យោធានីហ្សេរីយ៉ាបានផ្លាស់ប្តូរបញ្ជាការដ្ឋានរបស់ខ្លួនទៅកាន់ទីក្រុង Maiduguri នៅភាគឦសាននៃប្រទេស ដែលជាទីចាប់កំណើតនៃក្រុមបះបោរ Boko Haram។
នេះគឺជាសេចក្តីប្រកាសដ៏សំខាន់លើកដំបូងហើយរបស់លោកប្រធានាធិបតី Muhammadu Buhari ក្នុងយុទ្ធនាការរយៈពេលប្រាំមួយឆ្នាំដើម្បីអនុវត្តច្បាប់ Sharia ដ៏តឹងរឹងទាក់ទងនឹងក្រុមអ៊ីស្លាមជ្រុលនិយម ដែលបានបំផ្លិចបំផ្លាញភាគឦសាននៃប្រទេសនេះ។
នៅក្នុងសុន្ទរកថាចូលកាន់តំណែងកាលពីខែមុន លោកបានប្រកាសថា បញ្ជាការដ្ឋានរបស់យោធានីហ្សេរីយ៉ាត្រូវបានផ្លាស់ប្តូរពីទីក្រុង Abuja ទៅកាន់ទីក្រុង Maiduguri ជាទីក្រុងដែលពួក Boko Haram បានចាប់ផ្តើមវាយប្រហារ ហើយបានព្យាយាមពង្រីកក្រុមរបស់ពួកគេម្តងហើយម្តងទៀត។
លោក Yan St. Pierre នៃក្រុមហ៊ុនសន្ដិសុខ MOSECON មានទីស្នាក់ការនៅទីក្រុងប៊ែកឡាំង បាននិយាយថា វាជាជំហានមួយដ៏វែងឆ្ងាយដែលមិនទាន់សម្រេចបាននៅឡើយសម្រាប់យោធានីហ្សេរីយ៉ា។
«នេះជាការផ្លាស់ប្តូរដ៏ធំមួយ។ បើតាមគំនិតរបស់ខ្ញុំ វាជាការវិវត្តដ៏ឆ្លាតវៃមួយ និងគួរតែត្រូវបានធ្វើជាយូរមកហើយ។ ទោះបីជា វាគ្រាន់តែជាការផ្លាស់ប្តូរបណ្តោះអាសន្នប៉ុណ្ណោះក៏ដោយ ប៉ុន្តែវាជាវិធីដ៏ល្អមួយ ដែលនឹងអាចកាត់បន្ថយការសម្រេចចិត្តតាមបែបការិយាធិបតេយ្យ។ វានឹងបង្កើនល្បឿននៃដំណើរការ ហើយវានឹងក្លាយជាការជំរុញមួយដល់ពួកទាហាន ដោយសារពួកគេដឹងថា មេបញ្ជាការពួកគេក៏ពិតជានៅនឹងកន្លែងនោះដែរ»។
លោក Buhari បានប្រើប្រាស់ករណីពួក Boko Haram ដើម្បីយកជ័យជម្នះលើអតីតប្រធានាធិបតី Goodluck Jonathan ដែលក្រោមការដឹមនាំរបស់អតីតប្រធានាធិបតី ក្រុម Boko Haram មួយនេះ អាចរាតត្បាតយ៉ាងទូលំទូលាយនៅភាគឦសាន។ ទើបតែក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ នៅមុនការបោះឆ្នោតប្រធានាធិបតីប្រទេសនីហ្សេរីយ៉ាកាលពីខែមីនា ដែលទឹកដីភាគច្រើនត្រូវបានវាយយកមកវិញ ដោយមានការជួយគាំទ្រពីទាហានមកពីប្រទេសជិតខាង និងទាហានស៊ីឈ្នួលបរទេស។
លោក Alkasim Abdulkadir អ្នកកាសែតឯករាជ្យ និងជាអ្នកវិភាគផ្នែកសន្តិសុខ និយាយថា ដោយសារបុគ្គលិករបស់លោកប្រធានាធិបតីឥឡូវនេះស្ថិតនៅក្នុងទីតាំងរបស់ពួកបះបោរនោះ លោក Buhari គួរតែអាចគ្រប់គ្រងបានលើការចំណាយប្រាក់ និងការប្រើប្រាស់យុទ្ធសាស្រ្ត ដែលពួកទាហានបានប្រើ។
«គ្មានការត្រួតពិនិត្យល្អិតល្អន់ទាល់តែសោះ ទាក់ទងនឹងការចំណាយផ្នែកការពារ ហើយក៏គ្មានការត្រួតពិនិត្យលើយុទ្ធសាស្រ្តដើម្បីប្រឆាំងនឹងពួកបះបោរទេ។ ដូច្នេះ អ្វីដែលយើងអាចមើលឃើញនៅទីនេះ គឺលោកប្រធានាធិបតី ដែលជាអតីតឧត្តមសេនីយ៍កងទ័ព។ គឺលោកដឹងថា តើរឿងទាំងនេះត្រូវរៀបចំដោយរបៀបណា»។
លោកប្រធានាធិបតី Buhari និងឧត្តមសេនីយ៍ជាច្រើនរបស់លោក បានកាត់បន្ថយការងាររបស់ពួកគេបានយ៉ាងច្រើន។ ចាប់តាំងពីការបើកសម្ពោធកាលពីថ្ងៃទី29 ខែឧសភាមក ក្រុមនេះបានធ្វើការវាយប្រហារជាច្រើន រួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាត និងការបាញ់គ្រាប់បែករ៉ុកកែតនៅក្នុងទីក្រុង Maiduguri ផងដែរ៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង