អ្នកកាសែតជនជាតិអង់គ្លេសម្នាក់គឺលោក Gerald Flynn ដែលតែងតែរាយការណ៍ព័ត៌មានរសើបអំពីបញ្ហាបរិស្ថាននៅកម្ពុជាត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជា។
ការហាមឃាត់នេះត្រូវបានអង្គការដែលធ្វើការលើវិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសចាត់ទុកថា ជាការវាយប្រហារដែលមានចេតនាមិនល្អយ៉ាងច្បាស់ក្រឡែតទៅលើសារព័ត៌មាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារ ដោយមានការចូលរួមគាំទ្រដោយអង្គការប្រមាណ ២០ស្ថាប័ន ក្នុងនោះមានសមាគមខេមបូចា ក្លឹប OPCC និងអង្គការ Reporters Without Borders។
សេចក្តីថ្លែងការណ៍បានលើកឡើងថា អ្នកកាសែតលោក Gerald Flynn ដែលរស់នៅក្នុងប្រទេសកម្ពុជាច្រើនឆ្នាំមកហើយ ត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជាវិញ ដោយសារលោកបានរាយការណ៍ព័ត៌មានរសើប និងស៊ើបអង្កេតក្នុងប្រទេស។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «យើងថ្កោលទោសចំពោះការសម្រេចតាមអំពើចិត្តនេះ និងអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យសម្របសម្រួលជាបន្ទាន់ ដើម្បីឲ្យលោកអាចត្រឡប់ចូលមកកម្ពុជាវិញ ដើម្បីលោកអាចបន្តការងាររបស់លោក»។
លោក Flynn ត្រូវបានបដិសេធមិនឲ្យចូលកម្ពុជាវិញ ពេលលោកចុះពីលើយន្តហោះនៅព្រលានយន្តហោះខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីលោកធ្វើដំណើរមកពីប្រទេសថៃ។
បើតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល អាជ្ញាធរនៅព្រលានយន្តហោះខេត្តសៀមរាបបានប្រាប់លោក Flynn ថា ទិដ្ឋាការឬវីហ្សារបស់លោក«ក្លែងក្លាយ» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «មន្រ្តីប្រាប់លោក Flynn ថា លោកមិនត្រូវបានអនុញ្ញាតឲ្យចូលមកកម្ពុជាទៀតឡើយ ដោយសារលោកត្រូវបានដាក់ក្នុងបញ្ជីខ្មៅ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤»។
រដ្ឋាភិបាលកម្ពុជាអះអាងថា លោក Flynn មិនត្រូវបានអនុញ្ញាតឲ្យចូលប្រទេសកម្ពុជា ដោយសារលោកបានដាក់ពាក្យសម្រាប់សុំទិដ្ឋាការ បញ្ជាក់មុខរបរខុស គឺដាក់ថាជា«ជាងភ្លើង» មិនមែនជាអ្នកកាសែតឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍។
មុនត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជា លោក Flynn ត្រូវបានសម្ភាសដោយសារព័ត៌មានបារាំងឈ្មោះ France24 ដែលនិយាយអំពីការទូទាត់ឥណទានកាបូននៅតំបន់ជួរភ្នំក្រវាញក្នុងប្រទេសកម្ពុជា ដែលក្រោយមករដ្ឋាភិបាលបានទាត់ចោលការលើកឡើងនៅក្នុងវីដេអូនោះថាជា«ព័ត៌មានក្លែងក្លាយ»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល។
ថ្មីៗនេះ លោក Flynn បានរាយការណ៍សម្រាប់សារព័ត៌មានអន្តរជាតិដែលផ្តោតលើបរិស្ថាន និងមានមូលដាននៅអាមេរិក គឺ Mongabay។ លោកបានរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ ការនេសាទខុសច្បាប់ និងគម្រោងកាបូនក្នុងប្រទេសកម្ពុជា។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមខេមបូចា ប្រាប់វីអូអេថា ការហាមប្រាមមិនឲ្យអ្នកកាសែតបរទេសចូលប្រទេសកម្ពុជា ប៉ះពាល់ដល់ស្ថានភាពសេរីភាពសារព័ត៌មានក្នុងប្រទេស ដែលលោកថាកំពុងថមថយរួចទៅហើយ។ លោកបន្តថា ការហាមប្រាមនេះក៏ប៉ះពាល់ការចូលរួមចំណែករបស់លោក Flynn ឬគេស្គាល់ឈ្មោះថា Gerry នៅក្នុងការរាយការណ៍ព័ត៌មានអំពីបញ្ហាបរិស្ថានក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «យើងចង់ឃើញការឆ្លើយតបជាវិជ្ជមាន ហើយការចូលរួមនៅក្នុងការផ្តល់ជាដំណោះស្រាយជាជាងការបដិសេធមិនឲ្យលោក Gerry ចូលក្នុងប្រទេសកម្ពុជា។ ហើយការឆ្លើយតបគឺការពិនិត្យនិងការឆ្លើយតបចំពោះចំណុចដែលអាជ្ញាធររដ្ឋលោកយល់ឃើញថាមានការខ្វះខាត ក៏ដូចជាបញ្ហាដែលកើតមានឡើងចំពោះរឿងវីហ្សារបស់គាត់បាទ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលថ្កោលទោសការបណ្តេញអ្នកកាសែតបរទេសចេញពីកម្ពុជា អង្គការសង្គមស៊ីវិលបានលើកឡើងអំពីការបាញ់ប្រហារអ្នកកាសែតនៅខេត្តសៀមរាបកាលពីកន្លងទៅ ការឃាត់ខ្លួនសកម្មជនបរិស្ថាន ៦ នាក់កាលពិខែវិច្ឆិកា ឆ្នាំមុន និងការចាប់ឃុំខ្លួនលោក ម៉ិច ដារ៉ា ដែលតែងរាយការណ៍អំពីការជួញដូរមនុស្សក្នុងប្រទេសកម្ពុជា។ អង្គការស្នើឲ្យរដ្ឋាភិបាលត្រូវតែបញ្ឈប់ការបង្កជាឧបសគ្គដល់អ្នកកាសែតនៅក្នុងប្រទេស តាមរយៈការចាប់ចងតាមអំពើចិត្ត ការបំភិតបំភ័យ និងការយាយី។
អ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ សុមនា ប្រាប់វីអូអេថា អាជ្ញាធរកម្ពុជាបានហាមឃាត់លោក Flynn មិនឲ្យចូលកម្ពុជា តាមការស្នើសុំរបស់ក្រសួងការបរទេសកម្ពុជា។ លោកបន្ថែមថា គោលបំណងការងារក្នុងប្រទេសកម្ពុជាដែលលោក Flynn ស្នើសុំខុសពីអាជីពកាសែតដែលលោកកំពុងបំពេញ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ជុំ សុន្ទរី អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជាបាននៅឡើយទេ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់វីអូអេថា ក្រសួងមិនទាន់បានទទួលព័ត៌មានផ្លូវការនិងកំពុងតាមដានករណីនេះ។
លោក Gerald Flynn ដែលមានតួនាទីជាប្រធានក្លឹបសារព័ត៌មានមួយនៅកម្ពុជាដែលមានឈ្មោះថា Overseas Press Club of Cambodia ឬហៅថា OPCC ប្រាប់វីអូអេនៅថ្ងៃអង្គារថា អ្វីដែលកើតឡើងចំពោះលោកមិនអាចបង្អាក់លោកពីការបន្តរាយការណ៍អំពីបរិស្ថាននៅក្នុងប្រទេសកម្ពុជានិងតំបន់ឡើយ។ លោកសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងផ្លាស់ប្តូរការសម្រេចចិត្ត ដោយអនុញ្ញាតឲ្យលោកចូលប្រទេសកម្ពុជាវិញ។
លោកបញ្ជាក់ថា៖ «បើទោះបីវាជាពេលវេលាខ្មៅងងឹតសម្រាប់ខ្ញុំនិងសម្រាប់សារព័ត៌មានក្នុងប្រទេសកម្ពុជា ខ្ញុំជឿជាក់ថា នៅមានអ្នកកាសែតដែលក្លាហាន មានជំនាញក្នុងប្រទេសកម្ពុជាដែលមិនខ្លាចលាតត្រដាងការពិត»៕
វេទិកាបញ្ចេញមតិ