ច្បាប់នេះមានគោលបំណងដើម្បីបន្ធូរបន្ថយដល់តម្លៃផ្ទះដែលកើនឡើងមិនអាចទប់បានកន្លងមកដែលបានធ្វើឲ្យប្រជាពលរដ្ឋនូវែលសេឡង់ជាច្រើនមិនមានលទ្ធភាពទិញផ្ទះរស់នៅបាន។
រដ្ឋាភិបាលប្រទេសនូវែលសេឡង់ដែលគ្រប់គ្រងដោយគណបក្សពលកម្មនូវែលសេឡង់ជឿថា វិនិយោគិនបរទេសបានធ្វើឲ្យអ្នករកទិញផ្ទះ និងក្រុមគ្រួសាររបស់ពួកគេមិនមានលទ្ធភាពទិញផ្ទះនៅក្នុងស្ថានភាពទីផ្សារអចលនទ្រព្យបច្ចុប្បន្ននេះបានទេ។
កាលពីឆ្នាំមុន តម្លៃផ្ទះជាមធ្យមនៅទូទាំងប្រទេសនូវែលសេឡង់បានកើនឡើងចំនួន ៥,៨ ភាគរយ គឺកើនរហូតដល់ចំនួន ៤ សែន ៥ ពាន់ ៤៦៥ ដុល្លារអាមេរិកសម្រាប់ផ្ទះមួយខ្នង។
រីឯនៅក្នុងរដ្ឋធានីវែលីងតោន (Wellington) វិញ តម្លៃផ្ទះបានកើនឡើងជាង ១៨ ភាគរយ នៅក្នុងរយៈពេលមួយឆ្នាំគិតមកទល់ខែមិថុនា ឆ្នាំ ២០១៧ ដែលធ្វើឲ្យអ្នកដែលមានបំណងចង់ទិញផ្ទះភាគច្រើនគ្មានលទ្ធភាពអាចទិញផ្ទះបាន។
អ្នករកទិញផ្ទះម្នាក់បាននិយាយថា៖ «ខ្ញុំជួលផ្ទះនៅ ហើយថ្លៃជួលមានតម្លៃថ្លៃ។ ខ្ញុំមិនដឹងថាតើខ្ញុំអាចមានលទ្ធភាពទិញផ្ទះបានឬក៏អត់នោះទេ។ ខ្ញុំចង់ទិញផ្ទះ»។
ចំណែកឯអ្នករកទិញផ្ទះម្នាក់ទៀតបាននិយាយថា៖ «ខ្ញុំមើលទៅលើកូនៗ និងក្រុមគ្រួសារខ្ញុំ ក៏ដូចជាកូនៗរបស់មិត្តភក្ដិខ្ញុំ ហើយខ្ញុំពិតជាយល់ពីអារម្មណ៍របស់ពួកគេ ពីព្រោះខ្ញុំជឿថា ដោយសារតែទីផ្សារអចលនទ្រព្យ បានជាពួកគេមិនអាចមានផ្ទះនៅបាន»។
កាលពី ២៥ ឆ្នាំមុន ប្រជាពលរដ្ឋនូវែលសេឡង់ចំនួន ៧៥ ភាគរយ មានផ្ទះផ្ទាល់ខ្លួនរស់នៅ។ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ មានតែប្រជាពលរដ្ឋចំនួន ៦៤ ភាគរយតែប៉ុណ្ណោះដែលមានផ្ទះផ្ទាល់ខ្លួន ហើយចំនួននេះកំពុងតែធ្លាក់ចុះជាលំដាប់។
អត្រាការប្រាក់ទាប បរិមាណផ្ទះតិចតួច និងការធ្វើអន្តោប្រវេសន៍ក៏បានធ្វើឲ្យតម្លៃផ្ទះកើនឡើងផងដែរ។ ការដាក់កំហិតមិនឲ្យជនបរទេសកាន់កាប់អចលនទ្រព្យប្រភេទផ្ទះសម្បែងរស់នៅ ត្រូវបានសាកល្បងធ្វើនៅតាមបណ្ដាប្រទេសផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ Norman Gemmell ប្រធានដេប៉ាតឺម៉ង់ហិរញ្ញវត្ថុសាធារណៈនៃសាកលវិទ្យាល័យ Victoria។
លោក Norman Gemmell និយាយយ៉ាងដូច្នេះថា៖ «ប្រទេសស្វ៊ីសប្រហែលជាឧទាហរណ៍មួយនៃការហាមឃាត់មិនឲ្យជនបរទេសមានសិទ្ធិអាចកាន់កាប់អចលនទ្រព្យនៅក្នុងប្រទេសបាន។ បើតាមការអះអាងសមហេតុសមផលបែបសេដ្ឋកិច្ច ប្រសិនបើវិនិយោគិនបរទេសជាច្រើនចង់វិនិយោគនៅក្នុងប្រទេសនូវែលសេឡង់ ហើយប្រសិនបើចំណុចនេះធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងប្រទេសមិនអាចមានលទ្ធភាពទិញផ្ទះបាន នោះយើងគួរតែគិតស្វែងរកវិធីមួយដើម្បីបែងចែកចំនួនផ្ទះនៅក្នុងប្រទេសឲ្យបានត្រឹមត្រូវ»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នករិះគន់នានាបានអះអាងថា វិនិយោគិនបរទេសជះឥទ្ធិពលតិចតួចប៉ុណ្ណោះចំពោះតម្លៃអចលនទ្រព្យ។ ប៉ុន្តែ រដ្ឋមន្ត្រីពាណិជ្ជកម្មនូវែលសេឡង់លោក David Parker បាននិយាយថា ការដាក់កំហិតនេះមិនត្រឹមតែសំដៅទៅលើតម្លៃអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែទៅលើភាពយុត្តិធម៌ផងដែរ។
លោក David Parker បាននិយាយថា៖ «ខ្ញុំមិនមែនវាយប្រហារទៅលើបុគ្គលណាមួយនោះទេ។ ខ្ញុំព្យាយាមការពារប្រជាពលរដ្ឋនូវែលសេឡង់ពីភាពហួសកម្រិតនៃមូលធននិយមសាកលលោក។ វាជាការពិតដែលរបាយការណ៍របស់លោក Thomas Picardy និងរបាយការណ៍របស់អង្គការ Oxfam បានបង្ហាញអំពីធនធានរបស់ពិភពលោកដែលធ្លាក់ចូលទៅក្នុងដៃរបស់មនុស្សមួយក្រុមតូចដែលមានចំនួនប្រហែលមួយភាគរយប៉ុណ្ណោះនៅក្នុងពិភពលោកយើងនេះ។ ប្រសិនបើអ្នកចង់រក្សាការគាំទ្រចំពោះអ្នកសេរីនិយម ឬក៏អ្នកចង់បើកចិត្តឲ្យទូលាយទៅកាន់ពិភពលោកខាងក្រៅ អ្នកត្រូវតែការពារប្រជាពលរដ្ឋក្នុងប្រទេសរបស់អ្នកទប់ទល់ជាមួយនឹងភាពហួសកម្រិតនៃមូលធននិយមសាកលលោកទាំងនោះ»។
កន្លងមក វិនិយោគិនចិនគឺជាអ្នកទិញអចលនទ្រព្យច្រើនជាងគេបំផុតនៅក្នុងប្រទេសនូវែលសេឡង់។ អ្នកធ្វើអត្ថាធិប្បាយផ្នែកនយោបាយលោក Bryce Edwards បានបញ្ជាក់ថា ច្បាប់ថ្មីនេះឆ្លុះបញ្ចាំងឲ្យឃើញអំពីភាពមិនអាចអត់ទ្រាំបាននៅក្នុងចំណោមប្រជាពលរដ្ឋ ក៏ដូចជាក្ដីបារម្ភអំពីមូលធននិយមហួសកម្រិត។
លោក Bryce Edwards បាននិយាយថា៖ «តាំងពីមានវិបត្តិហិរញ្ញវត្ថុសាកលលោកកើតឡើងក្នុងឆ្នាំ ២០០៨ មក យើងឃើញមានការកើនឡើងបន្តិចបន្តួចនូវទស្សនៈឲ្យមានកំណែទម្រង់ទាំងស្រុងនៅក្នុងនយោបាយប្រទេសនូវែលសេឡង់។ គេឃើញមានការផ្ដោតច្រើនលើពួកអ្នកមានថាប្រហែលជាអ្នកដែលបង្កឲ្យមានបញ្ហាមួយចំនួនកើតឡើងដូចសព្វថ្ងៃនេះ។ យើងឃើញមានការផ្ដោតច្រើនលើភាពមិនស្មើគ្នា ដូច្នេះហើយបានជាមានការផ្ដោតច្រើនថាពួកអ្នកមានជាអ្នកបង្កឲ្យមានបញ្ហានេះកើតឡើង។ ហើយក៏ប្រហែលជាមានបញ្ហារើសអើងជនបរទេស ឬក៏ការរើសអើងជាតិសាសន៍ផងដែរ។ អ្នកដឹងទេថា សព្វថ្ងៃនេះមានជនជាតិអាស៊ីជាច្រើនបានចូលមកក្នុងប្រទេសនូវែលសេឡង់ មិនថាពួកគេចូលមកវិនិយោគ ឬក៏មករស់នៅនោះទេ គឺធ្វើឲ្យប្រជាពលរដ្ឋនូវែលសេឡង់មានមន្ទិលសង្ស័យអំពីរឿងនេះ»។
ទោះបីជាមានការបន្ថែមការដាក់កំហិត និងភាពស្រពិចស្រពិលផ្នែកនយោបាយក៏ដោយ ក៏តម្លៃអចលនទ្រព្យពិតប្រាកដនៅក្នុងប្រទេសនូវែលសេឡង់នៅតែបន្តកើនឡើងដដែល។ សម្រាប់មនុស្សភាគច្រើន ក្ដីសុបិនរបស់ប្រជាពលរដ្ឋនូវែលសេឡង់ក្នុងការមានផ្ទះរស់នៅខ្លួនឯងគឺជារឿងដែលនឹងមិនងាយកើតឡើងជារៀងរហូត៕
ប្រែសម្រួលដោយ ភី សុភាដា