ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស៖​ កងទ័ព​នីហ្សេរីយ៉ា​រំលោភ​លើ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ


បុគ្គលិក​ជួយ​សង្គ្រោះ​នៅ​ទីកន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់​បែក​ឃាតកម្ម​នៅ​ផ្សារ​មួយ​នៅ​ក្នុង​ទីក្រុង Maiduguri នៃ​ប្រទេស​នីហ្សេរីយ៉ា កាលពីថ្ងៃអង្គារ ទី២ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថត៖ AP/Jossy Ola)
បុគ្គលិក​ជួយ​សង្គ្រោះ​នៅ​ទីកន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់​បែក​ឃាតកម្ម​នៅ​ផ្សារ​មួយ​នៅ​ក្នុង​ទីក្រុង Maiduguri នៃ​ប្រទេស​នីហ្សេរីយ៉ា កាលពីថ្ងៃអង្គារ ទី២ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថត៖ AP/Jossy Ola)

ប្រធានាធិបតី​ប្រទេស​នីហ្សេរីយ៉ា​បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​មិន​ទុក​ចោល​សំណុំ​រឿង​ណាមួយ​ឡើយ​ ដែល​ទាក់ទង​នឹង​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស។ ​

សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយពី​ការ​ចេញ​ផ្សាយ​សេចក្តី​រាយ​ការណ៍​ដ៏​រន្ធត់​មួយ​ពី​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ Amnesty International ដែល​ចោទ​ប្រកាន់​ថា​ មាន​ការ​រាលដាល​នូវ​ការ​ធ្វើ​ទារុណកម្ម​ ការ​រំលោភ​បំពាន​ និង​ការ​សម្លាប់​អ្នក​ទោស​ជាង​៨ពាន់​នាក់​ នៅ​ក្នុង​អំឡុង​ការ​វាយ​ប្រហារ​របស់​កង​យោធា​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម ​Boko Haram។​

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ​Amnesty International​ បាន​ប្រមូល​ខ្សែ​អាត់​វីដេអូ​អំពី​អំពើ​ឃោរឃៅ​ជា​ច្រើន​ និង​រូបភាព​ជា​ច្រើន​ដែល​បង្ហាញ​អំពី​ការ​រំលោភ​ និង​ការ​សម្លាប់​យ៉ាង​ជាក់ស្តែង ​ដែល​បាន​ប្រព្រឹត្ត​ដោយ​ពួក​កង​កម្លាំង​ទ័ព​នីហ្សេរីយ៉ា។​

នៅ​កន្លែង​ខ្លះ​ អ្នក​ទោស​ត្រូវ​បាន​វាយ​ដំ​ដល់​ស្លាប់​ នៅ​ក្នុង​កន្លែង​ខ្លះ​ទៀត​អ្នកទោស​ត្រូវ​បាន​បាញ់​សម្លាប់ ​ហើយ​បាន​បោះ​ចូល​ទៅ​ក្នុង​រណ្តៅ។ ​អង្គការ​ Amnesty International ​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ជន​រងគ្រោះ​ជាង​៤រយ​នាក់​ ក្រុម​សាក្សី​ផ្ទាល់​ភ្នែក​ និង​ក្រុម​សមាជិក​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​សន្តិសុខ។ ​លោក Daniel Eyre ​នៃ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​មាន​ប្រសាសន៍​ថា​ ការ​ស្លាប់​របស់​អ្នក​ទោស​ភាគ​ច្រើន​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ពេល​ឃុំឃាំង។​

«យើង​បាន​រក​ឃើញ​ថា មនុស្ស​ជាង​៧ពាន់​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​ឃុំឃាំង​របស់​យោធា​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នីហ្សេរីយ៉ា​ នៅ​ក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​រន្ធត់​ជា​ទីបំផុត។ ​ពួក​គេ​ស្លាប់​ដោយ​ការ​អត់​អាហារ​ ដោយ​ការ​អត់​ទឹក​ ដោយ​ការ​ខ្វះ​ការ​ថែទាំ​ខាង​ពេទ្យ។ ​អ្នក​ទោស​ជាច្រើន​បាន​រង​ទារុណ​កម្ម»។‍​

ភស្តុតាង​របស់​អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ ក៏​ចង្អុល​បង្ហាញ​ផង​ដែរ​អំពី​ការ​សម្លាប់​អ្នក​ទោស​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាទូទៅ។

អ្នក​ទោស​ខ្លះ​ត្រូវ​បាន​ព្យួរ​ក​លើ​បង្គោល​ និង​ព្យួរ​លើ​គំនរ​ភ្លើង​ ហើយ​ខ្លះ​ទៀត​ត្រូវ​ទម្លាក់​ទៅ​ក្នុង​រណ្តៅ ​ដោយ​មាន​ស្នាម​អារ​ក ​ឬ​បាញ់​សម្លាប់។​

«បុរស​ និង​ក្មេង​ប្រុស​ច្រើន​ជាង​១២០០​នាក់​ត្រូវ​បាន​សម្លាប់​ខុស​ច្បាប់​ដោយ​ពួក​យោធា​នីហ្សេរីយ៉ា។ ចំនួន​នោះ​មាន​រួម​មាន​ករណី​ ដូច​ហេតុការណ៍​ដែល​បាន​កើត​ឡើង ​ក្រោយពី​ការ​វាយ​ប្រហារ​នៅ​តំបន់ ​Giwa Barracks​ ជា​កន្លែង ​ដែល​ជន​ជាប់​ឃុំឃាំង​ចំនួន​ជាង​៦៤០នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ពេល​មួយ​ថ្ងៃ។​ ហើយ​សេចក្តី​រាយការណ៍​របស់​យើង​បង្ហាញ​ថា​ មេ​ដឹកនាំ​ថ្នាក់​លើ​នៃ​កង​យោធា​នីហ្សេរីយ៉ាបាន​ដឹង​អំពី​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ​ ហើយ​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ ដើម្បី​បញ្ឈប់​ក្រុម​ទាំង​នោះ​ឡើយ»។‍​

លោក ​Mahammadu Buhari ​ប្រធានាធិបតី​ប្រទេស​នីហ្សេរីយ៉ា​ បាន​បញ្ចេញ​ប្រតិកម្ម​លើក​ដំបូង​របស់​លោក​ចំពោះ​របាយ​ការណ៍​តាម​ប្រព័ន្ធ ​Twitter​ ដោយ​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​មិន​ទុក​ចោល​ករណី​ណាមួយ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទេ ​ដើម្បី​លើក​ស្ទួយ​នីតិរដ្ឋ ​និង​ដោះស្រាយ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។​

ស.រ.អា.ដែល​ធ្លាប់​មាន​ចំណង​មិត្តភាព​ដ៏​តឹងតែង​ជាមួយ​លោក ​Goodluck Jonathan ​ដែល​ជា​អ្នក​កាន់តំណែង​មុន​លោក​ប្រធានាធិបតី​ Buhari​ បាន​ឲ្យ​សញ្ញា​ជា​ការ​ត្រៀម​ជាស្រេច​ ដើម្បី​ពង្រីក​សហ​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ Boko Haram។ ​ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ក្រុម​សម្ព័ន្ធ​មិត្ត​បស្ចឹម​ប្រទេសរបស់​ប្រទេស​នីហ្សេរីយ៉ា​ ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទាំង​ស្រុង ចំពោះ​ការចោទ​ប្រកាន់​អំពីឧក្រិដ្ឋ​កម្ម​សង្គ្រាម​ទាំង៕

ប្រែ​សម្រួល​ដោយ អ្នកស្រី នុច សារីតា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG