រដ្ឋធានីវ៉ាស៊ីនតោន — មុនរបបខ្មែរក្រហមចូលមកដល់ លោក ហ៊ឹម សុភី គឺជានិស្សិតតូរ្យតន្ត្រីម្នាក់នៅរាជធានីភ្នំពេញ។ កើតក្នុងគ្រួសារអ្នកតន្ត្រីបុរណនៅខេត្តព្រៃវែង ដោយមានជីតា និងឪពុកជាអ្នកប្រគុំតន្ត្រីពិណពាទ្យ និងភ្លេងអារក្សនិងភ្លេងការ លោក ហ៊ឹម សុភី មានទេពកោសល្យដ៏ពិសេស ចំណាប់អារម្មណ៍ និងក្តីស្រឡាញ់លើការនិពន្ធតូរ្យតន្ត្រីតាំងពីក្មេង។
ក៏ប៉ុន្តែ ក្តីសង្ឃឹមរបស់លោកក្នុងការបន្តការសិក្សាខាងផ្នែកតូរ្យតន្ត្រីនៅមហាវិទ្យាល័យតូរ្យតន្ត្រី* រាជធានីភ្នំពេញ ឲ្យបានចប់ចុងចប់ដើម ត្រូវបានផ្អាកមួយរយៈ ដោយសារតែសង្គ្រាមស៊ីវិលនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។ ហើយនៅឆ្នាំ១៩៧៥ ក្រុមកុម្មុយនិស្តខ្មែរក្រហមបានឡើងដឹកនាំប្រទេសឲ្យធ្លាក់ក្នុងអំពើប្រល័យពូជសាសន៍។ របបកុម្មុយនិស្តមួយនេះបានសម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងហោចណាស់ ១លាន ៧សែននាក់ មុននឹងរបបនេះត្រូវបានផ្តួលរំលំនៅខែមករា ឆ្នាំ១៩៧៩។
«ខ្ញុំរៀននៅពេលដែលខ្ញុំជាប់ហ្នឹង គឺនៅឆ្នាំ ៧២ ទៅដល់ឆ្នាំ ៧៥។ ឆ្នាំហ្នឹងគឺនៅក្រោមសង្គ្រាមស៊ីវិល។ ដល់អីចឹង ឆ្នាំចុងក្រោយ ឆ្នាំ៧៤ ៧៥ហ្នឹង គឺមានគ្រាប់ផ្លោងពីខ្មែរក្រហមចូលមកភ្នំពេញហ្នឹង។ ជួនកាលកំពុងតែហាត់ព្យាណូអីចឹង គ្រាប់ផ្លោងមក លោតទៅក្រាបអីចឹងទៅ។ វាមានការលំបាកច្រើន ប៉ុន្តែចេះតែខំរៀនទៅ»។
ដូចគ្នានឹងយុវជនក្មេងៗផ្សេងទៀតដែរ លោក ហ៊ឹម សុភី ដែលពេលនោះមានអាយុត្រឹមតែ១៣ឆ្នាំ ត្រូវបានបំបែកពីក្រុមគ្រួសារ ហើយធ្វើការទាំងបង្ខំនៅស្រុកកំណើតរបស់លោកនៅខេត្តព្រៃវែង។
«ហើយសម័យខ្មែរក្រហម គឺថាសឹងតែមិនរស់ផង ព្រោះអីមានពេលខ្លះ អត់បាយខ្លាំងមែនទែន ហើយធ្វើការធ្ងន់ពីឆ្នាំ ៧៦ ខ្ញុំដើរសឹងតែមិនរួច នៅកូនក្មេងទេ តែធ្វើការធ្ងន់ ហើយខ្ញុំមាឌធំបន្តិច ខ្ញុំមាឌទំឡោក។ ប៉ុន្តែ ចេះតែរស់ទៅ ដូចគេដូចឯង ប៉ុន្តែវាពិបាកខ្លាំង មានដេកផ្ទាល់ដី។ ហើយប៉ុន្មានឆ្នាំ ជិត៤ឆ្នាំហ្នឹង គឺមិនដែលសិតសក់ អត់មានស្បែកជើងពាក់ ខោអាវរហែក និយាយរួមគឺពិបាក»។
ជាសំណាងល្អ យុវជនវ័យក្មេងដែលមានទេពកោសល្យដ៏ពិសេសខាងតូរ្យតន្ត្រីរូបនេះបានរស់រានមានជីវិតពីភាពអត់ឃ្លាន ការធ្វើការបាក់កម្លាំង និងទារុណកម្ម។ ក៏ប៉ុន្តែ វាសនារបស់តន្ត្រីករ និងសិល្បៈករល្បីៗមួយចំនួនក្រោមរបបខ្មែរក្រហម មិនល្អដូចលោក ហ៊ឹម សុភី នោះទេ។
ខ្មែរក្រហមបានសម្លាប់តន្ត្រីករនិងសិល្បៈករ ហើយលុបបំបាត់ និងបំផ្លាញសិល្បៈនិងវប្បធម៌ខ្មែរ គ្រប់ទម្រង់ ដោយសារមហិច្ឆតារបស់ខ្លួនក្នុងការបង្កើតរបបស្អាតស្អំមួយ។ ប៉ុន្តែ ទោះបីជាពួកកុម្មុយនិស្តខ្មែរក្រហមបានព្យាយាមលុបបំបាត់ និងបំផ្លាញសិល្បៈខ្មែរក៏ដោយ ក៏ពលរដ្ឋដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍មួយនេះ ដូចជាលោក ហ៊ឹម សុភី បានបន្តធ្វើយ៉ាងណាឲ្យសិល្បៈនិងវប្បធម៌ខែ្មរបានរស់ឡើងវិញ។
«ការបំផ្លាញរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃហ្នឹង យើងគិតថា ពួកខ្មែរក្រហមសម្លាប់សិល្បៈករធំៗអីមែន ប៉ុន្តែយ៉ាងណាមិញ ឈាមជ័រជាខ្មែរមិនអាចអស់ វានៅតែមានអ្នកនៅសល់បន្តវេនអីចឹង។ ហើយមានគេសម្លាប់អស់ច្រើនមែន តែសម្រាប់អ្នកដែលនៅរស់ទាំងប៉ុន្មានហ្នឹង ក៏បានខិតខំធ្វើឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ យើងមាននៅសល់តន្ត្រីបុរាណរបស់យើង ពិណពាទ្យ មហោរី ភ្លេងការ ភ្លេងអារក្សអីក៏មានដែរ មានដល់សព្វថ្ងៃ»។
សព្វថ្ងៃលោកបណ្ឌិត ហ៊ឹម សុភី គឺជាអ្នកនិពន្ធតូរ្យតន្ត្រីខ្មែរដ៏ល្បីល្បាញមួយរូបទាំងក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ។ ដោយទទួលបានការអប់រំជាន់ខ្ពស់ផ្នែកតូរ្យតន្ត្រី និងតន្ត្រីវិទ្យាពីសាកលវិទ្យាល័យMoscow State Tchaikovsky Conservatory ប្រទេសរុស្ស៊ី រួមផ្សំជាមួយនឹងការច្នៃប្រឌិត និងទេពកោសល្យ ស្នាដៃនិពន្ធរបស់លោក ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ ទទួលស្គាល់យ៉ាងខ្លាំង។
ស្នាដៃនិពន្ធល្បីៗរបស់លោកដែលភាគច្រើនឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងរឿងរ៉ាវរបស់ប្រជាពលរដ្ឋខ្មែរ រួមមានការនិពន្ធការសម្តែងល្ខោនអូប៉េរ៉ា (Opera) លើកដំបូងនៅកម្ពុជានិងឆាកអន្តរជាតិ ដែលមានចំណងជើងថា «ទីដំរីយំ» និងស្នាដៃសិល្បៈ «បង្សុកូល» ដែលមានការសម្តែងរួមជាមួយនឹងការប្រគុំតន្ត្រីបុរាណខ្មែរនិងបស្ចឹមប្រទេស និងស្នាដៃធំៗផ្សេងទៀត។
នៅខែវិច្ឆិកាខាងមុខនេះ «បង្សុកូល» នឹងត្រូវបានយកមកសម្តែងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានការកោតសរសើរនិងស្ញប់ស្ញែងពីសហគមន៍អន្តរជាតិ ទាំងពីក្រុមអ្នកនិពន្ធតន្ត្រីនិងក្រុមអ្នកទស្សនានៅសហរដ្ឋអាមេរិក អូស្ត្រាលីនិងបារាំងជាដើម។ អ្នកនិពន្ធតន្ត្រីវ័យ៥៧ឆ្នាំរូបនេះ បានឲ្យដឹងថា ការសម្តែងលើកដំបូងនៅកម្ពុជានេះ នឹងធ្វើឡើងនៅក្នុងមហោស្រពសិល្បៈដើម្បីសន្តិភាព ឬ Arts4Peace Festival ដែលជាមហោស្រពសិល្បៈដ៏ធំបង្អស់មួយនៅកម្ពុជាសម្រាប់ឆ្នាំ២០១៩ ដែលបើកជូនជាសាធារណៈនៅរាជធានីភ្នំពេញ។
មហោស្រពសិល្បៈដើម្បីសន្តិភាព
រៀបចំឡើងដោយអង្គការសិល្បៈខ្មែរអមតៈ (Cambodian Living Arts) មហោស្រពសិល្បៈដើម្បីសន្តិភាពនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់កិត្តិយស និងអបអរសាទរដល់កិច្ចខំប្រឹងប្រែងរបស់សិល្បៈករខ្មែរគ្រប់រូប ដែលបានចូលរួមក្នុងការអភិរក្ស និងបង្កើតថ្មីនៃសិល្បៈនិងវប្បធម៌ខ្មែរ ដែលនៅសេសសល់ពីរបបខ្មែរក្រហម។ នេះបើតាមការបញ្ជាក់របស់កញ្ញា យ៉ុន សុខខន ប្រធានកម្មវិធីអភិវឌ្ឍន៍សិល្បៈនៃអង្គការសិល្បៈខ្មែរអមតៈ។
«មហោស្រពសិល្បៈដើម្បីសន្តិភាពនេះ គឺយើងធ្វើឡើងក្នុងគោលបំណងដើម្បីជាការដឹងគុណនិងជាការអបអរសាទរដល់សិល្បៈករបីជំនាន់ ដែលពួកគាត់បានពលី និងធ្វើការយ៉ាងសស្រាក់សស្រាំនៅក្នុងវិស័យសិល្បៈនិងវប្បធម៌ ទៅក្នុងការអភិរក្ស អភិវឌ្ឍ ក៏ដូចជាបង្កើតស្នាដៃថ្មីៗ នៅក្នុងរយៈពេល៤០ឆ្នាំចុងក្រោយក្រោយពីការដួលរលំនៃរបបខ្មែរក្រហមហ្នឹង »។
មហោស្រពនេះនឹងចាប់ផ្តើមដំណើរការរយៈពេល១០ថ្ងៃ ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ នៅទីតាំងចំនួន៥កន្លែងនៅរាជធានីភ្នំពេញ រួមមានវិទ្យាស្ថានភាសាបរទេស មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន ឬហៅកាត់ថា CJCC រោងល្ខោនចតុមុខ និងវិទ្យាស្ថានភាសាបារាំង។ ការសម្តែងសិល្បៈជាច្រើនទម្រង់នៅក្នុងមហោស្រពនេះ រួមមាន របាំបុរាណ ការប្រគុំតន្ត្រីភ្លេងបុរាណ ការសម្តែងល្ខោននិយាយ អមជាមួយនឹងការតាំងពិព័រណ៍ និងការពិភាក្សាជាមួយគ្រូសិល្បៈ និងអ្នកសិល្បៈជាច្រើននាក់មកពីគ្រប់មជ្ឈដ្ឋានទៀតផង។
ការរៀបចំឲ្យមានមហោស្រពសិល្បៈដើម្បីសន្តិភាពនេះ ក៏ធ្វើឡើងដើម្បីអបអរសាទរខួប២០ឆ្នាំនៃដំណើរប្រតិបត្តិការរបស់អង្គការសិល្បៈខ្មែរអមតៈ ដែលធ្វើការផ្តោតសំខាន់លើការថែរក្សា អភិរក្ស និងការវិវត្តថ្មីនៃសិល្បៈខ្មែរ។ ក្នុងរយៈពេល២០មកនេះ អង្គការសិល្បៈមួយនេះបានធ្វើកិច្ចការជាច្រើន ក្នុងការទប់ស្កាត់ការបាត់បង់សិល្បៈខ្មែរតាមរយៈកិច្ចការថែរក្សានិងអភរិក្ស និងក្នុងការជំរុញឲ្យមានការបន្តកេរដំណែលនិងបង្កើតថ្មី តាមរយៈការបង្កើតគម្រោងផ្តល់អាហារូបករណ៍ដល់យុវជនជំនាន់ក្រោយ និងការស្វែងរកសិល្បៈករនានា ដែលតស៊ូរក្សាកេរដំណែលសិល្បៈខ្មែរ។
នៅក្នុងមហោស្រពរយៈពេល១០ថ្ងៃនេះ សាធារណជននឹងបានឃើញការសម្តែងរបស់សិល្បៈករបីជំនាន់ ដែលនេះគឺជាឱកាសដ៏កម្រមួយក្នុងការប្រមូលផ្តុំសិល្បៈករមកពីគ្រប់ជំនាន់ និងគ្រប់ទម្រង់ ឲ្យបានមកពិភាក្សានិងចែករំលែកបទពិសោធន៍របស់ខ្លួនពីគ្នាទៅវិញទៅមក។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី សូ ភីណា ប្រធានកម្មវិធីចំណេះដឹង បណ្តាញនិងគោលនយោបាយវប្បធម៌នៃអង្គការសិល្បៈខ្មែរអមតៈ។
«ដើម្បីកសាងអនាគតកម្ពុជាមួយដែលមានស្ថិរភាព យើងត្រូវស្គាល់ថាអ្វីដែលយើងមានសព្វថ្ងៃ ហើយត្រូវរៀនអំពីប្រវត្តិសាស្ត្រដែលយើងមានពីថ្ងៃអនាគត បើមិនអីចឹងទេ យើងអាចធ្វើនូវអ្វីដែលយើងចង់ឲ្យកើតឡើងនៅពេលអតីតកាលដដែល។ អីចឹងអ្នកទាំងបីជំនាន់ហ្នឹង គឺជាកាតាលីមួយដ៏សំខាន់ដែលត្រូវរៀនទទួលស្គាល់គ្នាទៅវិញទៅមក ដើម្បីមូលមតិគ្នា អាចថាមិនមូលក៏បាន តែដើម្បីឲ្យយើងមានជាធ្លុងមួយ ដើម្បីថាតើកម្ពុជានាពេលអនាគតយើងចង់បង្កើតវាដោយរបៀបណា? និងចង់វាកម្ពុជាមានរូបភាពយ៉ាងដូចម្តេច? អីចឹងអ្នកទាំងបីជំនាន់ហ្នឹងត្រូវឲ្យតម្លៃគ្នាទៅវិញទៅមក រៀនពីគ្នាទៅវិញទៅមក ដើម្បីយើងបានអនាគតមួយដែលយើងចង់បាន»។
តួនាទីរបស់សិល្បៈក្នុងសង្គម
បើទោះបីជាប្រទេសកម្ពុជាគឺជាប្រទេសដ៏តូចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏សិល្បៈនិងវប្បធម៌របស់ប្រទេសដ៏តូចមួយនេះ មានប្រវត្តិរាប់រយពាន់ឆ្នាំមកហើយ។ របាំ ឧបករណ៍តន្ត្រី និងល្ខោនខ្មែរមួយចំនួន ក៏ត្រូវបានទទួលស្គាល់ដោយអន្តរជាតិផងដែរ។ ជាក់ស្តែង របាំព្រះរាជទ្រព្យ ចាប៉ីដងវែង ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ និងល្ខោនខោលវត្តស្វាយអណ្តែត ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។
លោកបណ្ឌិត ហ៊ឹម សុភី ដែលជាអ្នកនិពន្ធតន្ត្រីខ្មែរដ៏មានទេពកោលសល្យមួយរូប បានឲ្យដឹងថា សិល្បៈមានតួនាទីយ៉ាងសំខាន់ដល់ប្រទេសជាតិមួយ។
«យើងត្រូវការឲ្យមានសកម្មភាពវប្បធម៌ ហើយវប្បធម៌ជាវិស័យមួយដែលជំរុញឲ្យមានសេដ្ឋកិច្ចរីកចម្រើន។ នេះជាជំនឿរបស់ខ្ញុំ ដែលនៅស្រុកខ្មែរមិនទាន់ធ្វើឲ្យពេញលេញទេ។ ប៉ុន្តែខ្ញុំបានមើលឃើញ ចក្ខុវិស័យវែងឆ្ងាយទៅថ្ងៃក្រោយ បើយកចិត្តទុកដាក់លើវប្បធម៌ សេដ្ឋកិច្ចរបស់យើងក៏រីកចម្រើនដែរ។ ហើយចំណែកការយកចិត្តទុកដាក់ ឬមិនយកចិត្តទុកដាក់ គឺស៊ីសងលើអ្នកគ្រប់គ្រង»។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា ដូច្នេះការបង្កើតឲ្យមានមហោស្រពសិល្បៈលក្ខណៈទ្រង់ទ្រាយធំ ដូចជាមហោស្រពសិល្បៈដើម្បីសន្តិភាពនេះ គឺជា«រឿងល្អសម្រាប់ប្រទេសជាតិមួយ»។
«និយាយរួមសិល្បៈត្រូវបង្ហាញពីសកម្មភាព ពីសច្ចភាពនៅក្នុងសង្គម មនុស្សនិងធម្មជាតិ ដែលនៅជុំវិញខ្លួនហ្នឹង ហើយបង្ហាញមកវិញតាមបែបតថភាពនៅលើឆាកអីចឹង ដើម្បីឲ្យឃើញថាតើយើងគួរធ្វើអី យើងជាជនជាតិអី យើងជាមនុស្ស»។
ហើយនេះគឺជាគោលបំណងធំមួយដែលអង្គការសិល្បៈខ្មែរអមតៈចង់សម្រេចបាន តាមរយៈការរៀបចំឲ្យមានមហោស្រពនេះឡើង។ នេះបើយោងតាមការលើកឡើងរបស់កញ្ញា យ៉ុន សុខខន។
«នៅក្នុងកម្មវិធីយើង យើងមានការសម្តែងដែលភាគច្រើនសុទ្ធតែជាស្នាដៃថ្មី តែមានអមជាមួយនឹងសកម្មភាពជាច្រើន ពីព្រោះយើងចង់ឲ្យគាត់ស្វែងយល់ឲ្យបានស៊ីជម្រៅថា ហេតុអ្វីស្នាដៃហ្នឹងគេបង្កើតឡើង ហើយវាជួយសង្គមក្នុងការអភិវឌ្ឍយ៉ាងម៉េចខ្លះ ពីព្រោះអីស្នាដៃមួយៗដែលយើងបង្កើតឡើងហ្នឹង វាចូលរួមក្នុងការអភិវឌ្ឍ និងដោះស្រាយបញ្ហាសង្គម។ អីចឹងបញ្ហាទាំងអស់ហ្នឹងនឹងលើកទឹកចិត្តអ្នកដែលមកចូលរួមហ្នឹងបានគិតស៊ីជម្រៅថា ហេតុអីមានបញ្ហាហ្នឹងកើតឡើង ហើយថាតើយើងគួរតែដោះស្រាយបញ្ហាហ្នឹងដោយរបៀបណា?»
ហានិភ័យនៅតែមាន
នេះគឺជាលើកដំបូងហើយ ដែលកម្ពុជានឹងប្រារព្ធមហោស្រពសិល្បៈរយៈពេលវែងដូច្នេះ ចាប់តាំងពីរបបខ្មែរក្រហមបានដួលរលំទៅកាលពីឆ្នាំ១៩៧៩។ ការរៀបចំឲ្យមានមហោស្រពបែបនេះ កម្រកើតឡើងនៅកម្ពុជា ដោយសារតែកត្តាថវិកា និងការគាំទ្រ។
ស្របពេលដែលកម្ពុជាកំពុងតែមានសន្ទុះគាំទ្រខាងសិល្បៈបុរាណខ្មែរ ក្រុមអ្នកអភិរក្សនិងបង្កើតថ្មីខាងផ្នែកសិល្បៈបុរណខ្មែរ នៅតែបន្តប្រឈមនឹងបញ្ហាខាងលើនេះ។ ដោយឡែក សម្រាប់សិល្បៈបែបកម្សាន្ត លក្ខណៈរាំច្រៀង គេឃើញមានការឧបត្ថម្ភច្រើន ពីក្រុមហ៊ុនឯកជន និងក្រុមហ៊ុនភេសជ្ជៈនិងស្រាបៀរជាដើម។ នេះបើតាមការអង្កេតរបស់លោក ហ៊ឹម សុភី ដែលជាអ្នកជំនាញខាងសិល្បៈជើងចាស់ខាងនិពន្ធតូរ្យតន្ត្រីនៅកម្ពុជា។
លោកបានកត់សម្គាល់ថា៖ «ទន្ទឹមនឹងការវិវត្តនិងការថែរក្សា យើងមានការបាត់បង់ និងមានហានិភ័យដែរ។ បើតាមទស្សនៈរបស់ខ្ញុំក្នុងនាមអ្នកជំនាញ ខ្ញុំមិនថាត្រឹមតែជាអ្នកនិពន្ធតន្ត្រីទេ តែជាអ្នកវប្បធម៌មួយផងដែរ ខ្ញុំមើលទៅមានលក្ខណៈអតុល្យភាព មានន័យថា មិនទាន់មានភាពស្មើគ្នារវាងសិល្បៈបម្រើដល់ឧត្តមគតិ និងសិល្បៈកម្សាន្ត។ យើងឃើញថា សិល្បៈកម្សាន្តលេចធ្លោខ្លាំង ដល់អីចឹងទៅវាអត់ស្មើគ្នា។ ដល់អីចឹងវាក៏អាចប៉ះពាល់ដល់ការវិវត្តរីកចម្រើនដែរ»។
ហេតុដូច្នេះ ការគាំទ្រនិងឧបត្ថម្ភពីរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ដូចជាអង្គការសិល្បៈខ្មែរអមតៈ មានសារៈសំខាន់ក្នុងការធានាថា សិល្បៈបុរាណខ្មែរមិនត្រូវបានបាត់បង់ ហើយការបង្កើតថ្មី ត្រូវបានលើកទឹកចិត្តឲ្យកើតមាន ស្របពេលដែលសង្គមនិងសេដ្ឋកិច្ចជាតិកម្ពុជាកំពុងរីកចម្រើន។
សម្រាប់រូបលោក ហ៊ឹម សុភី បើទោះបីជាប្រឈមនឹងឧបសគ្គយ៉ាងណាក៏ដោយ ក៏លោកនៅតែបន្តប្តេជ្ញានិពន្ធតន្ត្រីថ្មីដល់កម្ពុជា និងពិភពលោក។
«ទោះបីជាយ៉ាងណាក៏ខ្ញុំមានមោទនភាព ដែលខ្ញុំបានធ្វើអ្វីដើម្បីប្រទេសរបស់ខ្ញុំ ដើម្បីជនជាតិខ្ញុំ ហើយក៏ដើម្បីមនុស្សលើពិភពលោក»៕
*សូមបញ្ជាក់ថា នៅក្រោមសម័យសង្គមរាស្ត្រនិយមនិងសាធារណរដ្ឋខ្មែរ កម្រិតថ្នាក់មហាវិទ្យាល័យគឺស្មើនឹងថ្នាក់វិទ្យាល័យ បើតាមកម្រិតអប់រំរបស់កម្ពុជានាពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ឹម សុភី។
ស្តាប់សេចក្តីរាយការណ៍នេះជាសំឡេង៖