ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការ​បរទេស​កម្ពុជា​៖ ​កម្ពុជា​និង​អាមេរិក​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​មួយ​ចំនួន តែ​ប្តេជ្ញា​បន្ត​ដោះ​ស្រាយ


រូបឯកសារ៖ លោក​ ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​​ការបរទេស​កម្ពុជា​ និង​លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពជា​ នៅ​ក្នុងពិធី​គម្រប់ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​​អាមេរិក​ និង​កម្ពុជា​ ​រាជធានី​ភ្នំពេញ ​ថ្ងៃទី​៨​ ខែ​មករា​ ឆ្នាំ២០២០។​ (អូន​ ឆេង​ប៉រ​/វីអូអេ)
រូបឯកសារ៖ លោក​ ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​​ការបរទេស​កម្ពុជា​ និង​លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពជា​ នៅ​ក្នុងពិធី​គម្រប់ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​​អាមេរិក​ និង​កម្ពុជា​ ​រាជធានី​ភ្នំពេញ ​ថ្ងៃទី​៨​ ខែ​មករា​ ឆ្នាំ២០២០។​ (អូន​ ឆេង​ប៉រ​/វីអូអេ)

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​ដែល​បង្ហាញ​អំពី​ជំនួប​រវាង​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា និង​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ភាគី​ទាំង​ពីរ​«ខ្វែង​គំនិត​គ្នា»​លើ​បញ្ហា​មួយ​ចំនួន។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា និង​លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ជួប​ពិភាក្សា​គ្នា​លើ​បញ្ហា​មួយ​ចំនួន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​កម្ពុជា។

ភាគី​ទាំង​ពីរ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រៀងៗ​ខ្លួន។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​ការបរទេស​កម្ពុជា​បាន​លើក​ឡើង​ប្រធាន​បទ​នៃ​ការ​ពិភាក្សា​ដូច​ជា​ជំនួយ​របស់​អាមេរិក​ក្នុង​ទឹក​ប្រាក់​១១​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ក្នុង​ប្រទេស​កម្ពុជា កិច្ច​សហ​ប្រតិបត្តិការ​របស់​ប្រទេស​ទាំង​ពីរ ដូច​ជា​វិស័យ​ពាណិជ្ជ​កម្មនិង​ការ​វិនិយោគ​ និង​បញ្ហា​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ជំហរកម្ពុជា​ចង់​ឲ្យ​ត្រឡប់​ទៅ​ប្រក្រតី​ភាព​វិញ។

ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹងទៀត​ថា​ភាគី​ទាំង​ពីរ​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន ប៉ុន្តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះ​ស្រាយ​រួមគ្នា។ កម្ពុជា​មិន​បាន​បញ្ជាក់​ថា​ជា​បញ្ហា​អ្វី​នោះ​ទេ។

ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា៖ «ក្រៅ​ពី​នេះ ទោះ​បី​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ក្ដី ភាគី​ទាំង​ពីរ​នៅ​តែ​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខិត​ខំ​ដោះ​ស្រាយ​រួម​គ្នា និង​មិន​ធ្វើ​ឲ្យ​បញ្ហា​ទាំង​នោះ​ក្លាយ​ជា​ឧបសគ្គ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ»។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ។

លោក​ប្រាប់​VOA​ថា៖ «ការ​បញ្ជាក់​នៅ​ក្នុងPress Release ​[សេចក្តី​ប្រកាស​ព័ត៌មាន] គឺ​ជា​អ្វី​ដែល​ក្រសួង​ជូន​ដល់​សារព័ត៌មាន​ហើយ»។

ចំណែក​លោក ​Chad Roedemeier​ អ្នក​នំា​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក៏​បាន​បដិសេធ​មិន​អត្ថា​ធិប្បាយ​អំពី​ប្រធាន​បទ​ដែល​ភាគី​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​ដែរ។ លោក​បាន​ស្នើ​ឲ្យ​ពិនិត្យ​មើល​សេចក្តីប្រកាសរបស់​ស្ថានទូត​អាមេរិក​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ប៉ុន្តែ​មិន​បាន​និយាយ​អំពី​បញ្ហា​នៃ​ការ​ខ្វែង​គំនិត​នេះ​ទេ។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រនយោបាយ​និង​ជា​អ្នក​តាម​ដាន​សង្គម​មួយ​រូប​ មាន​ប្រសាសន៍​ថាមាន​ចំណុច​ពីរ​ដែល​នៅ​តែជា​ចម្ងល់​របស់​សហរដ្ឋអាមេរិក។ ទីមួយ​គឺជំហរ​អព្យាក្រឹត​របស់​កម្ពុជា ដែលលោក​ថា​ឥរិយា​បថ​របស់​កម្ពុជា មិនដូច​អ្វី​ដែល​បាន​កំណត់​នោះ​ទេ គឺ​លម្អៀង​ទៅ​កាន់​ប្រទេស​ចិន។ ចំណែក​ទីពីរ​ គឺ​ជំហរប្រជា​ធិបតេយ្យ ដែល​កម្ពុជា​ថា​ខ្លួន​មាន​ជំហរ​ប្រជាធិបតេយ្យ ដែលមាន​«ស្តង់​ដារ​កម្ពុជា» ប៉ុន្តែអាមេរិក​និង​សហភាព​អឺរ៉ុប​មិន​ដែល​គិត​ថា​ប្រជា​ធិបតេយ្យ​មាន​ស្តង់​ដារ​កម្ពុជា ​ឬ​ស្តង់​ដារ​ប្រទេស​ណា​នោះ​ទេ។ លោក​យល់​ថា​កម្ពុជា​គួរ​ផ្លាស់​ប្តូរ ដើម្បី​ចំណេញ​ពី​ទំនាក់​ទំនង​ជាមួយប្រទេស​មហា​អំណាច​ទាំង​អស់។

លោក​បញ្ជាក់​ថា៖ «អញ្ចឹង​ទេ ទស្សនៈ​នយោបាយ កម្ពុជា​គួរ​តែ​ឈរ​លក្ខណៈ​យ៉ាង​ម៉េច​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​មហាអំណាច​ទាំង​អស់​នៅ​ក្នុង​តំបន់​និង​ក្នុង​សាកល​លោក​ ទើប​កម្ពុជា​អាច​ឈរ​ជំហរ​មួយ​ល្អ​ក្នុង​ទំនាក់​ទំនងអន្តរ​ជាតិ»។

គួរ​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​២០១៩ អាមេរិក​បាន​លើក​ឡើង​ថា​ខ្លួន​មាន​ព័ត៌មាន​ច្បាស់​ការ​ថា​កម្ពុជា​បាន​ចុះកិច្ច​ព្រម​ព្រៀង​សម្ងាត់​ជាមួយ​ប្រទេស​ចិន​ក្នុង​ការ​បើក​ឲ្យ​មាន​មូលដ្ឋាន​កង​ទ័ព​ចិន​នៅ​កម្ពុជា។ ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​ហើយ​បដិសេធ​ទៀត​ថា​មិន​ពិត​នោះ​ទេ។

កន្លង​ទៅ​អាមេរិក​បាន​រិះគន់​ការ​ចោទ​ប្រកាន់មេដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​ គឺលោក កឹម សុខា ​ថា​«​ក្បត់​ជាតិ» ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ សំណុំ​រឿង​ដែល​អូស​បន្លាយ​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​តុលា​ការ ដែល​នាំ​ឲ្យ​មាន​ចំណោទ​អំពី​លទ្ធភាព​របស់​លោក កឹម សុខា ក្នុង​ការ​ចូលរួម​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ។ សហរដ្ឋ​អាមេរិក​ក៏​បាន​រិះគន់​ការ​ចាប់​ខ្លួន​និង​ការ​កាត់​ទោស​សកម្មជន​បរិស្ថាន​ផង​ដែរ។

បន្ថែម​ពី​នេះ​ទៀត កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ ក្រសួង​ការ​បរទេស​អាមេរិក​បាន​បង្ហាញ​របាយការណ៍​មួយ ដោយ​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ទម្រង់​នៅ​កម្ពុជា ដែល​រួម​មាន​ការ​ចាប់​ឃុំ​ខ្លួន​តាម​តែ​អំពើ​ចិត្ត ការ​រឹតត្បិត​សំឡេង​គណបក្ស​ជំទាស់ និង​រិះគន់​ប្រព័ន្ធ​តុលា​ការ​កម្ពុជា​ថា​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ៕

XS
SM
MD
LG