លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា Ash Carter ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីស្ទង់មើលអំពីសេចក្តីត្រូវការខាងសន្តិសុខរបស់ប្រទេសនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងបរមាណូអន្តរជាតិជាប្រវត្តិសាស្ត្រជាមួយប្រទេសអ៊ីរ៉ង់។
លោករដ្ឋមន្ត្រីការពារប្រទេសអាមេរិកាំងមានកំណត់នឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahuដែលបានហៅកិច្ចព្រមព្រៀងដែលរារាំងប្រទេសអ៊ីរ៉ង់មិនឲ្យអភិវឌ្ឍអាវុធបរមាណូថាជា «កំហុសជាប្រវត្តិសាស្ត្រ» ហើយបានអំពាវនាវឲ្យមានការច្រានចោលកិច្ចព្រមព្រៀងនេះនៅក្នុងសភាស.រ.អាផងដែរ។
លោក Carter បានមានប្រសាសន៍នៅមុនការធ្វើដំណើររបស់លោកថាលោកគ្មានបំណងនឹងប្រែក្រឡាស់ការជំទាស់របស់លោក Netanyahu ដល់កិច្ចព្រមព្រៀងនេះទេ ក៏ប៉ុន្តែលោកសង្ឃឹមថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការខាងយោធារវាងស.រ.អា និងប្រទេសអ៊ីស្រាអែល។
លោក Carter ក៏នឹងជួបជាមួយលោករដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែល Moshe Yaalonនិងក្រុមឧត្តមសេនីយ៍អ៊ីស្រាអែល ដែលកំពុងទៅសួរសុខទុក្ខ ក្រុមទាហាន នៅក្នុងប៉ែកខាងជើងនៃប្រទេស នៅពេលដែលពួកគេពិចារណាអំពីការគម្រាមកំហែង ដែលកំពុងតែមានដល់សន្តិសុខរបស់ប្រទេស និងអំពីការលក់អាវុធទំនើបៗរបស់ស.រ.អាទៅឲ្យពួករដ្ឋអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែកស្សផងដែរ៕