ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​ថ្មី​ស្ដីពី​​ការ​សម្លាប់​រង្គាល​ក្នុង​ពិភពលោក នឹង​ចូល​ក្នុង​កម្មវិធី​សិក្សា​សាលា​នៅ​កម្ពុជា


គម្របសៀវភៅ «‍អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក» ដែល​នឹង​​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​តាម​ថ្នាក់​រៀន​ក្នុង​ប្រទេស​កម្ពុជានៅខែក្រោយនេះ។ (រូបថតដោយមជ្ឈមណ្ឌលឯកសារកម្ពុជា)
គម្របសៀវភៅ «‍អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក» ដែល​នឹង​​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​តាម​ថ្នាក់​រៀន​ក្នុង​ប្រទេស​កម្ពុជានៅខែក្រោយនេះ។ (រូបថតដោយមជ្ឈមណ្ឌលឯកសារកម្ពុជា)

សៀវភៅ​ថ្មី​ស្ដីពី​អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​សម្លាប់​រង្គាល​ក្នុង​ប្រទេស​ចំនួន​៥​នៅ​ជុំវិញ​ពិភពលោក​រួម​ទាំង​នៅ​កម្ពុជា​ផង នឹង​ត្រូវ​ចែកចាយ​និង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​តាម​ថ្នាក់​រៀន​នៅប្រទេស​កម្ពុជា​ក្នុង​ខែ​វិច្ឆិកា​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៨​ខែ​វិច្ឆិកា

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​«‍អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក» សិក្សា​ពី​បទពិសោធន៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អាមេនី អាល្លឺម៉ង់ បូស្ន៊ី រវ៉ាន់ដា និង​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា សៀវភៅ​នេះ​មាន​គោល​ដៅ​ក្លាយ​ជា​ឯកសារ​បង្រៀន​សម្រាប់​លោកគ្រូ​អ្នក​គ្រូ​ប្រើប្រាស់​ក្នុង​ការ​ផ្ដល់​ចំណេះដឹង​បន្ថែម​ទៀត​ដល់​សិស្សានុសិស្ស អំពី​អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​សម្លាប់​រង្គាល​នៅ​តាម​បណ្ដា​ប្រទេស​ដទៃ​ទៀត។

លោក ឆាំង​ យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះថា​សៀវភៅ​នេះ​ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​វិវត្ត​ខ្លួន​ពី​សង្គម​មួយ​ដែល​ធ្លាប់​ត្រូវ​បាន​ញាំញី​ដោយ​ការ​សម្លាប់​រង្គាល​ទៅ​ជា​សង្គម​មួយ​ដែល​អាច​តទល់​នឹង​អតីតកាល​របស់​ខ្លួន​បាន។

កន្លង​មក​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​បោះពុម្ព​ផ្សាយ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​«‍ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​តាម​ថ្នាក់​រៀន​ក្នុង​ប្រទេស​កម្ពុជា​រួចហើយ។​

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រួម​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កម្ពុជា​ដែល​គាំទ្រ​សៀវភៅ​ថ្មី​ស្ដីពី​អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​សម្លាប់​រង្គាល​ក្នុង​ពិភពលោក​នេះ គ្រោង​នឹង​ចែក​ចាយ​សៀវភៅ​ថ្មី​ដែល​មាន​កម្រាស់​១០១​ទំព័រ​នេះ​ជា​សាធារណៈ​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ក្នុង​ទីក្រុង​ភ្នំពេញ​នៅព្រឹក​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា៕

XS
SM
MD
LG