ការស្ទង់មតិចុងក្រោយបំផុតមួយក្នុងចំណោមពលរដ្ឋជាងមួយពាន់នាក់នៅរាជធានីភ្នំពេញនិងខេត្តចំនួន៤ផ្សេងទៀតបានរកឃើញថាពួកគេជ្រើសរើសយកប្រទេសចិនច្រើនជាងសហរដ្ឋអាមេរិក តែក៏មានការចោទសួរអំពីវិធីសាស្ត្ររើសគំរូស្ថិតិមកវាយតម្លៃផងដែរ។
ការសិក្សានេះដែលធ្វើឡើងដោយមូលនិធិ Konrad Adenauer និងក្រុមហ៊ុនស្រាវជ្រាវ Kantar បានចុះសួរពលរដ្ឋ១.០១៥នាក់នៅភ្នំពេញ តំបន់ឆ្នេរ តំបន់ទំនាបកណ្ដាល តំបន់បឹងទន្លេសាបនិងតំបន់ភ្នំ កាលពីខែតុលាឆ្នាំ២០២០ពោលគឺមុនពេលមានការផ្ទុះឆ្លងជំងឺកូវីដធំធេងក្នុងសហគមន៍និងមុនពេលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដនិងនៅទីបញ្ចប់នៃអាណត្តិប្រធានាធិបតីអាមេរិកលោក Donald Trump។
នៅលើបញ្ហាដៃគូពាណិជ្ជកម្ម ការសិក្សាខាងលើបានរកឃើញថា មានពលរដ្ឋ៤៦%រើសយកចិន៣៨%រើសយកថៃ២៥%រើសយកសហរដ្ឋអាមេរិកនិង២៥%រើសយកវៀតណាម។
ចិននិងកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាលពីខែតុលាខណៈរដ្ឋាភិបាលកម្ពុជាសម្លឹងឃើញចិនជាគោលដៅទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់ប្រទេស ចំពេលដែលជញ្ជីងពាណិជ្ជកម្មទ្វេភាគីនៅមានឱនភាពដោយកម្ពុជានាំចូលពីចិនច្រើនជាងនាំចេញទៅចិន។
ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិកមានបរិមាណជិត៧ពាន់លានដុល្លារដោយកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកគិតជាទឹកប្រាក់ចំនួន៦.៥០០លានដុល្លារហើយការនាំចូលពីសហរដ្ឋអាមេរិកវិញគិតជាទឹកប្រាក់មានចំនួន៣៤៣លានដុល្លារកាលពីឆ្នាំ២០២០។
នៅលើបញ្ហានយោបាយការបរទេសវិញ ការសិក្សាខាងលើបានរកឃើញថាមានពលរដ្ឋ៣៨%បានជ្រើសយកចិន ២៨%បានជ្រើសយកសហរដ្ឋអាមេរិកនិង២៣%បានជ្រើសយកប្រទេសជប៉ុន។
ចំណែកឯបញ្ហាហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសេវាសាធារណៈវិញការសិក្សាដដែលបានបង្ហាញថាមានមនុស្ស៤៤%បានរើសយកចិន ៣៨%បានរើសយកជប៉ុននិង២៥%បានរើសយកសហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទទួលស្គាល់ជាសាធារណៈកាលសប្ដាហ៍មុនអំពីការពឹងអាស្រ័យរបស់រដ្ឋាភិបាលលោកទៅលើរដ្ឋាភិបាលក្រុងប៉េកាំងតាំងពីការខ្ចីបុលជំនួយការវិនិយោគនិងចុងក្រោយបង្អស់នេះរឿងវ៉ាក់សាំងប្រឆាំងកូវីដដោយលោកថា បើមិនពឹងចិន មិនដឹងពឹងនរណា។
ការសិក្សាស្ទង់មតិខាងលើបានសរសេរក្នុងន័យដើមថា៖«ជាមួយនឹងការពឹងពាក់ខ្លាំងលើប្រទេសចិនទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច ភាពរឹងមាំនៃទំនាក់ទំនងរបស់ព្រះរាជាណាចក្រ[កម្ពុជា]ជាមួយមហាអំណាចពិភពលោកដទៃទៀតដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជាដើមនោះបានវិវត្តទៅរកភាពស្រពេចស្រពិល»។
កម្រងការសិក្សាដដែលសរសេរថា ជំនួយជោគជាំនិងតួនាទីសកម្មរបស់ចិននៅកម្ពុជាជាកត្តាដែលនាំឲ្យការសិក្សានេះរកឃើញថាមានការជ្រើសយកចិនច្រើនជាងនោះហើយវា«មិនគួរឱ្យភ្ញាក់ផ្អើលទេ»។
វីអូអេមិនទាន់អាចទាក់ទងសហនិពន្ធការីនៃការសិក្សាស្ទង់មតិខាងលើនៅមូលនិធិKonrad Adenauer ប្រចាំប្រទេសកម្ពុជាបាននៅឡើយទេ។មូលនិធិ Konrad Adenauer ជាអង្គភាពនិងជាម្ចាស់ជំនួយលើការស្រាវជ្រាវនយោបាយអមគណបក្សកាន់អំណាចCDUរបស់ប្រទេសអាល្លឺម៉ង់។
ស្ថានទូតអាមេរិកបដិសេធធ្វើអត្ថាធិប្បាយលើលទ្ធផលនៃការស្ទង់មតិខាងលើទេរីឯស្ថានទូតចិនក៏មិនបានឆ្លើយតបនឹងសំណើរបស់វីអូអេសុំសម្ភាសនោះដែរគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ។
លោកស៊ុន គីម គ្រូឧទ្ទេសជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបាននិយាយថា ការណ៍ដែលការសិក្សាខាងលើចេញលទ្ធផលថាពលរដ្ឋនិយមចិនអាចបណ្ដាលមកពីកត្តាពីរគឺទីមួយការជ្រើសយកគំរូនិងមនុស្សយកមកសួរនិងទីពីរកត្តារដ្ឋការលោកដូណាល់ ត្រាំដែលអាចនាំឱ្យប្រជាប្រិយភាពអាមេរិកនៅកម្ពុជានិងលើសាកលលោកស្រកស្រុត។
«អ៊ីចឹងបើយើងមើលទៅលើបញ្ហារបស់Survey(ការស្ទង់មតិ)ហ្នឹងបញ្ហាទី១គឺអត់មានដាក់នៅកន្លែងដែលមានផលប៉ះពាល់ខ្លាំងដូចជាកំពង់សោម។រឿងទីពីរឱ្យមកភ្នំពេញនេះតិចពេកតែ២០០នាក់ហើយមិនដឹងគាត់សម្ភាសក្រុមណាទៀត»។
អ្នកជំនាញរូបនេះផ្ដល់យោបល់ថាការស្ទង់មតិអំពីនយោបាយការបរទេសគួរធានាថា គំរូស្ថិតិគោលដៅដូចជាមន្ត្រីរដ្ឋបញ្ញវ័ន្ត សិស្សនិស្សិតវិនិយោគិន ធុរជន និងពលរដ្ឋសាមញ្ញត្រូវបានរាប់បញ្ចូលក្នុងចំណោមអ្នកដែលត្រូវបានស្រង់មតិ។លោកថាក្រុមនេះប្រមូលផ្ដុំនៅភ្នំពេញនិងបណ្ដាប្រជុំជន។
របាយការណ៍នៃការស្រង់មតិនោះបានឱ្យដឹងថាចំនួនអ្នកត្រូវបានសួរមាន២០១នាក់នៅភ្នំពេញ២០៦នាក់នៅខេត្តស្វាយរៀងដែលតំណាងតំបន់ទំនាបកណ្ដាល២០៣នាក់នៅខេត្តរតនៈគិរីដែលតំណាងតំបន់ភ្នំ២០២នាក់នៅខេត្តកំពង់ធំដែលតំណាងតំបន់ទន្លេសាបនិង២០៣នាក់នៅខេត្តកោះកុងដែលតំណាងតំបន់ឆ្នេរ។ ៨៨%នៃអ្នកត្រូវបានសម្ភាសមិនធ្លាប់ចេញក្រៅប្រទេស ហើយមាន៧%ដែលមានកម្រិតវប្បធម៌ដល់ឧត្ដមសិក្សា។
ដោយមានចំនួនមនុស្សសម្ភាស១.០១៥នាក់ សហការីនិពន្ធសរសេរថា របាយការណ៍នេះមានកម្រិតគួរឱ្យទុកចិត្តដល់ទៅ៩៥%និងមានកម្រិតល្អៀងតែ៣%ប៉ុណ្ណោះក្នុងការតំណាងសំឡេងប្រជាជនពេញវ័យជិត១០លាននាក់។
ក្រៅពីបានសួរលើបញ្ហានយោបាយការបរទេស សម្រង់មតិខាងលើក៏មានរាប់បញ្ចូលផងដែរនូវសំណួរអំពីបញ្ហាក្នុងស្រុកដូចជាមាន៧៩%ពឹងពាក់លើបណ្ដាញទំនាក់ទំនងសង្គមនិងប្រព័ន្ធអ៊ីនធឺណែតដើម្បីអាននិងទទួលព័ត៌មានហើយមាន៦២%គិតថាសិទ្ធិដីធ្លីជាបញ្ហាចម្បង។
ចំពោះបម្រែបម្រួលជីវភាពផ្ទាល់ខ្លួនក្នុងរយៈពេល៥ឆ្នាំចុងក្រោយវិញមានមនុស្ស៥១%យល់ថាប្រសើរជាងមុន ហើយមាន២៥%យល់ថាជីវិតរបស់គេហាក់យ៉ាប់យ៉ឺនជាងមុន៕
ការបង្ហាញតម្លាភាពពេញលេញ (FULL DISCLOSURE)៖ អ្នកសារព័ត៌មានដែលរាយការណ៍អត្ថបទនេះធ្លាប់ទទួលជំនួយអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររយៈពេលបួនឆ្នាំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងអាហារូបករណ៍ចុះកម្មសិក្សាពីរខែនៅប្រទេសថៃពីមូលនិធិ KonradAdenauerនិងធ្លាប់បំពេញតួនាទីជាអ្នកហ្វឹកហ្វឺនក្នុងគម្រោងមួយរបស់មូលនិធិមួយនេះផងដែរ។