លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បន្តអំពាវនាវដល់សមាជិកសភាស.រ.អា.ឱ្យគាំទ្រកិច្ចព្រមព្រៀងបរមាណូអ៊ីរ៉ង់ដោយលោកគូសបញ្ជាក់ថា ស.រ.អា.នៅតែអាចចាត់វិធានការខាងយោធា ឬដាក់បញ្ចូលការដាក់ទណ្ឌកម្មជាថ្មីឡើងវិញប្រឆាំងនឹងរដ្ឋាភិបាលក្រុងតេហេរ៉ង់ (Tehran) ប្រសិនបើរដ្ឋាភិបាលនេះរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
លោកអូបាម៉ាបានសរសេរនៅក្នុងសំបុត្រមួយកាលពីថ្ងៃទី១៩ ខែសីហា ផ្ញើទៅឱ្យអ្នកតំណាងរាស្ត្រ Jerrold Nadler ដែលជាអ្នកប្រជាធិបតេយ្យប្រចាំរដ្ឋ New York ថា «ប្រសិនបើប្រទេសអ៊ីរ៉ង់ស្វះស្វែងឱ្យមានអាវុធបរមាណូ មានជម្រើសជាច្រើនដែលស.រ.អា.អាចដាក់លើប្រទេសនេះឡើងវិញ រួមមានទាំងយន្តការផ្នែកយោធា ដែលស.រ.អា.អាចប្រើប្រាស់បានក្នុងកំឡុងពេលនៃកិច្ចព្រមព្រៀង និងនៅពេលបញ្ចប់កិច្ចព្រមព្រៀង»។
លិខិតនោះក៏ចែងដែរថា ស.រ.អា.ប្រុងប្រៀបបង្កើនការផ្តល់ប្រាក់កាសដល់កិច្ចការពារប្រឆាំងនឹងកាំជ្រួចផ្លោងរបស់ប្រទេសអ៊ីស្រាអែល (Israel) ដែលបានជំទាស់យ៉ាងខ្លាំងដល់កិច្ចព្រមព្រៀងបរមាណូរវាងប្រទេសអ៊ីរ៉ង់ និងពួកប្រទេសមហាអំណាច។
កាលពីថ្ងៃសុក្រ លោក Nadler បានគាំទ្រដល់កិច្ចព្រមព្រៀងបរមាណូនេះដោយលោកបាននិយាយថា ក្នុងឋានៈជា «ជនជាតិអាមេរិកាំងអំបូរជ្វីពម្នាក់ និងជាសមាជិកម្នាក់នៃគណបក្សប្រជាធិបតេយ្យ និងជាអ្នកគាំទ្រខ្លាំងម្នាក់ដល់ប្រទេស អ៊ីស្រាអែល» កិច្ចព្រមព្រៀងនេះផ្តល់ឱ្យយើងនូវឱកាសល្អបំផុតដើម្បីបញ្ឈប់អ៊ីរ៉ង់មិនឱ្យអភិវឌ្ឍអាវុធបរមាណូ៕