ការតាំងពិព័រណ៍ថ្មីផ្តោតលើការបាត់ខ្លួន និងឃាតកម្មលើស្ត្រីជនជាតិដើមអាមេរិក
ការតាំងពិព័រណ៍ថ្មីផ្ដោតលើស្ត្រីជនជាតិដើមអាមេរិកាំងដែលបានបាត់ខ្លួននិងត្រូវបានធ្វើឃាត។ រ៉ូបពណ៌ក្រហមចំនួន ៤០ ព្យួរនៅខាងក្រៅសារមន្ទីរជាតិនៃជនជាតិដើមអាមេរិកនៅក្នុងរដ្ឋធានី Washington។ រ៉ូបទាំងនោះតាំងនៅទីនោះ ២៤ ម៉ោងក្នុងមួយថ្ងៃ និងគ្រប់រដូវកាលទាំងអស់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ឲ្យមនុស្សម្នាដឹងអំពីការបាត់ខ្លួន និងការធ្វើឃាតស្ត្រីជនជាតិដើមភាគតិច ដែលជួបប្រទះអំពើហិង្សាក្នុងកម្រិតដ៏ខ្ពស់មួយ បើប្រៀបធៀបនឹងស្ត្រីដែលមិនមែនជាជនជាតិដើមភាគតិច។ សំលៀកបំពាក់ទាំងនោះគឺជាផ្នែកមួយនៃការតាំងពិព័រណ៍លើកដំបូងបំផុតនៅសហរដ្ឋអាមេរិក។ អ្នកស្រី Julie Taboh នៃ VOA រាយការណ៍អំពីរឿងនេះ ហើយលោក សឿន វឌ្ឍនា ជូនសេចក្តីប្រែសម្រួល៕