ក្រុមរុករកដែលមានឈ្មោះថា Pike River Recovery Agency បានបញ្ជាក់ថា ក្រុមគ្រួសាររបស់ជនរងគ្រោះសប្បាយចិត្ តនៅពេលក្រុមអ្នកជំនាញបានត្រឡប់មកពីអណ្តូងរ៉ែវិញ ដោយពួកគេបានចូលទៅទីនោះជាលើកដំបូង ចាប់តាំងពីពេលដែលសោកនាដកម្មបានកើតឡើងកាលពី ៩ ឆ្នាំមុនមក។ ក្រុមអ្នកជំនាញខាងរុករកនេះនឹងចំណាយពេលជាច្រើនខែដើម្បីធ្វើកិច្ចការនេះ។
ការចូលទៅក្នុងអណ្ដូងរ៉ែឡើងវិញនេះជាព្រឹត្តិការណ៍ដែលមិនសូវបានផ្សព្វផ្សាយច្រើននោះទេសម្រាប់គ្រួសារជនរងគ្រោះ ដោយសារតែពួកគេបានស្នើសុំឲ្យមានការរក្សាការសម្ងាត់។
អ្នកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់ បាននិយាយថា៖ «តាមការស្នើសុំរបស់គ្រួសារជនរងគ្រោះ យើងនឹងប្រគល់ការងារនេះឲ្យទៅក្រុមរុករក [Pike River Recovery Agency] ឲ្យប្រកាស និងគ្រប់គ្រងបញ្ហានេះរហូតដល់ពេលទីភ្នាក់ងារនេះដោះរបាំងចុងក្រោយ ដើម្បីបង្ហាញពីការចាប់ផ្តើមចូលទៅក្នុងអណ្តូងរ៉ែម្តងទៀត។ នេះជាអ្វីដែលយើងបានប្រគល់ឲ្យពួកគេគ្រប់គ្រង។ សម្រាប់ការស្នើសុំរបស់ក្រុមគ្រួសារជនរងគ្រោះ ព្រឹត្តិការណ៍នេះនឹងមិនធ្វើជាសាធារណៈនោះទេ ប៉ុន្តែពួកគេនឹងទទួលបានការជូនដំណឹងគ្រប់ពេល។ ខ្ញុំគិតថា វាសក្តិសមក្នុងការធ្វើតាមសំណូមពររបស់ក្រុមគ្រួសារជនរងគ្រោះ»។
ក្រុមរុករក Pike River Recovery Agency បានចំណាយពេលមួយឆ្នាំដើម្បីត្រៀមចូលទៅក្នុងអណ្ដូងរ៉ែឡើងវិញ។ ក្រុមនេះត្រូវបំបែករបាំងបេតុងដែលបិទអណ្តូងរ៉ែនេះ បន្ទាប់មានគ្រោះមហន្តរាយក្នុងឆ្នាំ ២០១០ កើតឡើងមក និងធ្វើយ៉ាងណាឲ្យមានខ្យល់ចេញចូលតាមផ្លូវចូលក្នុងអណ្តូងរ៉ែនេះ។
បេសកកម្មចូលទៅក្នុងអណ្ដូងរ៉ែនៅកោះភាគខាងត្បូងនេះកាលពីលើកមុនៗត្រូវបានពន្យារពេល។ កិច្ចប្រឹងប្រែងនាពេលថ្មីៗបំផុតមួយត្រូវបានលុបចោលកាលពីពេលថ្មីៗនេះ បន្ទាប់ពីគេរកឃើញថាអុកស៊ីសែនមានកម្រិតមិនធម្មតា។
គេបានរាយការណ៍ថា រដ្ឋាភិបាលនូវែលសេឡង់កំពុងចំណាយប្រាក់ចំនួន ២៣ លាន ៥ សែនដុល្លារអាមេរិក ដើម្បីចូលទៅក្នុងអណ្ដូងរ៉ែនោះឡើងវិញ និងដើម្បីស៊ើបអង្កេតពីអ្វីដែលបានកើតឡើងនៅថ្ងៃកើតហេតុ។ រដ្ឋាភិបាលមុន បានប្រាប់សាច់ញាតិជិតដិតរបស់ជនរងគ្រោះថា វាមានគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការព្យាយាមចូលទៅក្នុងអណ្ដូងរ៉ែដើម្បីយកសាកសពរបស់ជនរងគ្រោះ។
ការស៊ើបអង្កេតមួយបានរកឃើញថា ប្រព័ន្ធសុវត្ថិភាពនៅក្នុងអណ្តូងរ៉ែមិនមានគ្រប់គ្រាន់ ហើយគេមិនបាន «យកចិត្តទុកដាក់» ចំពោះការរាយការណ៍អំពីកម្រិតឧស្ម័នមេតានដែលមានច្រើនហួសហេតុទេ។
ជនរងគ្រោះភាគច្រើនជាជនជាតិនូវែលសេឡង់ រីឯជនរងគ្រោះផ្សេងទៀតមកពីប្រទេសអូស្ត្រាលី និងអង់គ្លេស។ ជនរងគ្រោះក្មេងបំផុតដែលបានស្លាប់គឺលោក Joseph Dunbar។ លោក Joseph Dunbar ឈានចូលវ័យ១៧ឆ្នាំ នៅមុនថ្ងៃកើតហេតុ និងបានស្លាប់នៅវេនធ្វើការក្នុងអណ្ដូងរ៉ែលើកទីមួយរបស់ខ្លួន។
ហេតុការណ៍គ្រោះមហន្តរាយក្នុងអណ្ដូងរ៉ែកាលពីឆ្នាំ ២០១០ នេះ គឺជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសនូវែលសេឡង់ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ