ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​បដិសេធ​ចុះ​បញ្ជីការ​សហជីព​ថ្មី​ គ្រាដែល​ពួកគេ​សុំ​ឱ្យ​មាន​ការធ្វើ​កូដកម្ម​ទូទាំង​ប្រទេស


កម្មករ​​កាត់ដេរ​​ តវ៉ា​ទាមទារ​​ប្រាក់​ខែ​​គោល​​១៦០​ដុល្លារ​ក្នុង​​មួយ​​ខែ នៅ​ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០១៣។
កម្មករ​​កាត់ដេរ​​ តវ៉ា​ទាមទារ​​ប្រាក់​ខែ​​គោល​​១៦០​ដុល្លារ​ក្នុង​​មួយ​​ខែ នៅ​ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០១៣។
ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បាន​បដិសេធ​សំណើ​សុំ​ចុះ​បញ្ជីការ​របស់​សហជីព​កម្មករ​មួយ​ចំនួន​៣​ដង​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​ពីរខែ​ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ។

លោក ស ម៉ូរ៉ា ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​ថ្លែង​ថា​សហជីព​ទើប​បង្កើត​ថ្មី​មួយ​ក្នុង​រោងចក្រ​ស្រា​បៀរ​អង្គរ​ដែល​ជា​សមាជិក​ខ្លួន​បាន​ដាក់​ពាក្យ​ចុះ​បញ្ជីការ​ជា​ច្រើន​លើក​រួច​មក​ហើយ ​ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​ការងារ​ទាត់​ចោល​រហូត។

«យើង​បាន​ព្យាយាម​យក​ទៅ​ដាក់​នៅ​ក្រសួង​ហ្នឹង​ជា​ច្រើន​ដង​ហើយ​ ពីរ​បី​ដង​ហើយ ​ប៉ុន្តែ​ក្រសួង​ហ្នឹង​នៅ​តែ​មិន​ទទួល ​ហើយ​នៅ​តែ​មិន​បង្ហាញ​ពី​មូលហេតុ។ អត់​មាន​ការ​ជូន​ដំណឹង​ជា​ផ្លូវ​ការ។ អត់​មាន​មូលហេតុ​ណា​ជា​ផ្លូវ​ការ​ទេ»។

ការ​បដិសេធ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កើត​ឡើង​ ស្រប​ពេល​ដែល​សហជីព​កម្មករ​ជា​ច្រើន​កំពុង​អំពាវនាវ​ឱ្យ​កម្មករ​ចូលរួម​កូដកម្មដើម្បី​ទាមទារ​ដំឡើង​ប្រាក់​បៀរវត្សរ៍។

លោក ស ម៉ូរ៉ា ​អះអាង​ថា​ការ​ច្រាន​ចោល​នេះ​ទំនង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ធ្វើ​បាតុកម្ម​និង​កូដកម្ម​របស់​សហព័ន្ធ​សហជីព​លោក​នា​ពេល​កន្លង​មក ​ព្រោះ​មុន​ពេល​នោះ​សហជីព​លោក​អាច​ចុះ​បញ្ជី​បាន​ធម្មតា។

«កន្លង​មក​ហ្នឹង​សហជីព​របស់​យើង​ប្រកាន់​នូវ​គោលការណ៍​ឯករាជ្យ​គឺ​យើង​តែងតែ​ចូលរួម​និង​សហការ​គាំទ្រ​ជាមួយ​វិស័យ​កាត់ដេរ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ជា​ដើម។ ដូច្នេះ​យើង​គិត​ថា​ហេតុផល​នេះ​ឯង​នាំ​ឱ្យ​មាន​ការ​រើសអើង​ពី​ក្រសួង​ការងារ​និង​មិន​ព្រម​ចុះ​បញ្ជី​ការ​ឱ្យ​យើង»។

ការ​បដិសេធ​សំណើ​សុំ​ចុះ​បញ្ជីការ​នោះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​ដោយ​ការ​បាញ់​រះ​ទៅ​លើ​ហ្វូង​បាតុករ​ជា​កម្មករ​រោងចក្រ​ ដែល​នាំ​ឱ្យ​កម្មករ​៤​ទៅ​៥​នាក់​បាន​ស្លាប់ របួស​៤០​នាក់ និង​ឃាត់​ខ្លួន​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

លោក ខៀវ សាវុធ ប្រធាន​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ​ដែល​ទទួល​បន្ទុក​ចុះ​បញ្ជីការ​សហជីព ​ស្នើ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ ​ដោយ​បង្វែរ​សំណួរ​ទៅ​លោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ។

លោក ហេង សួរ ​ថ្លែង​ថា​លោក​មិន​ទាន់​បាន​ទទួល​ពាក្យ​សុំ​ចុះ​បញ្ជីការ​នេះ​នៅ​ឡើយ​ទេ ​ហើយ​លោក​ស្នើ​ឱ្យ​សហជីព​នេះ​ទាក់ទង​ទៅ​នាយកដ្ឋានដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ​ម្តង​ទៀត។

«តាម​ការ​ពិត ​ខ្ញុំ​ដូចជា​មិន​បាន​ទទួល​របាយការណ៍​ហ្នឹង​ពី​នាយកដ្ឋាន​វិវាទ​ការងារ​ដែល​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទទួល​សំណុំ​ឯកសារ​ពី​បង​ប្អូន​សហជីព​ប៉ុន្តែ​ជា​គោលការណ៍​ខ្ញុំ​គិត​ថា​ប្រសិន​បើ​សិន​ជា​គាត់​បំពេញ​តាម​លក្ខខណ្ឌ​ហើយ​និង​គោលការណ៍​នៃ​ការ​ចុះ​បញ្ជីការ ​ប្រហែល​លិខិត​នេះ​អាច​នឹង​ត្រូវ​គេ​ដំណើរការ​ឡើង​មក​លើ​ហើយ។ ដូច្នេះ​ប្រហែល​ជា​គាត់​នៅ​មាន​ការ​ខ្វះ​ខាត​ត្រង់​ចំណុច​ណា​មួយ​ ដូច្នេះ​ខ្ញុំ​សូម​ឱ្យ​គាត់​បន្ត​ទំនាក់​ទំនង​ជាមួយ​នាយកដ្ឋាន​ជំនាញ​ដែល​ទទួល​បន្ទុក​ចុះ​បញ្ជីការ​សហជីព​នេះ»។

លោក​មេធាវី ​សុខ សំអឿន ​នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​អត្ថាធិប្បាយ​ថា​ប្រសិន​បើ​ការ​បដិសេធ​នេះ​មិន​ភ្ជាប់​មក​នូវ​ហេតុ​ផល​សមរម្យ​ដូច​ការ​ចោទ​ប្រកាន់​នោះ ​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​បង្កើត​សមាគម​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ លោក​មេធាវី​បន្ថែម​ថា​ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​សហជីព​បង្កើត​ថ្មី​នេះ​ខ្វះ​ភាព​ស្រប​ច្បាប់​និង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។

«ដល់​អញ្ចឹង​ទៅ​ដូចជា​អត់​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម ធ្វើ​ឱ្យ​ក្រុមហ៊ុន​មិន​ទទួល​ស្គាល់​សកម្មភាព​ហ្នឹង​ ហើយ​តាម​មតិ​ខ្ញុំ ​គាត់​គួរ​តែ​តស៊ូ​មតិ​ជាមួយ​ក្រសួង​ការងារ​ហ្នឹង​ឱ្យ​បាន​សិន​ទៅ​ មុន​ដំណើរ​ការ»។

ទំនាក់ទំនង​រវាង​សហជីព​និង​ភាគី​និយោជក​និង​រដ្ឋាភិបាល​ហាក់​ដូចជា​មាន​ការ​រកាំ​រកុះ​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ ​សហភាព​សហជីព​កម្ពុជា​ដែល​មាន​សហជីព​និង​សមាគម​ចំនួន​១៨​ជា​សម្ព័ន្ធ ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ចែក​លិខិត​អំពាវនាវ​២០​ម៉ឺន​ច្បាប់​ដល់​កម្មករ​ មន្ត្រី​រាជការ ​និង​គ្រូ​បង្រៀន​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ចូលរួម​មហា​កូដកម្ម​មិន​ថែម​ម៉ោង​ធ្វើ​ការ​ចាប់​ថ្ងៃ​ទី​១២​ខែ​មិនាត​ទៅ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​កម្មករ​និង​សកម្មជន​ជាប់​ឃុំ​ឃាំង​ទាំង​២១​នាក់​និង​ទាមទារ​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ក្នុង​មួយ​ខែ៕
XS
SM
MD
LG