មន្ត្រីអង្គការសហប្រជាជាតិម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា លោកមានការតក់ស្លុតអំពីសេចក្តីរាយការណ៍ដែលអាចទុកចិត្តបានថា ជនស៊ីវិលយ៉ាងតិចណាស់ក៏៣០នាក់ដែរ បានត្រូវគេសម្លាប់ហើយសាកសពរបស់ពួកគេបានត្រូវគេដុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានទាមទារឲ្យរដ្ឋាភិបាលចាប់ផ្តើមស៊ើបអង្កេតទៅលើរឿងនេះ។ នេះបើតាមសេចក្តីរាយ ការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
បុគ្គលិក២នាក់ដែលធ្វើការឲ្យអង្គការជួយសង្គ្រោះកុមារឬ Save the Childrenដែលជាអង្គការក្រៅរដ្ឋាភិបាលនោះនៅតែបាត់ខ្លួនបន្ទាប់ពីរថយន្តរបស់ពួកគេបានស្ថិតនៅក្នុងចំណោមមនុស្សជាច្រើនដែលត្រូវបានរងការវាយប្រហារនិងដុតកំទិចនៅក្នុងឧបទ្ទវហេតុនៅរដ្ឋ Kaya ភាគខាងកើតប្រទេសមីយ៉ាន់ម៉ានោះ។
ក្រុមឃ្លាំមើលនិងបណ្តាញព័ត៌មានក្នុងស្រុក បានស្តីបន្ទោសការវាយប្រហារនោះទៅលើពួកយោធា។
លោក Martin Griffiths អគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «ខ្ញុំថ្កោលទោសចំពោះឧបទ្ទវហេតុដ៏ទុក្ខព្រួយនេះនិងការវាយប្រហារទាំងអស់ប្រឆាំងនឹងជនស៊ីវិលនៅទូទាំងប្រទេសមីយ៉ាន់ម៉ា»។
លោកបានអំពាវនាវឲ្យមាន«ការស៊ើបអង្កតឲ្យបានល្អិតល្អន់និងប្រកបដោយតម្លាភាព»។
មីយ៉ាន់ម៉ា បានស្ថិតនៅក្នុងភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក ដោយមានមនុស្សជាង១ពាន់៣រយនាក់បានត្រូវសម្លាប់ដោយកងកម្លាំងសន្តិសុខ។ នេះបើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
កងកម្លាំងការពាររបស់ប្រជាពលរដ្ឋឬ PDF បានករកើតឡើងនៅទូទាំងប្រទេសដើម្បីប្រយុទ្ធប្រឆាំងពួកយោធាហើយធ្វើឲ្យពួកយោធាធ្លាក់ចូលក្នុងការប៉ះទង្គិចបង្ហូរឈាមនិងការវាយប្រហារតបតវិញ។
កាលពីថ្ងៃសៅរសប្តាហ៍មុន រូបថតដែលបានបង្ហាញនៅលើបណ្តាញព័ត៌មានសង្គមបានបង្ហាញរថយន្តធំ២គ្រឿងនិង រថយន្តធម្មតាមួយគ្រឿងបានឆេះនៅលើផ្លូវ Highway នៅក្នុងទីប្រជុំជន Hpruso ក្នុងរដ្ឋ Kayah ដោយមានសាកសពមនុស្សនៅក្នុងរថយន្តទាំងនោះ៕