ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​កូវីដ១៩​ថ្មី​អាច​បង្ក​ការ​លំបាក​ដល់​បេសកកម្ម​យោធា​អាមេរិក​នៅ​ជប៉ុន កូរ៉េ​ខាង​ត្បូង


រូប​ឯកសារ៖ យន្តហោះ MV-22 Osprey របស់​កង​ម៉ារីន​របស់​អាមេរិក​ស្ថិត​នៅ​ក្នុង​ស្ថានីយ​ទ័ព​អាកាស Futenma របស់​កង​ម៉ារីន​អាមេរិក នៅ​ក្នុង​ក្រុង Ginowan ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។
រូប​ឯកសារ៖ យន្តហោះ MV-22 Osprey របស់​កង​ម៉ារីន​របស់​អាមេរិក​ស្ថិត​នៅ​ក្នុង​ស្ថានីយ​ទ័ព​អាកាស Futenma របស់​កង​ម៉ារីន​អាមេរិក នៅ​ក្នុង​ក្រុង Ginowan ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

អ្នក​វិភាគបាន​ព្រមានកាល​ពី​ថ្ងៃ​ចន្ទ​ថា ការណ៍​ដែល​សហរដ្ឋ​អាមេរិក​មិន​អាច​គ្រប់គ្រង​បាន​នូវ​ការ​បន្ត​រាតត្បាតនៃ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​បាន​កំពុង​ចាប់​ផ្តើម​មាន​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​បេសកកម្ម​យោធា​អាមេរិក​នៅ​ក្រៅ​ប្រទេស ខណៈ​ដែល​ការ​ឆ្លង​ក្នុង​ចំណោម​បុគ្គលិក​យោធាដែល​ប្រចាំ​ការ​នៅ​ប្រទេស​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង​មាន​ការ​កើន​ឡើង។

មន្ត្រី​ជប៉ុន​នៅ​កោះ Okinawa បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា មាន​ការឆ្លង​កូវីដ១៩​ថ្មី​៦០​ករណី​ត្រូវ​បាន​រាយការណ៍ពី​មូលដ្ឋាន​យោធា​ម៉ារីន​អាមេរិក​ពីរ​កន្លែង​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ។​ កាល​ពី​ថ្ងៃ​ចន្ទ កាសែត Asahi Shimbun របស់​ជប៉ុន​ក៏​បាន​រាយការណ៍ពី​ករណី​ឆ្លង​ថ្មី​៣២​ទៀត​នៅ​មូលដ្ឋាន​យោធា Futenma។​

ជា​ការ​ឆ្លើយ​តប យោធា​សហរដ្ឋ​អាមេរិក​បាន​តម្រូវ​ឲ្យ​ទាហាន​ម៉ារីន​របស់​ខ្លួន​និង​ក្រុមគ្រួសារ​ត្រូវ​ដាក់​ឲ្យ​នៅក្រោម​វិធានការ​រឹតត្បិត​មិន​អាច​ចេញ​ពី​មូលដ្ឋាន​យោធា​បាន។

ការ​ឆ្លង​ក្នុង​ចំណោម​បុគ្គលិក​យោធា​អាមេរិក​នៅ​កូរ៉េខាង​ត្បូង​ហាក់​មាន​ការ​ធូរ​ស្រាល​ជាង ដោយ​ករណី​ឆ្លង​ថ្មី​ជា​ទាហាន​ទើប​មក​ដល់​ថ្មី​ពី​សហរដ្ឋ​អាមេរិក។ យោធា​អាមេរិក​នៅ​កូរ៉េ​ខាង​ត្បូង​និយាយថា​ ទាហាន​និង​អ្នក​ធ្វើ​ដំណើរ៣៤​នាក់​ធ្វើ​តេស្ត​ឃើញ​កូវីដ១៩​ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​ដំណើរ​ពី​សហរដ្ឋ​អាមេរិក។ នេះ​ជា​ការ​កើនឡើង​ខ្លាំង​សម្រាប់​យោធា​អាមេរិក​នៅ​កូរ៉េខាង​ត្បូង​ដែល​កន្លង​មក​មាន​ករណី​ឆ្លង​តិចតួច​ប៉ុណ្ណោះ។

សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង​បាន​លុប​ចោល​សមយុទ្ធ​រួម​គ្នា​មួយ​កាល​ពី​ដើម​ឆ្នាំ​នេះ​ដោយ​សារ​កូវីដ១៩ ហើយ​ការ​កើន​ឆ្លង​ថ្មី​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ការ​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​មួយ​ទៀត។

នៅ​ទូទាំង​ពិភពលោក កាល​ពី​ថ្ងៃ​ចន្ទ វីរុស​កូរ៉ូណា​បាន​ឆ្លង​ដល់​មនុស្ស​ជាង១២,៩​លាន​នាក់ ហើយ​ជំងឺ​កូវីដ១៩​បាន​សម្លាប់​មនុស្សជិត​៥៧០.០០០នាក់៕

XS
SM
MD
LG