ការសិក្សាស្រាវជ្រាវថ្មីមួយដែលស្ទង់មតិប្រជាពលរដ្ឋនៅក្នុងប្រទេសជាសមាជិកអាស៊ាន ដែលមានកម្ពុជាផងនោះ បានបង្ហាញថា ប្រសិនបើសមាគមអាស៊ានត្រូវបានបង្ខំឱ្យជ្រើសរើសរវាងមហាអំណាចចិន និងអាមេរិក ភាគច្រើនពួកគេជ្រើសរើសយកសហរដ្ឋអាមេរិក។
របាយការណ៍ដែលសិក្សាក្នុងចំណោមមនុស្សប្រមាណ១៣០៨នាក់ ដែលជាប្រជាជនក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០បង្ហាញថា ចំនួន៦១%នៃអ្នកចូលរួមការស្ទង់មតិនេះឆ្លើយថានឹងជ្រើសរើសយកសហរដ្ឋអាមេរិក។ ការសិក្សាបញ្ជាក់ថា ជម្រើសសម្រាប់ចិនបានធ្លាក់ចុះពី៤៣%មកនៅ៣៨,៩% បើប្រៀបធៀបនឹងការសិក្សាកាលពីឆ្នាំ២០២២។
ការស្ទង់មតិថ្មីនេះធ្វើឡើងដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ Yusof Ishak ដែលមានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ដល់ខែមករា ឆ្នាំ២០២៣។ ការស្ទង់មតិបង្ហាញថា បញ្ហាប្រឈមធំៗចំនួន៣ ដែលសមាគមអាស៊ានដែលមានកម្ពុជាជាសមាជិក កំពុងតែប្រឈម និងមានក្តីបារម្ភ។ មតិ៨២%បានលើកឡើងថា ខ្លួនខកចិត្តនឹងការដែលអាស៊ានធ្វើការយឺតយ៉ាវ និងមិនមានប្រសិទ្ធភាព ដែលការណ៍នេះមិនអាចដោះស្រាយការវិវឌ្ឍស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចបានឡើយ។
មតិ៧៣%នៃអ្នកចូលរួមស្ទង់មតិបារម្ភពីគ្រោះថ្នាក់នៃការដែលអាស៊ានក្លាយជាតំបន់នៃការប្រកួតប្រជែងរបស់មហាអំណាច និងថា រដ្ឋជាសមាជិករបស់សមាគមនេះក្លាយជារដ្ឋអាយ៉ងរបស់មហាអំណាចទាំងនោះ។
ពាក់ព័ន្ធនឹងចំណុចនេះ អ្នកចូលរួមការស្ទង់មតិដែលជាជនជាតិកម្ពុជាមានភាគរយច្រើនជាងគេ គឺរហូតដល់៨៤%។
លទ្ធផលនៃការស្ទង់មតិបង្ហាញទៀតថា មតិ៦០%នៃអ្នកចូលរួមស្ទង់មតិយល់ថា អាស៊ានកំពុងតែបែកបាក់គ្នាកាន់តែខ្លាំង។ បើតាមការស្ទង់មតិនេះ បញ្ហានេះអាចបណ្តាលមកពីជំហរផ្សេងគ្នាទៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងកង្វះនូវសាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាដែលជារដ្ឋសមាជិកអាស៊ានមួយដែរ។
ការស្ទង់មតិដដែលបានបង្ហាញថា ចិនមានឥទ្ធិពលខ្លាំងជាងគេនៅក្នុងតំបន់ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ត្រ ខណៈអាមេរិកនៅក្រោមចិន។ ទោះជាយ៉ាងណាក្តី ការរីកឥទ្ធិពលរបស់ចិនបានបង្កជាក្តីបារម្ភសម្រាប់អ្នកចូលរួមការស្ទង់មតិមួយនេះ។
លោករ៉ឹម សុខវី សហស្ថាបនិក The Thinker Cambodia ដែលជាវេទិកាវិភាគគោលនយោបាយ និងជាអ្នកវិភាគមួយរូប ប្រាប់វីអូអេថា ទោះបីជាចិនមានឥទ្ធិពលខ្លាំងជាងគេនៅក្នុងតំបន់អាស៊ានក្តី ប៉ុន្តែការដែលអ្នកចូលរួមការស្ទង់មតិបង្ហាញការរើសយកអាមេរិក បើសិនជាមានការបង្ខំឱ្យជ្រើសរើសយកមហាអំណាចណាមួយនោះ គឺដោយសារតែគុណតម្លៃរបស់អាមេរិក ដូចជាការគោរពនូវលទ្ធិប្រជាធិបតេយ្យនៅតែស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាជននៅក្នុងតំបន់អាស៊ាន។
បើតាមអ្នកវិភាគរូបនេះ ជាធម្មជាតិរបស់អាស៊ានបង្កើតឡើងមកមិនអាចដោះស្រាយបញ្ហា ឬក៏ការវិវឌ្ឍនៅក្នុងតំបន់បានឡើយ ដោយសារតែវាពាក់ព័ន្ធជាមួយគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក។ លោកបន្ថែមថា ការប្រកួតប្រជែងរបស់មហាអំណាចបានធ្វើឱ្យអាស៊ានមានការបែកបាក់គ្នា ដោយសារតែប្រទេសជាសមាជិកអាស៊ានទាំងនោះជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានផលប្រយោជន៍ចែកគ្នាទៅលើមហាអំណាចទាំងពីរ។
បើតាមលោកសុខវី រដ្ឋាភិបាលចិនបានវិនិយោគច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែមានបញ្ហាជាច្រើនបានកើតឡើងដោយសារតែចិនដែរ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាអន្ទាក់បំណុលដែលកំពុងតែត្រូវបានពិភាក្សា គ្រាប្រទេសដែលរកស៊ីជាមួយចិនហាក់មិនសូវចំណេញ ជាពិសេសពាក់ព័ន្ធជាមួយការមិនមានតម្លាភាពនៃការវិនិយោគរបស់ចិន។
លោកបញ្ជាក់ថា៖ «បើយើងមើលរាល់ថ្ងៃ យើងដឹងថា ចិនជាប្រទេសមួយដែលមានការវិនិយោគច្រើននៅក្នុងតំបន់អាស៊ី។ ក៏ប៉ុន្តែបើយើងមើលទៅ នៅខណៈនោះផងដែរ ចិនជាប្រទេសមួយដែលមានបញ្ហាច្រើនជាមួយអាស៊ាន ដូចជាបញ្ហាសមុទ្រចិនខាងត្បូង។ ហើយយើងមើលបញ្ហាមួយទៀតពាក់ព័ន្ធជាមួយអន្ទាក់បំណុលអ៊ីចឹង។ បើទោះបីអន្ទាក់បំណុលនៅតែជាបញ្ហាដែលកំពុងតែពិភាក្សាគ្នាថា តើវាអាចមានឡើងមែនអត់ ក៏ប៉ុន្តែបើយើងមើលទៅប្រទេសដែលរកស៊ីជាមួយចិនភាគច្រើនដូចជាមិនសូវចំណេញ មានន័យថា វាជួបបញ្ហាដូចជារឿងនយោបាយ»។
សាស្ត្រាចារ្យវិទ្យាស្ថាននយោបាយ លោកឯម សុវណ្ណារ៉ាកត់សម្គាល់ថា ការដែលអ្នកចូលរួមស្ទង់មតិជ្រើសរើសអាមេរិកគឺដោយសារតែប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីប្រទេសមហាអំណាចមួយនេះជាជាងចិន។ ពាក់ព័ន្ធនឹងភាពងាយបែកបាក់នៃសមាគមអាស៊ាន លោកថ្លែងថា៖ «ប្រសិនបើអាស៊ាននៅរក្សាជំហរអព្យាក្រឹតដូចក្នុងធម្មនុញ្ញរបស់អាស៊ាន ប្រហែលជាអាចបញ្ចៀសបាននូវបញ្ហាបែកបាក់គ្នា»។
បើតាមលោកឯម សុវណ្ណារ៉ា មេដឹកនាំអាស៊ាននៅមិនទាន់អនុវត្តបានពេញលេញទៅតាមធម្មនុញ្ញរបស់ខ្លួនឡើយ ខណៈលោកជំរុញឱ្យពិចារណាឡើងវិញពីផលប្រយោជន៍ដែលទទួលបានពីការប្រកាន់នូវភាពជាកណ្តាល៕