ពលរដ្ឋអ៊ីស្រាអែលបីនាក់បានស្លាប់នៅក្នុងរលកថ្មីមួយនៃការបាញ់និងចាក់សម្លាប់ដោយពលរដ្ឋប៉ាលេស្ទីននៅក្រុងហ៊្សេរុយសាឡិម និងនៅកន្លែងផ្សេងទៀត។
ការវាយប្រហារដែលកាន់តែឡើងកម្តៅរបស់ប៉ាលេស្ទីនទៅលើជនស៊ីវិលអ៊ីស្រាអែលបានកើតឡើងក្នុងគ្រាដែលដំណើរការសន្តិភាពនៅទ្រឹងនៅឡើយ។ ការចរចាសន្តិភាពបានបរាជ័យកាលពីឆ្នាំមុន ដោយបានធ្វើឲ្យជនជាតិប៉ាលេស្ទីនមានការស្រងាកចិត្ត និងខកចិត្តចំពោះគោលបំណងរបស់ពួកគេក្នុងការបង្កើតរដ្ឋឯករាជ្យមួយ។
លោក ម៉ូសេ អាមីរ៉ាវ (Moshe Amirav) អ្នកវិភាគអ៊ីស្រាអែលជឿថា អ៊ីស្រាអែល គួរតែចាត់វិធានការការទូតមុនគេ។
«ការដែលយើងគ្មានដំណើរការនយោបាយណាមួយនឹងនាំមកនូវអំពើហិង្សាកាន់តែច្រើនឡើងៗ។ ហើយវាស្រេចតែយើងទេ។ យើង(អ៊ីស្រាអែល) គឺជាប្រជាជាតិដ៏ខ្លាំងមួយ។ យើងកំពុងត្រួតត្រាតំបន់វ៉េសប៊ែង (West Bank) និងហ្សេរុយសាឡិម (Jerusalem)។ វាស្រេចតែយើងក្នុងការផ្តួចផ្តើមគំនិតថ្មីៗនិងការរៀបចំនានា ជាមួយពួកប៉ាលេស្ទីន»។
ប្រទេសអ៊ីស្រាអែលនិយាយថា ខ្លួនបានរៀបចំខ្លួនរួចជាស្រេចហើយក្នុងការវិលទៅរកតុចរចានៅថ្ងៃនេះ ដោយគ្មានលក្ខណ្ឌជាមុនណាមួយឡើយ។ ប៉ុន្តែក្រុមប៉ាឡេស្ទីននិយាយថា ការពង្រីកការតាំងលំនៅដ្ឋានរបស់អ៊ីស្រាអែលនៅតំបន់វ៉េសប៊ែង និងការប្រកែករបស់អ៊ីស្រាអែលមិនព្រមដកថយទៅកាន់ព្រំដែនកាលពីឆ្នាំ១៩៦៧វិញនោះ មានន័យថា គ្មានអ្វីដែលត្រូវនិយាយគ្នាទេ។
កិច្ចចរចាសន្តិភាពដូចអំពិលអំពែកទាំងនេះបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៣ ប៉ុន្តែក្រុមប៉ាឡេស្ទីនមានអារម្មណ៍ថា ពួកគេគ្មានអ្វីដែលត្រូវលើកឡើងសម្រាប់ការចរចា ហើយហេតុដូច្នេះក៏គ្មានអ្វីដែលត្រូវបាត់បង់ដែរ។
សែប អេរ៉េកាត់ (Saeb Erekat) អ្នកនាំពាក្យប៉ាលេស្ទីន និយាយថា អំពើហិង្សាគឺជា«លទ្ធផលពីធម្មជាតិ»នៃគោលនយោបាយរបស់រដ្ឋាភិបាលរបស់អ៊ីស្រាអែល និងការកាន់កាប់របស់អ៊ីស្រាអែល។
នៅពេលដែលគ្មានអ្នកកាន់កាប់ឬគ្រប់គ្រងនយោបាយ អំពើហិង្សានឹងឡើងកម្តៅ។ បន្ថែមពីលើរលកនៃការវាយប្រហារថ្មីៗនេះ ក៏មានការប៉ះទង្គិចគ្នាជារៀងរាល់ថ្ងៃរវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមប៉ាឡេស្ទីន នៅក្នុងតំបន់វ៉េសប៊ែង និងព្រំដែនកាហ្សាផងដែរ។ ស្ថានភាពនេះបានបង្កើនភាពភ័យខ្លាចអំពីការងើបឡើងបះបោររបស់ក្រុមប៉ាឡេស្ទីនជាលើកទី៣៕
ប្រែសម្រួលដោយ សាយ មុន្នី