សព្វថ្ងៃនេះទន្លេមេគង្គកំពុងតែជួបប្រទះការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋពីការសាងសង់ទំនប់វារីអគ្គិសនីនិងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនតាមដងទន្លេមេគង្គ ជាពិសេសនៅតំបន់មេគង្គលើ។ បញ្ហានេះបានធ្វើឲ្យមានការព្រួយបារម្មណ៍ដល់អ្នកសិក្សាស្រាវជ្រាវនិងអ្នកអភិរក្សបរិស្ថានជាច្រើន។ ក្នុងចំណោមនោះមានលោកប្រ៉ៃអិន អៃល័រ (Brian Eyler) ដែលលោកបានចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាស្រាវជ្រាវទន្លេមេគង្គនិងចងក្រងសៀវភៅមួយក្បាលដែលមានចំណងជើងថា «Last Days of the Mighty Mekong» និងមានន័យជាភាសាខ្មែរថា «ថ្ងៃចុងក្រោយរបស់ទន្លេមេគង្គដ៏មហិមា» ដែលបានបោះពុម្ពផ្សាយកាលពីខែកុម្ភៈកន្លងមកនេះ។ គោលបំណងនៃសៀវភៅនេះគឺចង់បង្ហាញទស្សនិកជនឲ្យយល់ដឹងពីសារៈសំខាន់នៃទន្លេមេគង្គដ៏មហិមានេះនិងបញ្ហាប្រឈមដែលទន្លេមេគង្គនិងប្រជាពលរដ្ឋនៅតាមតំបន់កំពុងជួបប្រទះ។
គម្រោងអភិវឌ្ឍន៍នៅតាមតំបន់ទន្លេមេគង្គបង្កការគំរាមកំហែងដល់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនិងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់។ នេះបើតាមការបកស្រាយនៅក្នុងសៀវភៅថ្មីដែលនិពន្ធដោយលោក Brian Eyler ដែលជាអ្នកជំនាញម្នាក់ស្តីពីបញ្ហាតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងសៀវភៅថ្មី «Last Days of the Mighty Mekong» ឬក៏មានន័យជាភាសាខ្មែរថា «ថ្ងៃចុងក្រោយរបស់ទន្លេមេគង្គដ៏មហិមា» ដែលបានបោះពុម្ពផ្សាយកាលពីខែកុម្ភៈកន្លងមកនេះ លោក Eyler បង្ហាញពីការសិក្សាយ៉ាងលម្អិតមួយទៅលើស្ថានភាពបច្ចុប្បន្ននៃទន្លេមេគង្គ និងផលប៉ះពាល់ដល់បរិស្ថាននិងសង្គមយ៉ាងធ្ងន់ធ្ងរពីការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមផ្លូវទឹកទន្លេមួយនេះ។
ទន្លេមេគង្គគឺជាទីជម្រកដល់ប្រជាជនជាង៧០លាននាក់។ ជីវចម្រុះនិងធនធានទឹកជាច្រើនរបស់ទន្លេរួមមាន ត្រី រ៉ែ ដីល្បាប់ និងទឹកជាដើម ជួយទ្រទ្រង់ការចិញ្ចឹមជីវិតរបស់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Eyler ដែលជានាយកកម្មវិធីសិក្សាតំបន់អាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌល Stimson Center បានកត់សម្គាល់នៅក្នុងសៀវភៅរបស់លោកថា៖
«ធនធានត្រីដ៏ច្រើនក្រៃលែងនៅក្នុងទន្លេមេគង្គបានធ្វើឲ្យទន្លេនេះជាអាងជលផលទឹកសាបដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលអាចឲ្យប្រជាពលរដ្ឋធ្វើការប្រមូលផលត្រីបានជាង២លានតោនក្នុង១ឆ្នាំៗ។ គ្មានអាងទន្លេក្នុងពិភពលោកណាអាចធ្វើដូចអាងទន្លេមេគង្គបាននោះទេ»។
រយៈពេលមួយទសវត្សរ៍នេះ លោក Eyler បានធ្វើដំណើរឆ្លងកាត់ប្រទេសក្នុងតំបន់ទន្លេមេគង្គនិងចំណាយពេលជួបពិភាក្សាជាមួយក្រុមសហគមន៍ដែលប៉ះពាល់ ក្រុមអ្នកសិក្សាស្រាវជ្រាវ អ្នកនយោបាយ និងអ្នកតាក់តែងច្បាប់ជាច្រើននាក់ ដើម្បីប្រមូលទិន្នន័យទាក់ទងនឹងការប្រែប្រួលប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ។
លោក Eyler បានប្រាប់VOAថា៖
«ខ្ញុំព្យាយាមចាប់យកវិធីពេញលេញមួយដើម្បីបង្ហាញទស្សនិកជនទូទៅ មិនមែនសម្រាប់តែអ្នកជំនាញនោះទេ ឲ្យបានដឹងអំពីអ្វីដែលកំពុងកើនឡើងទៅលើតំបន់ទន្លេមេគង្គនាពេលបច្ចុប្បន្ន។ហើយសៀវភៅនេះពិនិត្យមើលផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គលើ និងមើលថាតើសហគមន៍កំពុងធ្វើការឆ្លើយតបយ៉ាងដូចម្តេចចំពោះបញ្ហាទាំងអស់នេះ»។
បញ្ហាមួយដែលព្រួយបារម្មណ៍ខ្លាំងបំផុតដែលលោកបានជួបប្រទះគឺការកើនឡើងឆាប់រហ័សនៃការរីកលូតលាស់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ចិននៅទូទាំងតំបន់ទន្លេមេគង្គ ដែលគម្រោងអភិវឌ្ឍន៍ភាគច្រើននោះស្ថិតនៅតំបន់មេគង្គលើនៅក្នុងប្រទេសចិន។
នៅក្នុងសៀវភៅ «ថ្ងៃចុងក្រោយរបស់ទន្លេមេគង្គដ៏មហិមា» លោកEyler ពិភាក្សាពីការគំរាមកំហែងផ្នែកវប្បធម៌ទៅលើការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋក្នុងតំបន់ទន្លេមេគង្គដោយផ្តោតសំខាន់ទៅលើតំបន់ខ្ពង់រាបអាស៊ីអាគ្នេយ៍ដែលត្រូវបានគេហៅថា តំបន់ Zomia។
លោក Eylerបានបន្តទៀតថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ខ្ពង់រាបនៃតំបន់អាស៊ីអាគ្នេយ៍នោះ ប្រឈមមុខនឹងឧបសគ្គជាច្រើនដោយសារតែការផ្លាស់ប្តូរទីលំនៅ និងផលប៉ះពាល់នៃបរិស្ថានដែលបានបង្កឡើងពីការសាងសង់ទំនប់វារីអគ្គិសនី។ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិននិងលោកខាងលិចនឹងផ្លាស់ប្តូរតំបន់ Zomia ពីតំបន់ប្រជុំព្រៃឈើសម្រាប់មនុស្សជាតិដ៍ពិសេសមួយទៅជាកន្លែងសកលភាវូបនីយកម្ម។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីបានបង្ខំប្រជាជននៅមូលដ្ឋានរួមមានក្រុមជនជាតិភាគតិចជាដើមឲ្យធ្វើការចំណាកស្រុកនិងផ្លាស់ទីលំនៅទៅកន្លែងថ្មី។ លោកបានអះអាងថា ពួកគេជួបបញ្ហាសង្គមនិងសេដ្ឋកិច្ចជាច្រើនក្នុងការបង្កើតជីវិតរស់នៅថ្មី។
លោក Eyler បានបន្តទៀតថា បើទោះបីជាអាងទន្លេមេគង្គដ៏មហិមានេះផ្តល់ធនធានធម្មជាតិដ៏ច្រើនក្រៃលែងដើម្បីជួយទ្រទ្រង់ជីវភាពរបស់ប្រជាជនរាប់ពាន់លាននាក់យ៉ាងណាក្តី ការគំរាមកំហែងពីការអភិវឌ្ឍន៍ បម្រែបម្រួលអាកាសធាតុ និងការនេសាទត្រីហួសកម្រិតបាននាំឲ្យតំបន់ទន្លេមេគង្គខិតជិតដល់មាត់ជ្រោះដ៏គ្រោះថ្នាក់។
កញ្ញា Sarah Rose-Jensen បេក្ខជនបណ្ឌិត និងអ្នកជំនួយការសិក្សាស្រាវជ្រាវនៅឯសាកលវិទ្យាល័យ George Mason ដែលបានចូលរួមការសម្ពោធសៀវភៅនេះ បានមានប្រសាសន៍ថា៖
«ខ្ញុំយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោក Eyler ដែលថាទន្លេមេគង្គកំពុងស្ថិតក្នុងភាពគំរាមកំហែងដ៏ធ្ងន់ធ្ងរ ហើយឧបសគ្គនៃអភិបាលកិច្ចរវាងប្រទេសនៅក្នុងតំបន់ទន្លេមេគង្គធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើង»។
កញ្ញាបានបន្តទៀតថា៖
«ខ្ញុំគិតថាអនាគតរបស់ទន្លេមេគង្គគួរឲ្យព្រួយបារម្ភ និងមានឧបសគ្គជាច្រើន។ ខ្ញុំមានភាពភ័យខ្លាចចំពោះអាងទន្លេមេគង្គ»។
ផលប៉ះពាល់ដល់តំបន់ទន្លេមេគង្គក្រោម
អ្នកសិក្សាស្រាវជ្រាវជាច្រើនបានកត់សម្គាល់ថាមានផលប៉ះពាល់អវិជ្ជមានពីសកម្មភាពអភិវឌ្ឍន៍ខ្នាតធំជាច្រើនទៅលើដងទន្លេមេគង្គ ជាពិសេសប្រទេសនៅក្នុងតំបន់ទន្លេមេគង្គក្រោមរួមមានប្រទេសឡាវ កម្ពុជា និងវៀតណាម។
លោក Eyler បាននិយាយថា ទំនប់នៅតំបន់ទន្លេមេគង្គលើក្នុងប្រទេសចិនគ្រប់គ្រងលំហូរទឹកនិងទប់ដីល្បាប់ដ៏មានជីជាតិមិនឲ្យហូរចុះមកតំបន់ទន្លេមេគង្គក្រោម។ ជាលទ្ធផល វាបានរំខានដល់បំលាស់ទីរបស់ត្រី អាហារ និងធ្វើឲ្យមានទឹកជំនន់ឡើងវិញ។
អ្នកជំនាញនានាបាននិយាយថា បន្ថែមពីលើនេះទៅទៀត គម្រោងសាងសង់ទំនប់របស់ចិននៅក្នុងប្រទេសឡាវបានធ្វើឲ្យមានបញ្ហាឲ្យកាន់តែធ្ងន់ធ្ងរឡើង។ ទំនប់ចំនួន៥០កំពុងត្រូវបានសាងសង់នៅក្នុងប្រទេសឡាវ ដែលទំនប់ទាំងអស់នេះបានបង្កការបំផ្លិចបំផ្លាញបរិស្ថានដល់ទន្លេមេគង្គ។ នៅក្នុងសៀវភៅ «ថ្ងៃចុងក្រោយរបស់ទន្លេមេគង្គដ៏មហិមា»នេះ។ លោក Eyler ក៏បានដាស់តឿនពីបញ្ហាដែលអាចកើតឡើងពីគម្រោងទំនប់វារីអគ្គិសនីដែលនឹងត្រូវសាងសង់នៅទន្លេដនសាហុងក្នុងប្រទេសឡាវផងដែរ។
ក្នុងចំណោមប្រទេសនៅតំបន់ទន្លេមេគង្គក្រោមទាំងអស់នោះ ប្រទេសកម្ពុជាក៏ជួបប្រទះការគំរាមកំហែងបរិស្ថាននិងអេកូឡូស៊ីជាច្រើនពីទំនប់វារីអគ្គិសនីនៅក្នុងប្រទេសចិននិងឡាវ ដែលបង្កជាផលប៉ះពាល់ដល់បឹងទន្លេសាប ដែលជាប្រភពម្ហូបអាហារសំខាន់ជាងគេបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោក Eyler បានឲ្យដឹងថា បឹងទន្លេសាបផលិតត្រីចំនួន ៥០០០០០តោន(កន្លះលាន) ជារៀងរាល់ឆ្នាំ ហើយផ្តល់ជាតិប្រូតេអ៊ីនដល់ទៅ៧៥%ដល់ប្រជាជនកម្ពុជា។
លោកបានមានប្រសាសន៍ថា៖
«ទំនប់វារីអគ្គិសនីនៅតំបន់មេគង្គលើ និងការប្រែប្រួលអាកាសធាតុនឹងកំណត់ឡើង វិញទាំងស្រុងចំពោះជីវភាពពលរដ្ឋនៅជុំវិញបឹងទន្លេសាប និងប្រទេសកម្ពុជាជារួម ពីព្រោះអ្វីដែលកើតឡើងចំពោះតំបន់ទន្លេមេគង្គក៏កើតឡើងចំពោះប្រទេសកម្ពុជាផងដែរ។ ហើយនេះគឺអ្វីដែលសំខាន់ដែលយើងត្រូវដឹង។ អ្វីដែលកើតឡើងចំពោះប្រទេសកម្ពុជាក៏អាចកើតឡើងចំពោះតំបន់ទន្លេមេគង្គដែរ។ បឹងទន្លេសាបគឺជាដង្ហើមបេះដូងនៃប្រព័ន្ធទន្លេទាំងមូល។ ហ្វូងត្រីហែលចូលមកបឹងទន្លេសាបនិងចេញពីបឹងទន្លេសាប។ ហើយចង្វាក់ប្រចាំឆ្នាំមួយនេះត្រូវការការថែរក្សាការពារ មិនមែនសម្រាប់តែប្រទេសកម្ពុជាតែមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទន្លេមេគង្គទាំងមូលផងដែរ»។
លោកបានបន្ថែមទៀតថា តំបន់ដីសណ្តទន្លេមេគង្គនៅក្នុងប្រទេសវៀតណាមត្រូវបានប្រែប្រួលពីតំបន់ដែលមានស្ថិរភាពមួយទៅជាតំបន់ដែលលិចទឹក។ នេះបណ្តាលមកពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនី ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការបូមទឹកចេញពីក្រោមដី។
ដំណោះស្រាយផ្សេងៗ
លោកEyler ក៏បានលើកឡើងពី អ្វីដែលបណ្តាប្រទេសតំបន់ទន្លេមេគង្គទាំងអស់ ជាពិសេសរដ្ឋាភិបាលរបស់ប្រទេសទន្លេមេគង្គក្រោមអាចធ្វើ ដើម្បីកាត់បន្ថយគ្រោះហានិភ័យ និងទប់ទល់បញ្ហាវិបត្តិនានា នាពេលអនាគតដែលបណ្តាលមកពីការ អភិវឌ្ឍន៍នៅតាមដងទន្លេមេគង្គ។
លោកបាននិយាយទៀតថា៖
«សៀវភៅនេះពិនិត្យមើលពីវិធីរបស់សហគមន៍នានាដែលឆ្លើយតបទៅនឹងផលប៉ះពាល់ទាំងនេះក៏ដូចជាគិតអំពីរបៀបដែលប្រទេសនានាក្នុងតំបន់ទន្លេមេគង្គ ដូចជាប្រទេសកម្ពុជាជាដើម អាចលើកកម្ពស់កម្មវិធីទ្រទ្រង់ការអភិវឌ្ឍន៍ដើម្បីទាញយកថាមពលតាមវិធីផ្សេងទៀតដែលអាចអភិរក្សបឹងទន្លេសាបពីព្រោះបឹងនេះមានសារៈសំខាន់ណាស់សម្រាប់អនាគតប្រទេសកម្ពុជា»។
លោកបានបន្ថែមទៀតថា មកដល់ពេលនេះ ការផ្លាស់ប្តូរទីលំនៅថ្មីមិនទាន់អាចជួយប្រជាជនដែលត្រូវបានជម្លៀសខ្លួនដោយសារតែការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់បរិស្ថានបណ្តាលមកពីទំនប់វារីអគ្គិសនីបាននោះទេ។
កញ្ញា Rose-Jensen មកពីសាកលវិទ្យាល័យ George Mason បាននិយាយថា៖
«បញ្ហាដ៏ចម្បងមួយ គឺគម្រោងផ្លាស់ទីលំនៅនិងតាំងទីលំនៅថ្មីមិនទាន់មានភាពគ្រប់គ្រាន់នៅឡើយទេ។ វាមិនមានភាពគ្រប់គ្រាន់ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធ និងឱកាសសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅ»។
លោក Carlos Rodriguez អ្នកស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់នៅក្រុមហ៊ុនSTEM ដែលបានចូលរួមក្នុងពិធីសម្ពោធសៀវភៅនេះបាននិយាយថា បណ្តាប្រទេសនៅក្នុងតំបន់ទន្លេមេគង្គគួរតែធ្វើឲ្យមានតុល្យភាពរវាងការអភិវឌ្ឍន៍និងការអភិរក្ស។
លោកបានបន្តទៀតថា៖
«ខ្ញុំគិតថា ការប្រឈមទាំងមូលចំពោះពិភពលោកនាពេលឥឡូវនេះគឺការស្វែងរកវិធីដើម្បីធ្វើឲ្យមានតុល្យភាពរវាងការប្រើប្រាស់ថាមពលនិងការកាត់បន្ថយគ្រោះមហន្តរាយដល់បរិស្ថាននិងមនុស្សជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។
កញ្ញាRose Jensen បានបន្ថែមថា ភាពស្មើគ្នានៃការចែកចាយថាមពលក៏ជាកត្តាមួយដែលគួរឲ្យព្រួយបារម្ភ។
កញ្ញាបានបន្ថែមទៀតថា ៖
«យើងទើបតែបានឃើញពីការធ្វើបទបង្ហាញដោយលោក Eylerថា ទំនប់វារីអគ្គិសនីរបស់ចិនផលិតថាមពលច្រើនហួសហេតុ ខណៈដែលប្រទេសមួយចំនួនដូចជាប្រទេសកម្ពុជានិងប្រទេសឡាវ កំពុងតែត្រូវការថាមពល។ ដូច្នេះការឆ្លើយតបទៅបញ្ហានេះគឺប្រហែលជាមិនមែនសាងសង់ទំនប់វារីអគ្គិសនីបន្ថែមនោះទេ ប៉ុន្តែគួរតែមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីនាំចេញថាមពលអគ្គិសនីទាំងនោះទៅទូទាំងប្រទេសក្នុងតំបន់វិញ»។
យោងតាមលោក Eyler រដ្ឋាភិបាលវៀតណាមទទួលស្គាល់បញ្ហាកំពុងប្រឈមនានា ហើយកំពុងតែកសាងយន្តការភាពធន់ដើម្បីទប់ទល់នឹងបញ្ហាទាំងអស់នោះ។ លោកនិយាយថា រដ្ឋាភិបាលវៀតណាមកំពុងចាត់វិធានការយ៉ាងតឹងរឹង ដូចជា ការស្វែងរកប្រភពថាមពលជំនួស និងរឹតបន្តឹងការបូមទឹកក្រោមដី ដើម្បីការពារកុំឲ្យមានការរេចរឹលនៃបរិស្ថាននិងការពារប្រជាពលរដ្ឋនៅតំបន់ដីសណ្តទន្លេមេគង្គ។
លោក Eyler បានបន្តទៀតថា ប៉ុន្តែប្រទេសចិន ឡាវនិងកម្ពុជាមិនទាន់បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនិងការកាត់បន្ថយផលប៉ះពាល់បរិស្ថាននោះទេ។
លោកមានប្រសាសន៍ថា គណៈកម្មការទន្លេមេគង្គបានទទួលរងនូវការរិះគន់យ៉ាងខ្លាំងដោយសារតែភាពបរាជ័យរបស់ស្ថាប័ននេះក្នុងការធ្វើអន្តរាគមន៍ឲ្យមានប្រសិទ្ធភាពនិងការទប់ស្កាត់កុំឲ្យប្រទេសដែលមានមហិច្ឆតាដូចជា ប្រទេសចិននិងឡាវ បន្តការសាងសង់ទំនប់វារីអគ្គិសនីនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅលើដងទន្លេមេគង្គបន្ថែមទៀត។
គម្រោងអភិវឌ្ឍន៍របស់ប្រទេសចិននិងក្រុមអ្នកវិនិយោគទុនផ្សេងៗ គឺជាកត្តាចម្បងដែលចូលរួមចំណែកក្នុងការបំផ្លិចបំផ្លាញប្រព័ន្ធទន្លេមេគង្គដ៏ធំមហិមានេះ។ហើយបញ្ហានេះមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន វប្បធម៌ និងសេដ្ឋកិច្ច ដែលគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់នៅតាមដងទន្លេមេគង្គ៕