នៅក្នុងឆ្នាំ១៩៤៩ អូស្រ្តាលីបានរៀបចំពិធីទទួលពលរដ្ឋថ្មីដំបូងបំផុត។ វាមានរយៈពេលជិត២៥ឆ្នាំហើយមុននឹងគោលនយោបាយដែលរើសអើងប្រឆាំងនឹងជនភៀសខ្លួនដែលមិនមានសម្បុរស បើកឱកាសដល់វប្បធម៌ចម្រុះនិយម។
ជាងមួយភាគបួននៃចំនួនប្រជាជនអូស្ត្រាលីកើតនៅក្រៅប្រទេស ដែលធ្វើឲ្យអូស្រ្តាលីក្លាយជាប្រទេសមួយដែលមានវប្បធម៌ចម្រុះច្រើនជាងគេក្នុងពិភពលោក។
ប៉ុន្តែដោយសាររដ្ឋាភិបាលប្រទេសនេះមានបីកម្រិត គឺកម្រិតមូលដ្ឋាន កម្រិតរដ្ឋនិងកម្រិតសហព័ន្ធ វាមានច្បាប់ជាច្រើន ហើយវាអាចជារឿងគ្រោះថ្នាក់បំផុតសម្រាប់អ្នកចំណូលស្រុកថ្មី។
អ្នកស្រី Mona Ibrahim គ្រូសិល្បៈមួយរូបនៅក្នុងទីក្រុងស៊ីដនី និយាយថានៅប្រទេសខ្លះ ប្រជាជនទម្លាប់កាន់អាវុធ ប៉ុន្តែមិនមែននៅក្នុងប្រទេសអូស្រ្តាលីទេ។
«នៅក្រៅប្រទេសវាជារឿងធម្មតាដែលអ្នកដាក់អាវុធនៅក្នុងហោប៉ៅ។ វាថែមទាំងត្រូវគេជំរុញឲ្យប្រើប្រាស់ដើម្បីសុវត្ថិភាពរបស់អ្នក ប៉ុន្តែនៅទីនេះ យើងកំពុងរៀនអំពីគំនិតថ្មីពីសុវត្ថិភាព។ អ្នកមានសុវត្ថិភាពរួចហើយ។ បើអ្នកគ្មានសុវត្ថិភាព អ្នកអាចគ្រាន់តែទាក់ទងទៅប៉ូលិស»។
សិស្សវិទ្យាល័យកំពុងបង្កើតវីដេអូគំនូជីវចលនានាដើម្បីជួយអ្នកមកតាំងទីលំនៅនៅថ្មី ជាពិសេសអ្នកដែលមិនមែនមកពីប្រទេសដែលនិយាយភាសាអង់គ្លេសឲ្យយល់ពីអូស្រ្តាលី។ វាគឺជាផ្នែកមួយរបស់គម្រោងទប់ស្កាត់អំពីឧក្រិដ្ឋកម្មហៅថា «ផ្ទះថ្មី ច្បាប់ថ្មី»។
លោក Brima Turay គឺជាជនចំណាកស្រុកមកពីប្រទេស Sierra Leone។
លោក Turay បាននិយាយថា៖
«នៅប្រទេសកំណើតយើង វាមានវិធីច្រើនដើម្បីជៀសខ្លួនពីអំពីឧក្រិដ្ឋកម្ម ហើយវិធីមួយនោះគឺការសូកប៉ាន់ ដោយឲ្យសំណូកដល់ប៉ូលិស ឬគ្រូបង្រៀនដើម្បីទទួលបានពិន្ទុល្អ។ ដូច្នេះហើយទើបយើងយកវាមកបង្ហាញថា នៅក្នុងប្រទេសអូស្រ្តាលី វាគឺបទឧក្រិដ្ឋ»។
គម្រោងនេះគាំទ្រដោយលោក Rob Lindsay គ្រូបង្រៀនចូលនិវត្តន៍ម្នាក់ ដែលនិយាយថា ជនចំណាកស្រុកវ័យក្មេងអាចងាយស្រួលនឹងជួបបញ្ហា។
«នៅក្នុងករណីខ្លះ អ្នកអាចនឹងត្រូវបានប៉ូលិសហៅឲ្យឈប់ ហើយត្រូវប៉ូលិសផាកពិន័យនៅហ្នឹងកន្លែង ដែលលុយពិន័យនោះគឺចូលទៅក្នុងហោប៉ៅប៉ូលិស។ ប៉ុន្តែវាមិនកើតឡើងនៅទីនេះទេ ហើយខ្ញុំមើលឃើញថា យុវជនបានជួបនឹងបញ្ហាជាច្រើនដោយសារតែពួកគេមិនយល់»។
ជនអន្តោប្រវេសន៍អូស្រ្តាលីភាគច្រើនគឺមកពីប្រទេសឥណ្ឌានិងប្រទេសចិន។
នៅកន្លែងខ្លះ មានការប្រឆាំងនឹងវប្បធម៌ចម្រុះនេះ ប៉ុន្តែជនជាតិអូស្រ្តាលីភាគច្រើនជឿថា ប្រទេសអូស្ត្រាលីទទួលបាននូវអនុភាពដ៏អស្ចារ្យពីវប្បធម៌ដ៏ចម្រុះគ្នានេះ៕
ប្រែសម្រួលដោយ ទុំ ម្លិះ