ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី៖ ការបញ្ចាំ​ខ្លួន​ដោះ​បំណុល​នៅ​បន្ត​កើត​ឡើង​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា


រូបឯកសារ៖ ក្មេងប្រុសពីរនាក់កំពុង​លើ​ដុំ​ឥដ្ឋ​ដាក់​លើ​រទេះ​ឈើមួយ នៅ​សិប្បកម្មឡឥដ្ឋមួយកន្លែងនៅប្រទេស​កម្ពុជា។ (រូបថតដោយ Licadho)
រូបឯកសារ៖ ក្មេងប្រុសពីរនាក់កំពុង​លើ​ដុំ​ឥដ្ឋ​ដាក់​លើ​រទេះ​ឈើមួយ នៅ​សិប្បកម្មឡឥដ្ឋមួយកន្លែងនៅប្រទេស​កម្ពុជា។ (រូបថតដោយ Licadho)

នៅ​ក្នុង​របាយ​ការណ៍ថ្មី​មួយ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូលើក​ឡើង​ថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ការ​រំលោភ​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ វិស័យ​ឧស្សាហកម្ម និង​អចលន​ទ្រព្យ​នៅ​កម្ពុជា នៅ​តែ​បន្ត​រីក​រាល​ដាល។ អង្គការ​នេះ​លើក​ឡើង​ថា ​រដ្ឋា​ភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ និង​អនុញ្ញាត​ឱ្យ​អំពើ​រំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស​នៅ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់​។

របាយការណ៍​របស់​អង្គការ​លីកាដូ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ ដែល​មាន​ចំណង​ជើង​ថា «ចំណង​ក្នុង​ឡឥដ្ឋ​៖ «​ឱកាស​ដើម្បី​បញ្ចប់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​នៅសិប្បកម្ម​ឡឥដ្ឋ​នៅ​កម្ពុជា» បាន​សិក្សា​ចាប់​ពី​ចន្លោះ​ខែ​មេសា ដល់​ខែ​កញ្ញា ឆ្នាំ​២០២៣ និង​បាន​ធ្វើ​ឡើង​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ចំនួន​២​១​ទីតាំង ដែល​ស្ថិត​ក្នុង​ខេត្ត​កណ្តាល​ ​និង​រាជធានី​ភ្នំពេញ។

របាយ​ការណ៍​ដដែល​នោះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ការ​សន្ទនា​ជា​ច្រើន​បូករួម​នឹង​បទ​សម្ភាសន៍​ស៊ី​ជម្រៅ​ជាមួយ​កម្មករ​ចំនួន​១​០​នាក់​បាន​បញ្ជាក់​ថា ​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​នៅ​តែ​មាន​ការ​រីក​រាល​ដាល​ក្នុង​ឧស្សាហកម្ម​នេះ ហើយ​ការ​ទូទាត់​ប្រាក់​ឈ្មួ​ល​ទាប​តាម​ចំនួន​ឥដ្ឋ​ ​នៅ​តែ​បន្ត​ជំរុញ​ឱ្យ​ក្មេង​ដែល​មាន​អាយុ​តិច​រហូត​ត្រឹម​ប្រាំ​បួន​ឆ្នាំ​ធ្វើ​ការ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​»។

សិប្បកម្ម​ឥដ្ឋ​ភាគ​ច្រើន​បាន​ប្រើ​ប្រាស់​ការ​ដុត​សំណល់​កម្ទេច​ក្រណាត់​ធ្វើ​ជា​ឥ​ន្ធនៈ​បញ្ឆេះ​ឡឥដ្ឋ ហើយ​កម្មករ​ភាគ​ច្រើន​បាន​រាយការណ៍​ថា ​ពួក​គេ និង​កូនៗ​ទទួល​រង​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ដូច​ជា​បញ្ហា​ប្រព័ន្ធ​ដង្ហើម​ ការ​ឈឺក្បាល​ និង​គ្រោះ​ថ្នាក់​ដទៃទៀត។ ពួក​គេ​ទាំង​អស់​នោះ​ថា​ ពួក​គេ​គ្មាន​ប្រាក់​គ្រប់​គ្រាន់​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ដល់​សម​ស្រប​មួយ​នោះ​ទេ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គ​ការ​លីកាដូ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ លោក អំ សំអាត​ ប្រាប់​វីអូអេ​ថា​ អំពើ​ពល​កម្ម​កុមារ​ និង​ការ​បញ្ចាំខ្លួន​ដើម្បី​ដោះ​បំណុល​នៅ​ក្នុង​ឡឥដ្ឋ នៅ​តែ​បន្ត​កើត​ឡើង ដែល​លោក​ហៅ​ករណី​នេះ​ថា ​«ទាសភាព​សម័យ​ទំនើប»។ បើ​តាម​លោក អំ សំអាត​ ការ​បញ្ចាំ​ខ្លួន​បែប​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់ ហើយ​លោក​ជំរុញ​ឱ្យ​ម្ចាស់​សិប្បកម្ម​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រូវ​លុប​បំបាត់​ចំណង​ក្នុង​ឡឥដ្ឋ​បែប​នេះ។

លោក​ថ្លែង​ថា៖ «​អ៊ីចឹង​យើង​នៅ​តែ​ទទូច​ សូម​ឱ្យ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​លុប​បំបាត់​នូវ​ការ​បញ្ចាំ​ខ្លួន ​ដើម្បី​ដោះ​បំណុល​ ហើយនឹង​ពល​កម្មកុមារ​ ហើយ​សូម​ឱ្យ​រដ្ឋា​ភិបា​ល​ចាត់​វិធាន​ការ​ប​ន្ថែម​ទៀត​ទៅ​លើ​បញ្ហា​ដុត​កម្ទេច​កម្ទី​ក្រណាត់​ម៉ាក​ល្បី​ៗ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព ​ឬ​បរិស្ថាន»។

បើ​តាម​របាយការណ៍​ដដែល​ កន្លង​មក​ក៏មាន​អាជ្ញាធរ​ធ្លាប់​ចុះ​ពិនិត្យ​នៅ​តាម​សិប្ប​កម្ម​ផលិត​ឥដ្ឋ និង​ជួន​កាល​ប្រកាស​ហាម​កុមារ​ធ្វើ​ការ ឬ​ទៅ​ក្បែរ​ឡឥដ្ឋ ឬ​ម៉ាស៊ីន​ផលិត​ឥដ្ឋ។ ប៉ុន្តែ​ការ​អន្តរាគម​បែប​នេះ​មិន​បាន​ជួយ​កាត់​បន្ថយ​ពលកម្ម​កុមារ​នោះ​ទេ ដោយ​សារ​មិន​បាន​ដោះ​ស្រាយ​ឫស​គល់​នៃ​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល ឬ​ប្រាក់​ឈ្នួល​ទាប និង​មិន​មាន​ការ​ដាក់​ទណ្ឌ​កម្ម​លើ​ម្ចាស់​ផលិត​ឥដ្ឋ​ចំពោះ​អំពើ​រំលោភ​បំពាន។

អ្នក​នាំ​ពាក្យក្រសួង​ការងារ​ លោក កត្តា​ អ៊ន​ ប្រាប់​វីអូអេ​ថា ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ ខណៈ​កន្លង​មក​ក្រសួង​ក៏​បាន​ចុះ​ធ្វើ​អធិ​ការ​កិច្ច ហើយក៏​បាន​ចាត់​វិធាន​ការ​ទៅ​លើ​សហ​គ្រាស​ណាដែល​បំពាន​ច្បាប់ តាម​រយៈ​ការ​ដាក់​ពិន័យ​ និង​ឈាន​ដល់​ការ​បិទ​ផង​ដែរ។

លោក​បញ្ជាក់​ថា​៖ «ដូច្នេះ​ហើយ​ក្រសួង​ការ​ងារ​មាន​វិធាន​ការ​តឹងរ៉ឹង​ណាស់​ចំពោះ​ករណី​ដែល​រោង​ចក្រ​សហគ្រាស​ឡឥដ្ឋ​សិប្បកម្ម​ដែល​រំលោភ​ការងារ។ យើង​តែង​តែ​មាន​ការ​ពិន័យ​ តែង​តែ​មាន​ការ​បិទ​ និង​ការ​ផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់។ អ៊ីចឹង​ហើយ​បាន​ថា ​យើង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​កិច្ច​ការ​នេះ»។

នៅ​ពេលសួ​រពាក់ព័ន្ធ​នឹង​ករណី​បញ្ចាំខ្លួន​ដើម្បី​ដោះ​បំណុល អ្នក​នាំពាក្យ​រូបនេះ​អះអាង​ថា​មិន​មានរបាយ​ការណ៍​ច្បាស់​លាស់​លើក​ឡើង​ពី​ករណី​នេះ​ឡើយ។

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល ប្រាប់​វីអូអេ​ថា​ របាយការណ៍​ដែល​អង្គការ​លីកាដូ​បាន​ចេញ​ផ្សាយ​នេះ​គឺ​ជា​ការ​ប៉ាន់ស្មាន ហើយ​លោក​បាន​ច្រាន​ចោល​ថា​មិន​មាន​ករណី​នៃ​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល ឬ​ការ​រំលោភ​បំពាន​លើ​ពល​កម្ម​កុមារ​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​នោះ​ទេ។

បើ​តាម​អភិបាល​ខេត្ត​រូប​នេះ​ អាជ្ញាធរ​តែង​តែ​ចុះ​ត្រួត​ពិនិត្យ​ជារឿយៗ​នៅ​តាម​សិប្បកម្ម​នានា។ លោក​ស្នើ​ឱ្យអង្គការ​លីកាដូ​គួរ​ធ្វើ​ការ​សហការ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ មុន​នឹង​សម្រេច​ចិត្ត​ចេញ​ផ្សាយ​នូវ​របាយ​ការណ៍​ណា​មួយ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ខ្ញុំ​គិត​ថា​ ការ​ដែល​ទទួល​ព័ត៌មាន​នេះ​វា​ជា​រឿង​ដែល​អាច​ជា​ព័ត៌មាន​យូរ​ចាស់ យូរ​មក​ហើយ​ ឬក៏​ជា​ការ​មិន​ច្បាស់​លាស់​ ហើយ​ខ្វះ​ការ​សហ​ការ​ដែល​យើង​ផ្តល់​ព័ត៌មាន​អត់​បាន​គ្រប់​ជ្រុង​ជ្រោយ​ជាដើម។ ធ្វើ​ការ​ចុះ​មើល​ឡើង​វិញ​ប្រសិន​ជា​ចាំ​បាច់»។

បើ​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ ឥដ្ឋ​ត្រូវ​បាន​ទិញ​ក្នុង​ចំនួន​ច្រើន​លើស​លប់​ដោយ​គម្រោង​អភិវឌ្ឍន៍​បុរី​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ របាយ​ការណ៍​បន្ត​ថា​ ភាគី​ដែល​ទិញ​ឥដ្ឋ​នៅ​កម្ពុជា​ក៏​ចូលរួម​ចំណែក​ក្នុង​អំពើ​រំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស​ក្នុង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​របស់​ខ្លួន ដោយ​សារ​ពល​កម្ម ដើម្បី​ដោះ​បំណុល និង​ពលកម្ម​កុមារ​មាន​ការ​រីក​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ។

អង្គការ​លីកាដូ​ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ផង​ដែរ​រួម​មាន​ការ​លុប​បំណុល​របស់​កម្មករ​សិប្បកម្ម​ផលិត​ឥដ្ឋ ដោយ​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ ត្រូវ​លុប​ចោល​ជា​បន្ទាន់​នូវ​បំណុល​របស់​កម្មករ​ទាំង​អស់ ហើយ​កម្មករ​ទាំង​អស់​ត្រូវ​តែ​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ម្ចាស់​សិប្បកម្ម​ឱ្យ​ចាក​ចេញ​ពី​សិប្បកម្ម​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ដែល​ស្រប​នឹង​គោល​ការណ៍​សិទ្ធិ​ការងារ និង​សេរីភាព​ក្នុង​ការ​ជ្រើស​រើស​ការ​ងារ​ដោយ​តាម​អនុលោម​ច្បាប់​ការងារ ។

បន្ថែម​ពីនេះ អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​ក៏​ស្នើ​ឱ្យរដ្ឋា​ភិបាល​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស និង​ច្បាប់​ស្តី​ពី​ការងារ​ដោយ​ផ្តន្ទា​ទោស​ជន​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​នៅ​តែ​ប្រព្រឹត្ត និង​សម​គំនិត​ប្រព្រឹត្ត​បទ​ល្មើស​នៃ​ទាស​ភាព​បំណុល ជាពិសេស​រដ្ឋា​ភិបាល​ត្រូវ​ធានា​លក្ខ​ខណ្ឌ​ការងារ​ត្រឹម​ត្រូវ ប្រាក់​ឈ្នួល​សមរម្យ​ និង​ការ​គាំពារ​សង្គម​សម្រាប់​កម្មករ​សិប្បកម្ម​ផលិត​ឥដ្ឋ៕

XS
SM
MD
LG