ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ថ្មី​នៃ​តុលាការ​កំពូល​ស.រ.អា.​ប្តេជ្ញា​ថា​ធ្វើការ​ដោយ​ឯករាជ្យ​និង​មិន​លម្អៀង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​លោក Brett Kavanaugh ចៅក្រម​តុលាការ​កំពូល​ នៅ​មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​លោក Brett Kavanaugh ចៅក្រម​តុលាការ​កំពូល​ នៅ​មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។

នៅ​ក្រោយ​ដំណើរ​ការ​តែងតាំង​មាន​ភាព​រអាក់រអួល​នៅ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​ដែល​បាន​បណ្តាល​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ជូរ​ចត់​មក លោក Brett Kavanaugh ដែល​ជា​សមាជិក​ថ្មី​បំផុត​នៃ​តុលាការ​កំពូល​ស.រ.អា.​បាន​ប្តេជ្ញា​ថា​នឹង​ពិចារណា​អំពី​ករណី​ទាំង​អស់​ដោយ​ការ​គោរព​និង​ដោយ​បើក​ចិត្ត​ទូលាយ។​

នៅ​ក្រោយ​ពិធី​ស្បថសច្ចាប្រណិធាន​នៅ​មុន​លោក​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ដំបូងនៅ​ថ្ងៃ​អង្គារ​នេះ លោក​ Kavanaugh បាន​និយាយ​នៅ​ក្នុង​បន្ទប់​ខាង​កើត​នៃ​សេតវិមាន​ថា «ជនជាតិ​អាមេរិកាំង​ទាំង​អស់​អាច​ត្រូវ​ធានារ៉ាប់រង​ថា​ខ្ញុំ​នឹង​ក្លាយ​ជា​ចៅក្រម​ម្នាក់​ឯករាជ្យ​និង​មិន​លម្អៀង»។

សមាជិក​៨​នាក់ទៀត​នៃ​តុលាការ​ខ្ពស់​បំផុត​នៃ​ស.រ.អា. សមាជិក​ព្រឹទ្ធសភាស.រ.អា.​មួយ​ចំនួន​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សារៈសំខាន់​ក្នុង​ដំណើរ​ការ​តែងតាំង​នេះ​ និង​ប្រធានាធិបតី​ Donald Trump បាន​ចូល​រួមក្នុង​ពិធី​នេះ​នៅ​ពេល​ដែល​លោក Anthony Kennedy ចៅក្រម​តុលាការ​កំពូល​ចូល​និវត្តន៍​បាន​អាន​ពាក្យ​សម្បថ​ចូល​កាន់​តំណែង​ឱ្យ​លោក Kavanaugh ថា​តាម។​

លោក Kavanaugh បាន​ប្រកាស​ថា​ «ដំណើរការ​តែង​តាំង​មាន​ការ​ខ្វែង​គំនិត​គ្នា​និង​ការ​រំជួល​ចិត្ត​ខ្លាំង។​ នៅ​ពេល​នេះ​ការណ៍​ទាំង​នេះ​ចប់អស់​ហើយ»។

លោក Kavanaugh បាននិយាយ​បន្ថែម​ថា​តុលាការ​កំពូល​ «ជា​ស្ថាប័ន​មួយ​មិន​ប្រកាន់​គណបក្ស ឬ​មិន​មែន​ជា​ស្ថាប័ន​នយោបាយ​ទេ» ដោយ​លោក​បាន​សន្យា​ថា​ជា «អ្នក​បំពេញ​ការងារ​ជាក្រុម​នៅ​ក្នុង​ក្រុម​មួយ​មាន​សមាជិក​៩នាក់»។

លោក​ Kavanaugh ក៏​បាន​ប្រកាស​ដែរ​ថា​ស្មៀន​ផ្នែក​ច្បាប់​ទាំង​បួន​នាក់​របស់​លោក​ជា​ស្ត្រី «ដែល​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិ​របស់​តុលាការ​កំពូល​អាមេរិកាំង»៕

XS
SM
MD
LG