ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​ថ្មី​របស់​អ.ស.ប.​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​បង្ហាញ​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»​ អំពី​កំណើន​អំពើ​ហិង្សា


រូបឯកសារ៖ បាតុករ​កាន់​បដា​រូបមេដឹកនាំ​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​គេ​ទម្លាក់​ពី​តំណែងគឺលោកស្រី Aung San Suu Kyi ​ ក្នុងអំឡុងពេល​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ បាតុករ​កាន់​បដា​រូបមេដឹកនាំ​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​គេ​ទម្លាក់​ពី​តំណែងគឺលោកស្រី Aung San Suu Kyi ​ ក្នុងអំឡុងពេល​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

បេសកជន​ពិសេស​ថ្មី​របស់​អ.ស.ប.​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ​អ្នកស្រី​«ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»អំពី​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​នៅក្នុង​ប្រទេស​ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​សម្រាប់​ឆ្នាំ​ថ្មី​រវាង​យោធា​និង​ក្រុម​ប្រឆាំង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការតវ៉ា​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ​ត្រូវ​បាន​បង្រ្កាប​យ៉ាង​បង្ហូរ​ឈាម​ដោយ​មនុស្ស​ជាង១៣០០នាក់​ត្រូវ​បាន​សម្លាប់​និង​ជាង​១ម៉ឺន​១​ពាន់​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។​ នេះ​បើយោង​តាម​ក្រុម​ឃ្លាំមើល​ក្នុង​ស្រុក។

កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ដឹកនាំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​គឺ​អាស៊ាន​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​មាន​ដំណើរ​ការទៅ​មុខ​តិចតួច​រហូត​មក ដល់​ពេល​នេះ ដោយ​មេ​ដឹកនាំ​យោធា​មិន​ព្រម​ទាក់ទង​ជាមួយ​ចលនា​ប្រឆាំង។

បេសកជន​ពិសេស​របស់​អ.ស.ប.​អ្នកស្រី Noeleen Heyzer «មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​កើនឡើង​នៃ​អំពើ​ហិង្សា​នៅក្នុង​រដ្ឋ Kayin និង​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​មីយ៉ាន់ម៉ា»។ អ្នកស្រី​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​លើក​ទីមួយ​របស់​អ្នកស្រី​ចាប់តាំង​ពី​បាន​ចូល​កាន់​តំណែង​នេះ។

អ្នកស្រី​ក៏​បាន​អំពាវនាវ​ឱ្យ«គ្រប់ភាគី​អនុញ្ញាត​ឱ្យ​មាន​ការផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​រួមទាំង​អ្នក​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ភៀសខ្លួន​ពី​អំពើ​ហិង្សា»និង​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​ព្រមព្រៀងឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ឆ្នាំ​ថ្មី។

កាលពី​ថ្ងៃ​អាទិត្យ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ម្នាក់​បាន​និយាយ​ថា លោក​មាន​ការ«រន្ធត់» ដោយ​បាន​ឃើញ​របាយ​ការណ៍​គួរឱ្យ​ទុក​ចិត្ត​ថា យ៉ាង​ហោច​ណាស់​ជន​ស៊ីវិល ​៣៥​នាក់​ត្រូវ​បាន​សម្លាប់​និង​សាកសព​របស់​ពួកគេ​ត្រូវ​បាន​ដុត​ក្នុង​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​បុណ្យ​មុន​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ភាគខាង​កើត​ប្រទេស​មីយ៉ាន់ម៉ា​ ហើយ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត។

បុគ្គលិក​ពីរ​នាក់​របស់​អង្គការ​មិន​រក​ប្រាក់​កម្រៃ​គឺ​អង្គការ Save the Children នៅតែ​បាត់​ខ្លួន​នៅឡើយ។ រថយន្ត​របស់ពួក​នៅ​ក្នុង​ចំណោម​រថយន្ត​ជាច្រើន​ដែល​ត្រូវ​បាន​វាយ​ប្រហារ​និង​ឆេះ​នៅក្នុង​ឧបទ្ទវហេតុ​នៅ​ក្នុង​រដ្ឋ Kayah។ អង្គការ Save the Children បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា «យោធា​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​បាន​បង្ខំ​ឱ្យ​មនុស្ស​ចេញពី​រថយន្ត​របស់​ពួកគេ។ អ្នកខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​អ្នកខ្លះ​ត្រូវ​សម្លាប់​និង​ដុត»។

អង្គការ​សប្បុរសធម៌​នេះ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នៅ​តែ​ស៊ើប​អង្កេត​ឧបទ្ទវហេតុ​នេះ។ មាន​ការ​ប៉ះ​ទង្គិច​ថ្មីៗក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​រវាង​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​និង​យោធា​នៅ​ក្នុង​រដ្ឋ Kayin ដែល​ត្រូវ​បាន​ហៅ​ថារដ្ឋ Karen។ ការប៉ះទង្គិច​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់ពាន់​នាក់​ភៀសខ្លួន​ចូល​ទៅក្នុង​ប្រទេស​ថៃ​ដែល​នៅ​ជិតខាង។

អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​របប​យោធា​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​សប្តាហ៍​មុន​ថា​ យោធា​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​យុទ្ធជន​សហភាព​ជាតិ Karen និង​សមាជិក«កង​កម្លាំង​ការពារ​ប្រជាជន»​ក្នុង​ស្រុក​ដែល​បាន​ក្រោក​ឡើង​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋប្រហារ៕

XS
SM
MD
LG