩ ​ លោក​ Atiku ​អាយុ ​៧៦​ឆ្នាំ​បាន​ចាញ់លោក​ Muhammadu Buhari ​ដែល​ជា​ប្រធានាធិបតី​បច្ចុប្បន្ន។​

លោក​ Kelechi Onyenze ​បាន​ចូលរួម​ក្នុង​ការ​ប្រមូលផ្តុំ​ក្នុង​រដ្ឋ Kano ​ដើម្បី​គាំទ្រ​គណបក្ស​ប្រជាជន​ប្រជា​ធិបតេយ្យ។​

លោក​ Kelechi Onyenze ​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖​ «តើ​អ្នក​ណា​ទៀត​ដែល​មាន​បទ​ពិសោធន៍​ដូច​បុរស​ម្នាក់​នេះ​ដែល​មាន​ទាំង​បទ​ពិសោធន៍​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​ និង​វិស័យ​ឯកជន? ​គាត់​ជា​សហ​គ្រិន ​ជា​ថៅកែ​របស់​កម្មករ​និយោជិត។​ លោក ​Atiku ​បាន​បង្កើត​ទ្រព្យ​សម្បត្តិ​ និង​រក​ឃើញ​នូវ​ទេព​កោសល្យ»។​

លោក​ប្រធានាធិបតី ​Buhari ​បាន​ដឹកនាំ​ព្រឹត្តិ​ការណ៍​យុទ្ធនាការ​ដើម្បី​គាំទ្រ​លោក ​Bola Ahmed Tinubu​ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សមាជ​វឌ្ឍនភាព​ទាំង​អស់​គ្នា។

លោក​ Tinubu ​បាន​សន្យា​បន្ត​គោល​នយោបាយ​របស់​លោក ​Buhari ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អសន្តិសុខ ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ​បង្កើត​ការងារ ​និង​ពង្រឹង​ស្តង់ដារ​អប់រំ ​ ទោះ​បី​ជា​យ៉ាងណា​ អ្នក​រិះគន់​មក​ពី​គណបក្ស​ផ្សេង​និយាយ​ថា ​លោក​ Buhari ​បាន​បរាជ័យ​លើ​គោល​នយោបាយ​ទាំង​នោះ។​

អំពើ​ហិង្សា​នា​ពេល​ថ្មីៗ​រួម​មាន​ការ​វាយ​ប្រហារ​លើ​មន្ត្រី​នៃ​គណៈ​កម្មការ​បោះឆ្នោត​ជាតិ​ឯករាជ្យ​របស់​នីហ្សេរីយ៉ា​ដែល​បង្ក​ឱ្យមានក្តី​បារម្ភ​អំពី​សុវត្ថិភាព​នៅ​ថ្ងៃ​បោះឆ្នោត។​

អាជ្ញាធរ​និយាយ​ថា ​ពួកគេ​កំពុង​ចាត់​វិធានការ​ដើម្បី​ធានា​ថា​ អ្នក​បោះឆ្នោត ​និង​បុគ្គលិក​ក្នុង​ដំណើរការ​បោះឆ្នោត​មាន​សុវត្ថិភាព ​និង​ថា ​ការ​បោះឆ្នោត​នឹង​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​រំខាន៕​

ប្រែសម្រួល​ដោយលោក​ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG