ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​សិទ្ធិ​ការងារ​រិះគន់​ការបង្ក្រាប​លើ​បាតុកម្ម​កម្មករ


បាតុករ​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ឧទ្ធរណ៍​ក្នុង​ពេល​បាតុកម្ម​នៅ​ជិត​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤។
បាតុករ​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ឧទ្ធរណ៍​ក្នុង​ពេល​បាតុកម្ម​នៅ​ជិត​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤។
Rebecca Valli

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឧស្សាហកម្ម​កាត់​ដេរ​ផ្តល់​នូវ​ឱកាស​ទាំង​សម្រាប់​ការនាំ​ចេញ​ដ៏ ​ច្រើន​សន្ធឹក​សន្ធាប់​និង​ការតាន​តឹង​ខ្លាំង​ដោយ​សារ​តែ​ប្រាក់​បៀវត្សរ៍​ទាប​សម្រាប់​វិស័យ​ដ៏ ​ធំ​នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ។​

ការផ្ទុយគ្នា​នៅ​ក្នុង​សង្គម​នេះ​បាន​ឈាន​មក​ដល់​ការប្រឈម​គ្នា​នៅ​ក្នុង​ខែ​មករា​ នៅពេល​ដែល​កងកម្លាំង​ប្រដាប់​អាវុធ​បាន​ធ្វើការ​បង្ក្រាប​ហិង្សា​លើ​កូដ​កម្ម​ជាច្រើន​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​កម្មករ​ដែល​ទាមទារ​ឱ្យ​បាន​ប្រាក់​ខែ​ច្រើន។ ការបង្រ្កាបនោះ​បាន​បណ្តាល​ឱ្យកម្មករ​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​ហោច​ណាស់​បួន​នាក់​និង​រងរបួស​រាប់​សិប​នាក់​ទៀត។ មាន​កម្មករ​អាយុ​១៦​ឆ្នាំ​ម្នាក់​នៅ​តែ​បាត់​ខ្លួន​នៅឡើយ។​

ក្រុម​អន្តរជាតិ​ស្វែង​រក​ការពិ​តបាន​ទៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយពី​ការតវ៉ា​ហិង្សា​នោះ​ហើយ​បាន​បង្ហាញ​របាយការណ៍​ស្រាវជ្រាវនៅឯ​ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ក្រុម​នេះ​បាន​សន្និដ្ឋាន​ថា​ការបដិសេធ​របស់​រដ្ឋាភិបាល​ចំពោះ​ការទាមទារ​របស់​កម្មករ​និង​ការ​ឆ្លើយ​តប​ចំពោះ​កូដកម្ម​ដោយ​ប្រើ​អំពើ​ហិង្សា​គូស​បង្ហាញ​ថា​រដ្ឋាភិបាល​នេះ​បារម្ភ​តែ​ពី​ការ​ការពារ​ផលប្រយោជន៍​ក្រុម​ឧស្សាហកម្ម​កាត់​ដេរ​ច្រើន​ជាង​របស់​ក្រុម​កម្មករ។ ​

លោក​ គង់ អាទិត្យ ​អគ្គលេខាធិការ​នៃ​សហព័ន្ធ​ការងារ​កម្ពុជា​បាន​បញ្ជាក់​ថា៖​

«ពួកគេ​មិនចង់​ឱ្យ​មាន​ការពិភាក្សា​ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​គណៈកម្មការ​ត្រីភាគី​ទេ។ ពួកគេ​តែងតែ​កម្រិត​សំឡេង​សហជីព​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការពិភាក្សា​គ្នា​នោះ»។

ការរៀបចំ​ពិនិត្យ​មើល​ប្រាក់​បៀវត្សរ៍​អប្បបរមា ​ដែលមិន​បាន​ឡើង​តាម​ទាន់​អតិផរណា​ដ៏​ខ្ពស់​នោះ ​គឺ​ជា​បន្ទុក​របស់​ក្រុម​ប្រឹក្សា​ការងារ។ ក្រុម​នេះ​មាន​សមាសភាព​មក​ពី​រដ្ឋាភិបាល​ និយោជក ​និង​កម្មករ។ ប៉ុន្តែ​ក្រុម​ការពារ​សិទ្ធិ​ការងារ​បាន​សង្ស័យ​លើ​ឯករាជ្យ​ភាព​នៃ​សមាជិក​សហជីព​កម្មករ​ខ្លះ​ដែល​មាន​នៅ​ក្នុង​ក្រុម​ប្រឹក្សានោះ។​

កាលពី​ថ្ងៃ​ទី ២៤​ខែ​ធ្នូ​ គណៈកម្មការ​នេះ​បាន​ប្រកាស​ដំឡើង​ប្រាក់​បៀវត្សរ៍​អប្បបរមា​ពី​៨០​ដុល្លារ​ដល់​៩៥​ដុល្លារ​ក្នុង​មួយខែ ​គឺ​មាន​ចំនួន​តិច​ជាង​ការ​ទាមទារ​របស់​ក្រុម​កម្មករ​ដែល​ចង់​បាន​១៦០​ដុល្លារ។​

ដំណឹង​នេះ​បាន​នាំ​ឱ្យ​កម្មករ​រាប់​ម៉ឺននាក់​ធ្វើ​ការតវ៉ា​នៅ​តាម​ផ្លូវ​សាធារណៈ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ។​

របាយការណ៍​នោះ​និយាយ​ថា​ក្រុម​និយោជក​បាន​ព្យាយាម​ឃាត់​ឃាំង​កម្មករ​មិន​ឱ្យ​ចូលរួម​ក្នុ​ង​ការ​តវ៉ា​នោះ​ដោយ​ផ្តល់​ជាលុយ​កាក់​ដើម្បីឱ្យ​ពួកគេ​នៅ​ធ្វើ​ការ។ រីឯ​រោងចក្រ​ខ្លះ​ទៀត​គឺ​ចាក់​សោរ​ខ្ទប់​កម្មករ​មិន​ឱ្យ​ចេញ​មក​ក្រៅ។ នេះ​បើតាម​របាយការណ៍បាន​បញ្ជាក់។

នៅ​ដើម​ខែ​មករា​ សភាពការណ៍​បាន​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ ​ហើយ​ក្រុម​កងកម្លាំង​ប្រដាប់​អាវុធ​បាន​បាញ់​លើ​ក្រុម​កម្មករ។​

លោក​ ហ្វាមិ ប៉ានឹមបាង ​គឺ​ជា​អ្នក​សម្របសម្រួល​ក្នុង​ស៊ើបអង្កេត​នេះ​បាន​បញ្ជាក់​ថា៖​

«ការបង្រ្កាប​ហិង្សា​លើ​ការតវ៉ា​របស់​កម្មករ​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ដែល​មិន​ដែល​កើត​មាន​ឡើង​ទេ​ពី​ពេល​មុន​មក ​វា​មាន​លក្ខណៈ​ហួសហេតុ ​និង​មិន​ចាំ​បាច់​ ដែល​បង្ក​ឱ្យ​មាន​គ្រោះអាសន្ន​ខាងផ្នែក​សិទ្ធិ​មនុស្ស»។​

ចាប់​តាំង​ពី​មាន​ការ​បង្ក្រាប​មក​ អ្នក​បញ្ជាទិញ​ទំនិញ​ដែល​មាន​ម៉ាក​ល្បីៗបាន​ថ្កោល​ទោស​ចំពោះ អំពើ​ហិង្សា​នេះ​ប៉ុន្តែ​ក៏ ​បាន​សម្តែង​ការព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​នៃ​ការវិនិយោគ​របស់​ពួកគេ​ផងដែរ។

លោក​ គង់ អាទិត្យ​ បាន​និយាយ​ថា​គេ​នៅ​មិន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ក្រុម​អ្នក​បញ្ជាទិញ​មាន​ចេតនា​ក្នុង​ការ​បើក​ប្រាក់​ខែ​ដែល​ខ្ពស់​ជាងមុន​ឬទេ។​

«បញ្ហា​រវាង​អ្នក​បញ្ជាទិញ​និង​អ្នក​ផលិត​នៅ​តែ​មាន។ ឧបសគ្គ​នៅ ត្រង់​ថា​តើ​អ្នក​ណា​ជា​អ្នក​ចំណាយ​ប្រាក់​ហើយ​អ្នក​ណា​ជាអ្នក​បាន​តែ​និយាយ? នេះ​គឺ​ជា​បញ្ហា​ពិតប្រាកដ​នៅ ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​នៅ ​ទូទាំង​ពិភពលោក»។​

បើ​ទោះ​បី​ជា​មាន​ការ​ហាម​ឃាត់​របស់​រដ្ឋាភិបាល​មិន​ឱ្យ​មាន​បាតុកម្ម​ក៏​ការធ្វើ​កូដកម្ម​នៅ​បន្ត​ដែរ។​

លោក​គង់ អាទិត្យ​និយាយ​ថា​ក្រុម​កម្មករ​នៅ​រោងចក្រ​ចំនួន​២០០​កំពុងតែ​ធ្វើ​កូដកម្ម​មិន​ព្រម​ធ្វើ​ការ​ថែម​ម៉ោង​ ដែល​នេះ​គឺ​ជា​បញ្ហា​តឹងតែង​មួយ​ទៀត​សម្រាប់​ក្រុម​កម្មករ​ដោយ​សារ​ពួកគេ​យល់​ថា​ត្រូវ​ថៅកែ​ជញ្ជក់​ញើសឈាម​រហូត​ដល់​ខ្សោះ​ខ្យល់។

មាន​មនុស្ស​២១​នាក់​កំពុង​ជាប់​ឃុំ​នៅឡើយ​ក្រោយ​ពី​មាន​ការ​ធ្វើ​បាតុកម្ម​កាលពី​លើក​មុន។​
របាយការណ៍​នេះ​ក៏​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សហជីព​ សកម្មជន​ដីធ្លី​និងកម្មករ​ទាំង​នោះ​ផងដែរ​ហើយ​ងាក​មក​ចូល​តុ​ចរចា​គ្នាឡើងវិញ៕

ប្រែសម្រួល​ដោយ​លោក​ ម៉ែន គឹមសេង
XS
SM
MD
LG