សាលាឧទ្ធរណ៍នឹងបើកសវនាការនៅដើមសប្ដាហ៍ក្រោយគឺនៅថ្ងៃចន្ទ ទី៦ ខែមីនា លើបណ្ដឹងជំទាស់នឹងការដីការបស់សាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចឃុំខ្លួនអ្នកវិភាគនយោបាយលោក គឹម សុខ។
នេះបើយោងតាមលោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក គឹម សុខ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនលោក គឹម សុខ បន្ទាប់ពីការសាកសួរអស់ជាច្រើនម៉ោង។ លោក គឹម សុខ ត្រូវបានចោទប្រកាន់ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ»។
លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក គឹម សុខ ប្រាប់ VOA កាលពីថ្ងៃអាទិត្យថា លោកបានដាក់ពាក្យប្ដឹងជំទាស់នឹងការសម្រេចឃុំខ្លួននេះ។ សាលាឧទ្ធរណ៍បានសម្រេចលើកយកករណីនេះទៅជំនុំជម្រះ នៅថ្ងៃទី៦ ខែមីនា ខាងមុខ។
លោក ជូង ជូងី មានប្រសាសន៍ទៀតថា ក្រោមបទចោទទាំងពីរ លោក គឹម សុខ ប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែដល់២ឆ្នាំ។ លោកបន្តទៀតថា យោងតាមមាត្រាទី២០៤នៃនីតិវិធីក្រមព្រហ្មទណ្ឌ ការឃុំខ្លួនបណ្ដោះអាសន្ន អាចអនុវត្តបានតែក្នុងករណីជនត្រូវចោទដែលត្រូវបានចោទប្រកាន់ពីបទល្មើសដែលត្រូវផ្ដន្ទាទោសចាប់ពី១ឆ្នាំឡើងទៅ។
«អ៊ីចឹងគឺ ខ្លឹមសារនៃមាត្រា២០៤ហ្នឹងក្នុងន័យថា លុះត្រាតែបទចោទប្រកាន់ដែលត្រូវផ្ដន្ទាទោសគាត់ អប្បរមានៃទោសមួយឆ្នាំទើបអាចឃុំខ្លួនបណ្ដោះអាសន្នបាន។ ប៉ុន្តែដោយឡែក បទចោទប្រកាន់មកលើលោក គឹម សុខ នេះគឹអប្បរមានៃទោសគឺមិនមែន១ឆ្នាំទេ គឺ៦ខែ។ ដូច្នេះបើផ្អែកលើមាត្រា២០៤នេះ មិនគួរឃុំខ្លួនលោក គឹម សុខ ទេ»។
លោក ជូង ជូងី បន្តទៀតថាការបន្តឃុំខ្លួនលោក គឹម សុខ គឺជាការបំពានលើមាត្រាទី២០៤នៃនីតិវិធីក្រមព្រហ្មទណ្ឌ។
«អាហ្នឹងគឹបានន័យថា អ្នកអនុវត្តច្បាប់បំពានច្បាប់។ អាហ្នឹងវាព្យសនកម្ម ដល់សង្គម វាអាក្រក់ហា៎!»។
លោក ជូង ជូងី ឱ្យដឹងដែរថា ក្រៅពីពាក្យបណ្តឹងនៅសាលាឧទ្ធរណ៍ លោកក៏បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញផងដែរកាលពីថ្ងៃសុក្រ ដើម្បីសុំឱ្យដោះលែងលោក គឹម សុខ ឲ្យនៅក្រៅពន្ធនាគារបណ្តោះអាសន្ន។
VOA មិនអាចទាក់ទងលោក ទូច ថារិទ្ធិ អ្នកនាំពាក្យសាលាឧទ្ធរណ៍ដើម្បីសុំការអត្ថាធិប្បាយបានទេកាលពីល្ងាចថ្ងៃអាទិត្យ។
ទោះបីជាយ៉ាងណា លោក លី សុផាណា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញច្រានចោលការលើកឡើងរបស់លោក ជូង ជូងី។
លោកអះអាងថា តុលាការសាលាដំបូងបានធ្វើត្រឹមត្រូវតាមនីតិវិធី និងបានពិនិត្យតាមផ្លូវច្បាប់នូវលក្ខខណ្ឌនៃការឃុំខ្លួនបណ្តោះអាសន្ន។
លោក លី សុផាណា ប្រាប់VOA តាមបណ្ដាញសង្គមតេឡេក្រាម (Telegram) កាលពីល្ងាចថ្ងៃអាទិត្យក្នុងន័យដើមដូចនេះថា «អយ្យការបានចោទប្រកាន់[លោក គឹម សុខ] ពីបទល្មើសដែលត្រូវផ្តន្ទាទោសកម្រិតអតិបរមា២ឆ្នាំ។ ដូចនេះ តុលាការអាចឃុំខ្លួនបណ្តោះអាសន្នបានដោយអនុលោមតាមមាត្រា ២០៤ និងមាត្រា ២០៥ ក្រមនីតិវិធីព្រហ្មទណ្ឌ»។
លោក គឹម សុខ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ» តាមពាក្យបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន បានប្ដឹងលោក គឹម សុខ ថា បានអធិប្បាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថាមានជាប់ពាក់ព័ន្ធនឹងឃាតកម្មលោក កែម ឡី និងទារសំណងចំនួន៥សែនដុល្លារ។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានប្ដឹងលោក គឹម សុខ មួយករណីទៀតចំពោះការអត្ថធិប្បាយថា ប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលបច្ចុប្បន្ន បណ្ដោយឱ្យមានការសម្លាប់មនុស្ស ហើយមិនរកមុខឃាតកពិត ដូចជាក្នុងករណីលោក កែម ឡី លោក ជា វិជ្ជា ព្រះសង្ឃ សម ប៊ុនធឿន និងលោកឈុត វុទ្ធី ជាដើម។ លោក ហ៊ុន សែន ទាមទារប្រាក់សំណង១០លានរៀលផងដែរសម្រាប់ករណីនេះ៕