នៅក្នុងឯកសារដែលមានតួអក្សរចំនួន៣៧.០០០ពាក្យ (តួអក្សរចិន) នេះ ប្រទេសចិនបាននិយាយតិចតួចអំពីការឆ្លើយតបពីដំបូងរបស់ខ្លួនចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ បើតាមអ្នកវិភាគមួយចំនួន មានរឿងរ៉ាវជាច្រើនទាក់ទងចំពោះអ្វីដែលបានកើតមានឡើងក្នុងទីក្រុង Wuhan ដែលជាកន្លែងដំបូងនៃការផ្ទុះឡើងនៃជំងឺរាតត្បាតជាសកលនេះចាប់ផ្តើមនោះមានលក្ខណៈផ្ទុយគ្នាទៅនឹងអ្វីដែលជាការលើកឡើងរបស់វេជ្ជបណ្ឌិតចិនដែលជាអ្នកប្រកាសឱ្យដឹងពីជំងឺនេះកាលពីដំបូង។ ប្រទេសចិនបានអះអាងនៅក្នុងឯកសារនេះថា មេរោគនេះត្រូវបានគេរាយការណ៍ឱ្យដឹងពីដំបូងក្នុងទីក្រុង Wuhan នៅក្នុងខែធ្នូ។
អ្នកវិភាគបន្ថែមទៀតថា ឯកសារនេះគឺគ្មានអ្វីក្រៅពីជាឧបករណ៍សម្រាប់ការសរសេររឿងរ៉ាវបកស្រាយជាផ្លូវការរបស់ប្រទេសចិននោះទេ ដែលជាផ្នែកមួយនៃយុទ្ធនាការនៃការឃោសនាជាសាកល ដើម្បីបង្វែរការស្តីបន្ទោស ដែលនេះនឹងមិនអាចឱ្យសហគមន៍អន្តរជាតិមានការជឿជាក់នោះទេ។
សៀវភៅសដ៏វែង
អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលកោះតៃវ៉ាន់ លោក Twu Shiing-jer បានថ្លែងប្រាប់ VOA ក្នុងសម្តីដើមថា «ប្រទេសចិនបានព្យាយាមគេចចេញពីការទទួលខុសត្រូវ និងបានបដិសេធជាញឹកញាប់ចំពោះការលាក់បំបាំងការពិត។ចំពោះតួលេខរបស់ចិននៅក្នុងសៀវភៅសនេះ អ្នកអាចដឹងថា ប្រទេសចិននៅតែព្យាយាមលាក់បំបាំងការពិត»។
លោក Twu បានឱ្យដឹងទៀតថា ឯកសារនេះមិនបានបង្ហាញថាតើចិនបានចាត់ចែងដោះស្រាយចំពោះការផ្ទុះឡើងនៃជំងឺនេះ ដោយរបៀបណានោះទេ មុនថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដែលមានរយៈជិត១ខែកន្លះ បន្ទាប់ពីតួលេខរបស់រដ្ឋាភិបាលចិនបានបង្ហាញថា ករណីទីមួយនៃជំងឺកូរ៉ូណាក្នុងប្រទេសចិនដែលត្រូវបានគេបញ្ជាក់ថាពិតនោះ អាចកើតមានឡើងតាំងពីពាក់កណ្តាលខែវិច្ឆិកាមកម៉្លេះ។
ការរាតត្បាតជាសាកល ដែលបានសម្លាប់មនុស្សជាង៤សែននាក់នេះអាចត្រូវបានជៀសវាងប្រសិនបើប្រទេសចិនបានប្រាប់ទៅអង្គការសុខភាពពិភពលោកមួយខែមុន ពោលគឺដើមខែធ្នូ ឆ្នាំ២០១៩ នេះបើយោងតាមអតីតរដ្ឋមន្រី្តក្រសួងសុខាភិបាលកោះតៃវ៉ាន់លោក Twu Shiing-jer។
ការបដិសេធរបស់ចិនក្នុងការបង្ហាញនូវកំហុសរបស់ខ្លួន ជាពិសេសការធ្វើឱ្យគេយល់ខុសដោយសារការបិទបាំងរបស់ខ្លួនកាលពីដំបូងទីនោះនឹងមិនជួយដល់ក្រុមអ្នកវិទ្យាសាស្រ្តក្នុង និងក្រៅប្រទេសចិន ដើម្បីដាក់ចេញនូវវិធានការតឹងរ៉ឹងណាមួយក្នុងការទប់ស្កាត់នូវជំងឺថ្មីៗទៀត នេះបើយោងតាមសម្តីរបស់លោក Twu ។ លោកបន្ថែមទៀតថា ការកុហករបស់ចិនមានលេចចេញកាន់តែច្រើននៅក្នុងឯកសារ។
ការកុហកច្រើនថែមទៀត?
នៅក្នុងជំពូកទី១នៃសៀវភៅសនោះមានចំណងជើងថា «ការប្រយុទ្ធប្រឆាំងរបស់ចិនចំពោះជំងឺរាតត្បាត៖ ការសាកល្បងនឹងភ្លើង» ប្រទេសចិនបាននិយាយថាខ្លួនបានស្នើឱ្យពលរដ្ឋ ក្នុងទីក្រុង Wuhan ពាក់ម៉ាសការពារ និងបានប្រកាសជាសាធារណៈពីជំងឺរាតត្បាតនេះ នៅថ្ងៃទី៣១ ខែធ្នូ ហើយបើទោះបីយ៉ាងនេះក៏ដោយ ចិនបានរង់ចាំរហូតដល់ថ្ងៃទី២០ ខែមករា មុននឹងបញ្ជាក់ថាវីរុសកូរ៉ូណានេះអាចឆ្លងពីមនុស្សទៅមនុស្ស។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ការលើកឡើងរបស់វេជ្ជបណ្ឌិតចិនចំនួន២រូប ដែលជាអ្នកប្រកាសឱ្យដឹងពីមេរោគនេះកាលពីដំបូង គឺលោកស្រីវេជ្ជបណ្ឌិត Ai Fen និងលោកវេជ្ជបណ្ឌិត Li Wenliang នៃមន្ទីរពេទ្យកណ្តាលក្នុងទីក្រុង Wuhan មានលក្ខណៈផ្ទុយគ្នាចំពោះអ្វីដែលប្រទេសចិនបានលើកឡើងនៅក្នុងសៀវភៅសនេះ។
លោកស្រីវេជ្ជបណ្ឌិត Ai បានប្រាប់សារព័ត៌មានក្នុងស្រុកក្នុងពេលមួយនោះថា អ្នកគ្រប់គ្រងមន្ទីរពេទ្យបានប្រាប់លោកស្រីមិនឱ្យនិយាយរឿងនេះ ហើយសហការីរបស់លោកស្រីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់មិនត្រូវបានលើកទឹកចិត្តឱ្យពាក់ម៉ាស ឬសម្លៀកបំពាក់ការពារជំងឺនោះទេ រហូតដល់ចុងខែមករា។
ប៉ូលិសក្នុងទីក្រុង Wuhan ក៏បានព្រមានដល់លោកវេជ្ជបណ្ឌិត Li និងសហការីរបស់គាត់ចំនួន៧នាក់ផ្សេងទៀតពីបទចែកផ្សាយនូវពាក្យចចាមអារ៉ាមនៅថ្ងៃទី៣ ខែមករា បន្ទាប់ពីពួកគេបានប្រកាសពីសញ្ញាអាសន្ននៃវីរុសនេះ។ លោកវេជ្ជបណ្ឌិត Li បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែកុម្ភៈ ដោយបន្សល់ទុកនូវពាក្យសម្តីចុងក្រោយរបស់លោកថា «វាគួរតែមានសំឡេងលើសពីមួយនៅក្នុងសង្គមមួយដែលមានសុខភាពល្អប្រសើរនោះ»។
នៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីផ្សព្វផ្សាយសៀវភៅសនេះ លោក Xu Lin រដ្ឋមន្រ្តីការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋចិនបានបដិសេធពីការលាក់បាំងនានា ដោយបញ្ជាក់ថា «ការចោទប្រកាន់ទាំងនេះ គ្មានមូលដ្ឋានត្រឹមត្រូវ គ្មានហេតុផល និងបង្ហាញនូវភាពមិនគោរពចំពោះវិទ្យាសាស្រ្ត។
អត្រាខ្ពស់នៃការព្យាបាលជាសះស្បើយ
ចំណុចសំខាន់មួយចំនួនទៀតនៅក្នុងរបាយការណ៍នោះ រួមមានប្រទេសចិនលើកឡើងពីអំនួតរបស់ខ្លួនក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ដែលមានចំនួន៩៤,៣% នៅពេលដែលអ្នកស្លាប់មានចំនូន៤.៦៤៣នាក់ ក្នុងចំណោមអ្នកជំងឺប្រមាណ ៨៣.០១៧នាក់ គិតត្រឹមចុងខែឧសភា ឆ្នាំ២០២០នេះ។
ប្រទេសចិនក៏បានលើកឡើងផងដែរថា គ្រប់អ្នកជំងឺទាំងអស់ទទួលបានការព្យាបាលដោយមិនគិតថ្លៃ ដែលរដ្ឋាភិបាលចិនបានចេញលុយប្រមាណ១៩០លានដុល្លារអាមេរិក សម្រាប់អ្នកជំងឺដែលបានសម្រាកក្នុងមន្ទីរពេទ្យជិត៥៩.០០០នាក់ នៅពេលដែលថ្នាំបុរាណចិនត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ចំនួន៩២%។
ប្រទេសចិនក៏បានលើកពីគុណសម្បតិ្តរបស់ខ្លួនផងដែរ ក្នុងការផ្តល់ក្រុមគ្រូពេទ្យជំនាញចំនួន២៩ក្រុមទៅកាន់ប្រទេសចំនួន២៧ និងការជួយដល់ប្រទេសចំនួន១៥០ និងអង្គការអន្តរជាតិចំនួន៤។
ពលរដ្ឋចិនមួយចំនួនដែលនិយមប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតអបអរសាទរចំពោះការលើកឡើងជាផ្លូវការរបស់រដ្ឋាភិបាលចិននៅក្នុងសៀវភៅសនេះ។
មនោសញ្ចេតនាជាតិនិយម
នៅលើបណ្តាញសង្គមចិនឈ្មោះ Weibo ដែលមានភាពស្រដៀងគ្នានឹងបណ្តាញសង្គម Twitter ដែរនោះ សារបញ្ចេញយោបល់ ឬ comment បែបជាតិនិយមជាច្រើន ដូចជា «ខ្ញុំស្រលាញ់ប្រទេសចិន។ ចិនជាប្រទេសដ៏អស្ចារ្យដោយមានប្រជាជនដ៏អស្ចារ្យរបស់ខ្លួន» ឬ «ប្រទេសចិនគិតគូរពីជិវិតពលរដ្ឋរបស់ខ្លួនលើសអ្វីៗទាំងអស់។ មូលធននិយមអាមេរិក ចាត់ទុកសំឡេងឆ្នោតសំខាន់ជាងរឿងអ្វីៗផ្សេងៗទៀតទាំងអស់» ជាដើម ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Weibo របស់ចិន ។
ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គម Weibo ខ្លះក៏បានធ្វើការរិះគន់ផងដែរ។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានសួរថា «តើយើងបានភ្លេចនូវអ្វីដែលបានកើតឡើងក្នុងក្រុង Wuhan ក្នុងដំណាក់កាលដំបូងៗហើយ ឬយ៉ាងណា? តើនេះវាជាការលឿនពេកទេដឹងក្នុងការទទួលយកនូវគុណសម្បត្តិ (ឬការសរសើរខ្លួនឯង) ទាំងនេះ?»។ អ្នកផ្សេងម្នាក់ទៀតបានលើកឡើងយ៉ាងដូចនេះថា «តើអ្នកគិតថា ពិភពលោកនឹងជឿជាក់មន្រ្តីរបស់ចិន នៅពេលដែលគេនិយាយថា មិនមានការលាក់បាំងអ្វីនោះ ហើយពន្យារពេលក្នុងការឆ្លើយតបចំពោះការរាតត្បាតនេះ?»។
លោក Ross Feingold អ្នកវិភាគនយោបាយដែលមានមូលដ្ឋានក្នុងទីក្រុងតៃប៉ិបានឱ្យដឹងថា ឯកសារនេះគ្រាន់តែជាឯកសារកំណត់ហេតុរបស់ចិនប៉ុណ្ណោះ ក្នុងការឆ្លើយតបចំពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជាឯកសារសម្រាប់អ្នកនយោបាយ អ្នកការទូត និងប្រព័ន្ធផ្សព្វ ផ្សាយរបស់ចិន សម្រាប់ប្រើប្រាស់ជាមូលដ្ឋាននៅពេលគេនិយាយការពារដល់ប្រទេសចិន។
លោកថា ឯកសារសៀវភៅសនេះមានការប៉ះពាល់តិចតួចប៉ុណ្ណោះទៅលើទស្សនៈយល់ឃើញរបស់ពិភពលោកចំពោះប្រទេសចិន។
លោក Ross Feingold បន្ថែមក្នុងសម្តីដើមថា៖ «សារប្រភេទនេះរបស់ចិននឹងមិនធ្វើឱ្យមានការផ្លាស់ប្តូរនូវមាគ៌ានយោបាយជាសាធារណៈក្នុងសហរដ្ឋអាមេរិកទេ បើទោះបីជាមានការកើនឡើងនូវមតិស្របគ្នាទាំងនៅក្នុងគណបក្សប្រជាធិបតេយ្យ ឬគណបក្សសារធារណរដ្ឋ ឬក្នុងមជ្ឈដ្ឋានវិស័យនានា ឬអ្នកពាក់ព័ន្ធផ្សេងៗទៀតអំពីថាតើត្រូវប្រកាន់យកជំហរដោយរបៀបណានូវទំនាក់ទំនងជាមួយប្រទេសចិននោះ»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ