ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​​នីហ្សេរីយ៉ា​ ចាប់​ផ្តើម​ពិនិត្យ​មើល​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​ ចំ​ពេល​មាន​ការ​ប្រឈម​នៅ​តុលាការ


រូបឯកសារ៖ មន្ត្រីបោះឆ្នោត​ប្រើថ្ម​ដើម្បី​ទប់​សន្លឹកឆ្នោត​អំឡុង​ពេល​រាប់សន្លឹកឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​ទីក្រុង​ Lagos ប្រទេស​នីហ្សេរីយ៉ាកាលពីថ្ងៃទី​១៩ មីនា ឆ្នាំ២០២៣។
រូបឯកសារ៖ មន្ត្រីបោះឆ្នោត​ប្រើថ្ម​ដើម្បី​ទប់​សន្លឹកឆ្នោត​អំឡុង​ពេល​រាប់សន្លឹកឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​ទីក្រុង​ Lagos ប្រទេស​នីហ្សេរីយ៉ាកាលពីថ្ងៃទី​១៩ មីនា ឆ្នាំ២០២៣។

គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​របស់​ប្រទេស​នីហ្សេរីយ៉ា​នៅ​ដើម​ខែ​កក្កដា​នេះ​ បាន​ចាប់ផ្តើម​ការ​ពិនិត្យ​លើ​ការ​បោះឆ្នោត​ជាតិ​ ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ខែកុម្ភៈ ​និង​ខែ​មីនា​ឆ្នាំ​នេះ។ កិច្ចប្រជុំ​នៅ​ក្នុង​រដ្ឋធានី​អាប៊ូហ្សា (Abuja) ​កាលពីថ្ងៃ​អង្គារ ​ទី០៤ ​ខែកក្កដា​ ផ្តោត​លើ​ការរៀបចំ​ ការប្រព្រឹត្ត ​និង​លទ្ធផល​នៃ​ដំណើរការ​នេះ។ ការបោះឆ្នោត​ប្រធានាធិបតី​ និង​ក្នុង​ថ្នាក់​មូលដ្ឋាន​ត្រូវ​បាន​បំផ្លាញ​ដោយ​អំពើ​ហិង្សា​ និង​បញ្ហា​បច្ចេកទេស​ ហើយ​ត្រូវ​បាន​ចាត់ទុក​ថា ​ជា​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រនា​ពេល​ថ្មីៗ​នេះ​របស់​នីហ្សេរីយ៉ា។​

កិច្ចប្រជុំ​នៅ​ដើម​ខែកក្កដា​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ​ (INEC) លោក Mahmood Yakubu​ ជាមួយ​មន្ត្រី​បោះឆ្នោត​ប្រចាំ​រដ្ឋ​បាន​កត់សម្គាល់​ការ​ចាប់ផ្តើម​នៃ​ការ​ត្រួត​ពិនិត្យ​រយៈពេល​មួយ​ខែ​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។

​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ​ (INEC) លោក Mahmood Yakubu​b បង្ហាញ​លទ្ធផល​ឆ្នោត​ទៅកាន់អ្នក​សារព័ត៌មាន​អំឡុង​បទបង្ហាញ​នៃ​លទ្ធផល​បោះឆ្នោតជាតិ​និង​ប្រធានាធិបតី​ក្នុង​ទីក្រុង Abuja កាលពី ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ២០២៣។
​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ​ (INEC) លោក Mahmood Yakubu​b បង្ហាញ​លទ្ធផល​ឆ្នោត​ទៅកាន់អ្នក​សារព័ត៌មាន​អំឡុង​បទបង្ហាញ​នៃ​លទ្ធផល​បោះឆ្នោតជាតិ​និង​ប្រធានាធិបតី​ក្នុង​ទីក្រុង Abuja កាលពី ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ២០២៣។

ខណៈ​ពេល​ដែល​សរសើរ​ដល់​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​សម្គាល់អ្នកបោះឆ្នោត​ដោយ​ជោគជ័យ​របស់​ INEC​ លោក Yakubu បាន​និយាយ​ថា ​INEC ​នឹង​វាយតម្លៃ​ប្រតិបត្តិការ​របស់​ខ្លួន​ និង​ប្រសិទ្ធភាព​នៃ​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ដំណើរការ​នេះ។ លោក Yakubu ​បាន​និយាយ​ថា​ ​ការ​ត្រួតពិនិត្យ​នេះ​នឹង​ត្រូវ​ធ្វើឡើង​ដោយ​គ្មាន​ការ​លម្អៀង​ ហើយ​ INEC​ នឹង​បង្ហាញ​លទ្ធផល​នៃ​ការ​រកឃើញ​របស់​ខ្លួន​ជា​សាធារណៈ។

លោក ​Yakubu ​បាន​និយាយ​ទៅកាន់​អ្នកកាសែត​នៅ​ក្នុង​រដ្ឋធានី​ថា៖ «ពេល​វេលា​បាន​មក​ដល់​សម្រាប់​ការ​ត្រួតពិនិត្យ​ ការ​ស្តុកទុក​ ពិនិត្យ ​និង​វាយតម្លៃ។ ចាប់​តាំង​ពី​ការ​បញ្ចប់​ការបោះឆ្នោត​មក​ មាន​មតិ​ចម្រុះ​ត្រូវ​បាន​បញ្ចេញ​ដោយ​គណបក្ស​នយោបាយ​ បេក្ខជន​ អ្នកសង្កេតការណ៍​ ហើយ​គណៈកម្មាធិការ​បាន​ស្វាគមន៍​ពួកគេ​ទាំងអស់ដរាប​ណា​គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​កែ​លម្អ ​ការរៀបចំ​ការបោះឆ្នោត ​និង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង»។

ក្រុម​មន្ត្រី​បាន​និយាយ​ថា ​រហូត​មក​ដល់​ពេលនេះ​ INEC ​បាន​ទទួល​របាយការណ៍​ចំនួន​៥៤ ពី​បេសកកម្ម​សង្កេតការណ៍​ផ្សេងៗ​ទាក់ទង​នឹង​វិធី​រៀបចំការបោះឆ្នោត​កន្លងមក។ ការត្រួត​ពិនិត្យ​ចាប់ផ្តើម​ដំណើរការក្នុង​រយៈពេលមួយ​សប្តាហ៍​បន្ទាប់ពី​បេសកកម្ម​អ្នកសង្កេតការណ៍​របស់​សហភាព​អឺរ៉ុប​បាន​ចេញ​ផ្សាយ​របាយការណ៍​ចុងក្រោយ​របស់ខ្លួន​ស្តី​ពី​ការបោះឆ្នោត​ ដោយ​ជំរុញ​ឱ្យ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​មួយ​ចំនួន។ សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ ការបោះឆ្នោត​មិន​ធានា​បានដំណើរការ​ប្រជាធិបតេយ្យ​ដែល​ដំណើរការ​ល្អ ​មាន​តម្លាភាព​ និង​ប្រកប​ដោយ​បរិយាប័ន្ន ​ដែល​ INEC ​បាន​សន្យា​នោះ​ឡើយ។ សហភាព​អឺរ៉ុប​ក៏​បាន​និយាយ​ថា​ទំនុកចិត្ត​ និង​ការ​ជឿទុកចិត្ត​របស់​សាធារណជន​លើ ​INEC ​ត្រូវ​បាន​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ប្រធានាធិបតី​ ហើយ​មិន​ត្រូវ​បាន​កែលម្អ​ឡើង​វិញ​នៅ​ក្នុង​ការបោះឆ្នោត​ថ្នាក់​រដ្ឋ​នោះ​ទេ។

របាយការណ៍​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​សន្តិសុខ ដោយ​កត់​សម្គាល់​ថា ​បរិយាកាស​នយោបាយ​មាន​ភាព​តានតឹង​ខ្លាំង​មុន​ការ​បោះឆ្នោត។ ប៉ុន្តែ​ប្រធានាធិបតី​នីហ្សេរីយ៉ា​ក្នុង​សប្ដាហ៍​នេះ​បាន​ច្រានចោល​របាយការណ៍​របស់​ EU។ ប៉ុន្តែ​លោកស្រី​ ​Idayat Hassan ​នាយិកា​មជ្ឈមណ្ឌល​ដើម្បី​ប្រជាធិបតេយ្យ​ និង​អភិវឌ្ឍន៍​ មាន​ប្រសាសន៍​ថា​ របាយការណ៍​នេះ​ត្រឹមត្រូវ​ក្នុង​ការ​លើកឡើង​ពី​បរិយាកាស​នយោបាយ​ដែល​មាន​លក្ខណៈ​ប្រឈម​រួច​ទៅ​ហើយ ​សូម្បីតែ​មុន​ការបោះឆ្នោត​ក៏​ដោយ។

អ្នកគាំទ្រ​គណបក្ស Peoples Democratic Party (PDP) តវ៉ា​នៅ​ខាងមុខ​ទីស្នាក់ការ​កណ្តាល​របស់​INEC​ដើម្បី​បង្ហាញ​ការមិនគាំទ្រ​លទ្ធផល​បោះឆ្នោតកាលពីថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ២០២៣។
អ្នកគាំទ្រ​គណបក្ស Peoples Democratic Party (PDP) តវ៉ា​នៅ​ខាងមុខ​ទីស្នាក់ការ​កណ្តាល​របស់​INEC​ដើម្បី​បង្ហាញ​ការមិនគាំទ្រ​លទ្ធផល​បោះឆ្នោតកាលពីថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ២០២៣។

លោកស្រី​បាន​បន្ថែម​ថា៖ «INEC ​បាន​សន្យា​ច្រើន​ហួសហេតុ​ហើយ​ធ្វើ​បាន​តិច​តួច​ គ្មាន​នរណា​ម្នាក់​ភ្លេច​ចំណុច​នេះ​ទេ​[ប៉ុន្តែ]​ យើង​គួរតែ​យក​ចិត្ត​ទុកដាក់​លើ​កត្តា​ដែល​បាន​កើត​មាន​ជុំវិញ​ការបោះឆ្នោត​នេះ។ ឧទាហរណ៍​ ការបោះឆ្នោត​នេះ​ធ្វើឡើង​ក្នុង​ពេល​ខ្វះខាតប្រេង​ឥន្ធនៈ​ និង​ថវិកា​ ​ដែល​វា​ធ្វើ​ឱ្យ​ខូច​ទឹកចិត្តរបស់​ជនជាតិ​នីហ្សេរីយ៉ា។ វា​បាន​រារាំងពួកគេមិន​ឲ្យ​ធ្វើ​ដំណើរទៅ​តំបន់​ផ្សេងៗ​ក្នុង​ប្រទេស​ដើម្បី​ចូលរួមបោះឆ្នោត»។

ប៉ុន្តែ​លោកស្រី​ Hassan ​និយាយ​ថា​ INEC​ ត្រូវតែ​ធ្វើការ​ពិនិត្យ​ឡើងវិញ​ឲ្យ​បាន​ទូលំទូលាយ​ រួម​ទាំង​ការ​បោះឆ្នោត​លើក​មុនៗ​ និង​ការ​សហការ​របស់​ខ្លួន​ជាមួយ​ភ្នាក់ងារ​សន្តិសុខ​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត។ ការ​បោះឆ្នោត​ប្រធានាធិបតី ​និង​ថ្នាក់​ក្រោម​ជាតិ​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ​និង​ខែ​មីនា ត្រូវ​បាន​ប៉ះពាល់​ដោយ​អំពើ​ហិង្សា​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២១ នាក់។ វា​ក៏​មាន​ការ​លំបាក​ក្នុង​ប្រតិបត្តិការ​ និង​បញ្ហា​ដឹក​ជញ្ជូន​ផង​ដែរ។ លើស​ពី​នេះ អ្នក​សង្កេតការណ៍​ចោទ​ថា ការ​បោះ​ឆ្នោត​ត្រូវ​បាន​គាប​សង្កត់នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន។

លោក​ Emmanuel Njoku ​ធ្វើការ​នៅ​អង្គការ​ Connected Development ​ដែល​ជា​អង្គការ​មិន​រក​ប្រាក់កម្រៃ​ ដែល​ជា​អ្នកសង្កេតការណ៍​បោះឆ្នោត​មួយ។ លោក​និយាយ​ថា​ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថ្នាក់​រដ្ឋ​របស់​ INEC ​ខ្វះ​អ្នក​ជំនាញ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ ហើយ​លោក​ដាក់​កំហុស​លើ​ដំណើរការ​តែងតាំង​មន្ត្រី​ទាំង​នោះ។

លោក​ថ្លែង​ថា៖ «អ្នក​អាច​ពិនិត្យមើល​ខ្លួន​ឯង​បាន ​ប៉ុន្តែ​អ្នក​មិន​អាច​ដាក់​ពិន្ទុ​ខ្លួនឯង​ក្នុង​ការ​ប្រឡង​បាន​ទេ។ ប្រសិនបើ​សហភាព​អឺរ៉ុប​បាន​ផ្តល់​របាយការណ៍​ នោះ​ជា​អ្វី​ដែល​ពួកគេ​បាន​សង្កេត​ឃើញ​ ហើយ​សម្រាប់​ពួក​យើង​នៅ​អង្គការ​ Connected Development​ យើង​បាន​យល់​ស្របជាមួយ​នឹង​រឿង​មួយ​ចំនួន​ដែល​ពួកគេ​បាន​រាយការណ៍។ ពួកគេ​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពួកយើង។ លើសពី​បញ្ហា​បច្ចេកទេស​នៅ​ទីស្នាក់ការ​កណ្តាល ​បញ្ហា​មាន​នៅ​ជុំវិញ​ការ​ដឹក​ជញ្ជូន​ និង​ការ​បរាជ័យ​ក្នុង​ប្រតិបត្តិការ​ ​គឺ​ពួកINEC បានបរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ»។

INEC ​បាន​នឹង​កំពុង​វាយ​តម្លៃ​លទ្ធផល​ការងារ​របស់​ខ្លួន​នៅ​ក្នុង​ការបោះឆ្នោត​ចាប់តាំង​ពី​ឆ្នាំ​២០១១​មក។ គណៈកម្មការ​នេះ​ក៏​កំពុង​ពិនិត្យ​មើល​ភ័ស្តុតាង​នៃ​ការបំពាន​នៅ​ក្នុង​ការស៊ើបអង្កេត​ជាង​២០០​ករណី​ ដែល​បាន​បញ្ចប់​ដោយ​ប៉ូលិស ​រួមទាំង​ករណី​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ សាលា​ឧទ្ធរណ៍​នៅ ​រដ្ឋធានីអាប៊ូហ្សា បាន​បិទ​សវនាការ​មេធាវី​ការពារក្តី​កាលពី​ថ្ងៃ​ទី​៥ ខែ​កក្កដា សម្រាប់​ការប្តឹង​ជំទាស់​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​របស់​ប្រធានាធិបតី​នីហ្សេរីយ៉ា​លោក​ Bola Tinubu ​ដែល​ប្តឹង​ដោយ​ក្រុម​ប្រឆាំង។ តុលាការ​នឹង​បន្ត​ដំណើរការ​ឡើងវិញ​នៅចុង​ខែ​នេះ៕

ប្រែសម្រួល​ដោយ​ លោក ម៉ែន គឹមសេង

XS
SM
MD
LG