ប្រទេសវៀតណាមបានបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្តីថ្មី ហើយសភាដែលកាន់ត្រានៅក្នុងប្រទេសនេះ បានអនុម័តនៅថ្ងៃព្រហស្បតិ៍នេះ សម្រេចជ្រើសរើសលោក Nguyen Xuan Phuc ដែលគេបានរំពឹងទុកជាមុនរួចទៅហើយ ព្រោះលោកគឺជាបេក្ខជនតែម្នាក់គត់ដែលគណបក្សកុម្មុយនិស្តបានជ្រើសរើសនៅក្នុងសមាជបក្សកាលពីខែមករាកន្លងទៅនេះ។
លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា «នៅចំពោះមុខទង់ជាតិរបស់មាតុភូមិ នៅចំពោះមុខសភា នៅចំពោះមុខប្រជាជនវៀតណាម ខ្ញុំសូមស្បថថា នឹងស្មោះស្ម័គ្រចំពោះប្រទេសជាតិ ប្រជាជន និងរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម។ ខ្ញុំសន្យាថា នឹងព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការបំពេញភារកិច្ច និងបេសកកម្មដែលគណបក្ស រដ្ឋាភិបាល និងប្រជាជនតម្រូវឲ្យធ្វើ»។
អតីតឧបនាយករដ្ឋមន្រ្តីវ័យ៦១រូបនេះ បន្តតំណែងពីលោក Nguyen Tan Dung ដែលបានចុះចេញពីតំណែងបន្ទាប់ពីបានកាន់អំណាចអស់រយៈពេល១ទសវត្សរ៍។
លោក Dung បានធ្វើកំណែទម្រង់សេដ្ឋកិច្ចមួយចំនួនដែលបានជួយប្រទេសវៀតណាមឲ្យទាក់ទាញវិនិយោគបរទេសថ្មី ហើយលោកក៏បានចេញមុខនិយាយប្រឆាំងនឹងការពង្រីកវិសាលភាពរបស់ចិនដ៏គឃ្លើននៅសមុទ្រចិនខាងត្បូងផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏បានពង្រឹងចំណងទាក់ទងជាមួយនឹងសហរដ្ឋអាមេរិកទៀតផង។
ក៏ប៉ុន្តែលោក Dung ក៏ចុះចេញដោយបន្សល់ទុកនូវបំណុលរដ្ឋជាច្រើន អំពើពុករលួយដ៏សុះសាយ និងសហគ្រាសរបស់រដ្ឋដែលដំណើរការដោយមិនមានប្រសិទ្ធភាពផងដែរ។
លោក Nguyen Xuan Phuc គឺជាបុគ្គលមានអំណាចម្នាក់នៅក្នុងរដ្ឋាភិបាលវៀតណាមដែលមានមេដឹកនាំកំពូល៣នាក់ ជាមួយនឹងលោកអគ្គលេខាធិការគណបក្ស Nguyen Phu Trong និងលោកប្រធានាធិបតី Tran Dai Quang។ លោក Trong ដណ្តើមបានអាសនៈមួយនៅក្នុងគណៈកម្មការមជ្ឈឹមបក្សពីលោក Nguyen Tan Dung នៅក្នុងពេលធ្វើសមាជបក្សកាលពីខែមករា។ លោក Tran ត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យចូលកាន់តំណែងកាលពីសប្តាហ៍មុន៕