ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​អំពី​ទស្សនៈ​នយោបាយ​របស់​លោក​គឹម សុខ​​នឹង​ត្រូវ​បោះពុុម្ព​ឆាប់ៗ​ខាង​មុខ​


សៀវភៅ​«ទស្សនៈ​សង្គម និង​នយោបាយ​របស់​លោក គឹម សុខ» ដែល​នឹង​ត្រូវ​បាន​បោះពុម្ព​ឆាប់ៗ​នា​ពេល​ខាងមុខ។ (រូបភាពផ្តល់ដោយ ហង្ស វិទូ)
សៀវភៅ​«ទស្សនៈ​សង្គម និង​នយោបាយ​របស់​លោក គឹម សុខ» ដែល​នឹង​ត្រូវ​បាន​បោះពុម្ព​ឆាប់ៗ​នា​ពេល​ខាងមុខ។ (រូបភាពផ្តល់ដោយ ហង្ស វិទូ)

លោក​ គឹម សុខ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពី​លោក​ ហ៊ុន សែន ​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម។​

លោក ហង្ស វិទូ​ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ កំពុង​រៀបចំ​បោះពុម្ព​ផ្សាយ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ​«ទស្សនៈ​សង្គម​ និង​នយោបាយ​របស់​លោក​ គឹម សុខ» ​ចំនួន​៥.០០០ក្បាល​ នា​ពេល​ខាង​មុខ។​ សៀវភៅ​នេះ​នឹង​ដាក់​លក់​នៅ​តាម​បណ្ណាគារ​ ​តូប​លក់​សៀវភៅ​ និង​អង្គការ​មួយ​ចំនួន​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

លោក​ គឹម សុខ ​អ្នក​វិភាគ​សង្គម​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ក្រោម​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ​និង​បរិហា​កេរ្តិ៍​ជា​សាធារណៈ»​ កាល​ពី​ខែ​កុម្ភៈ​ តាម​ពាក្យ​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។​ លោក​ គឹម សុខ​ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ដល់​២​ឆ្នាំ។

លោក ហង្ស វិទូ​ ថ្លែងប្រាប់​ VOA ​ថា សៀវភៅ​ថ្មី​នេះ ​សង្កត់​ធ្ងន់​ទៅ​លើ​ គំនិត​គិត​ជាតិ​១០០​ទស្សនៈ​ របស់​លោក​ គឹម សុខ​ ដែល​ភាគច្រើន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​កម្ពុជា​មាន​សាមគ្គីភាព​ និង​មាន​ភាព​ឈ្លាសវៃ​ ចៀស​វាងការចាញ់បោក​អ្នក​នយោបាយ​ជាដើម។

លោក ហង្ស វិទូ​ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​ នៅក្នុង​ស្ទូឌីយូ​ VOA​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
លោក ហង្ស វិទូ​ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​ នៅក្នុង​ស្ទូឌីយូ​ VOA​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ ហង្ស វិទូ​ ថ្លែង​ថា៖​

«កន្លងមក ​គឺ​យើង​មាន​តែ ​ឧទាហរណ៍​ថា​ មាន​អ្នកណា​ល្បី ​ពូកែ ​យើង​គ្រាន់​តែ​សរសេរ​ប្រវត្តិ​គាត់​ តិចតួច​ ប៉ុន្តែ​គំនិត​ ទស្សនៈ​វិស័យ​របស់​គាត់​ ទាក់ទង​នឹង​ជាតិ​ យ៉ាងម៉េចៗ​ខ្លះ​ គឺ​មិន​ទាន់​មាន​អ្នកណា​សរសេរ​ ឬ​កត់ត្រា​ទុក​ទេ»។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ ហង្ស វិទូ​ ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ការបោះពុម្ព​សៀវភៅ​នេះ​បាន​ទទួល​ការ​យល់​ព្រម​ពី​លោក​ គឹម សុខ ​តាម​រយៈ​មេធាវី​របស់​លោក​ ព្រម​ទាំង​ទទួល​បាន​ការ​អនុញ្ញាត​ស្រប​ច្បាប់​ពី​បណ្ណាល័យ​ជាតិ​រួច​ហើយ។ ​ហើយ​លោក​គ្រោង​នឹង​បោះពុម្ព​ និង​ដាក់​លក់​សៀវភៅ​នេះ​នៅ​តាម​បណ្ណាគារ ​តូប​លក់​សៀវភៅ​ និង​អង្គការ​មួយ​ចំនួន​ នា​ពេល​ឆាប់ៗ​ខាង​មុខ។

លោក​ សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ប្រាប់​ VOA ​ថា ​ការ​បោះពុម្ព​សៀវភៅ​នេះ ​គឺជា​ការ​សម្រេច​ចិត្ត​របស់​អ្នក​រៀបរៀង​ ហើយ​លោកថា​ ក្នុង​ករណី​ដែល​បណ្ណាល័យ​ជាតិ​ បាន​អនុញ្ញាត​ឲ្យ​បោះពុម្ព​ហើយ​នោះ​ មាន​ន័យ​ថា​ សៀវភៅ​នេះ​ពុំ​មាន​អ្វី​ឆ្គាំឆ្គង​នោះ​ទេ។​

លោក​បន្ត​យ៉ាង​ដូច្នេះ៖​

«គាត់​បោះ​ម៉េច​ បោះ​ទៅ​ ជា​ការ​យល់​ឃើញ​របស់​គាត់។​ បើ​គេ​និយាយ​អី​មាន​ជេរ​រដ្ឋាភិបាល​អី អាហ្នឹង​គេ​មិន​ឲ្យ​ចេញ​ផ្សាយ​ទេ។ បើ​គេ​ត្រួតពិនិត្យ​រួច​ហើយៗ​ យើង​អត់​មាន​អី​ជំទាស់ទេ»។​

សៀវភៅ​«ទស្សនៈ​សង្គម និង​នយោបាយ​របស់​លោក គឹម សុខ» ដែល​នឹង​ត្រូវ​បាន​បោះពុម្ព​ឆាប់ៗ​នា​ពេល​ខាងមុខ។ (រូបភាពផ្តល់ដោយ ហង្ស វិទូ)
សៀវភៅ​«ទស្សនៈ​សង្គម និង​នយោបាយ​របស់​លោក គឹម សុខ» ដែល​នឹង​ត្រូវ​បាន​បោះពុម្ព​ឆាប់ៗ​នា​ពេល​ខាងមុខ។ (រូបភាពផ្តល់ដោយ ហង្ស វិទូ)

យ៉ាង​ណា​ក៏ដោយ​ លោក​ មាស នី​ អ្នក​ឃ្លាំមើល​ការ​វិវឌ្ឍ​សង្គម​ យល់​ថា​ ការ​បោះពុម្ព​សៀវភៅ​ដើម្បី​លើក​ទឹក​ចិត្ត​បុគ្គល​ណា​មួយ​នៅ​ក្នុង​សង្គម ​ជា​ការ​ប្រសើរ​ហើយ។ ក៏ប៉ុន្តែ​ លោកថា​ ការ​បោះពុម្ព​សៀវភៅ​គប្បី​ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ​មួយ​ដែល​សមស្រប។​

លោក​ថ្លែង​ថា៖​

«តែ​សំខាន់​នៅ​ត្រង់​ថា​ សំណួរ​ថា​តើ​ការសរសេរ​បែប​ហ្នឹង​ក្នុង​កាលៈទេសៈ​បែប​ហ្នឹង តើ​វា​សមស្រប​ដែរ​ទេ។​ ពេល​ខ្លះ​ ការសរសេរ​ពី​វីរភាព​របស់​លោក​ កឹម សុខ ​ច្រើន​ពេក​ នៅ​ពេល​ដែល​គាត់​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ ​វា​អាច​ធ្វើ​ឲ្យ​កាន់​តែ​មាន​ការស្មុគស្មាញ​ដល់​ករណី​ផ្លូវ​ច្បាប់​របស់​គាត់​ ហើយ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ វា​មាន​កើត​រឿង​ជា​ច្រើន​ ជួយ​កាល​វា​អាច​បង្កើត​សម្ពាធ​នយោបាយ​ផ្សេង​ទៀត​ដល់​លោក​ គឹម សុខ»។

លោក​ មាស នី​ បន្ថែម​ទៀត​ថា៖​

«ហើយ​ពេល​ខ្លះ​បើ​សិន​ជា​យើង​លើក​តម្លៃ​មនុស្ស​ម្នាក់​ខុស​ពេល​ វា​អាច​ធ្វើ​ឲ្យ​តម្លៃ​នេះ​ មិន​ទទួល​បាន​ដូច​យើង​ចង់​ទេ។ ​វា​បែរ​ជា​ទទួល​បាន​ផ្ទុយ​ពី​នេះ​ទៅ​វិញ»។​

ក្នុង​សៀវភៅ​ថ្មី​នេះ​ លោក​ ហង្ស វិទូ​ បាន​លើក​ឡើង​ពី​ទស្សនៈ​នយោបាយសំខាន់​ចំនួន​មួយ​របស់​លោក​ គឹម សុខ ​នៅ​ក្នុង​ន័យ​ដើម​ដូច្នេះ​ថា៖​

​«ទោះ​បី​ជា​ខ្ញុំ​មាន​រឿង​អ្វី​ក៏​ដោយ​ វា​គ្រាន់​តែ​ជា​ការ​បាត់បង់​វត្តមាន​របស់​ខ្ញុំ​មួយ​រយៈ​ ឬ​បាត់បង់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ។​ តែ​បើ​បងប្អូន​ឈាម​ខ្មែរ​ទាំងឡាយ​ ​ទាំង​ប្រជារាស្រ្ត​ធម្មតា​ ទាំង​អ្នក​នយោបាយ​ជាតិ​ប្រជា​ធិបតេយ្យ​យល់​ពី​តម្លៃ​ នៃ​ការ​រួម​កម្លាំង​តស៊ូ​ឲ្យ​រឹងមាំ​ទាំង​អស់​គ្នា​ដោយ​ស្មោះ​ ស្មារតី​មិន​បោះបង់​ ហើយ​ឆ្ពោះ​ទៅ​កាន់​ការ​ផ្លាស់ប្តូរ​មួយ​ នោះ​ជីវិត​ជាតិ​យើង​នៅ​តែ​រស់។​ ហើយ​បើ​សិន​ជា​បាត់​បង់​រូប​ខ្ញុំ​មែន​ វា​គ្មាន​អ្វី​គួរ​ឲ្យ​សោកស្តាយ​ឡើយ»៕

XS
SM
MD
LG