រដ្ឋាភិបាលប្រទេសហូឡង់ ក្នុងពេលឆាប់ៗខាងមុខនេះ នឹងចូលរួមជាមួយសហរដ្ឋអាមេរិកនិងប្រទេសជប៉ុនដើម្បីដាក់ចេញនូវវិធានការថ្មីមួយចំនួនដើម្បីត្រួតពិនិត្យការនាំចេញបន្ទះអេឡិចត្រូនិក semiconductor ក្នុងគោលបំណងកុំឱ្យបច្ចេកវិទ្យាសំខាន់ៗធ្លាក់ក្នុងដៃរបស់ចិន ដោយសារបារម្ភពីការប្រើប្រាស់មិនបានត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហូឡង់ ដែលបានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន ក្នុងដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកក្នុងពេលកន្លងទៅ។
វិធានការនេះទំនងជានឹងរឹងបន្តឹងបន្ថែមទៀត មិនឱ្យក្រុមហ៊ុន ASML ដែលជាក្រុមហ៊ុនផលិតបន្ទះអេឡិចត្រូនិកដ៏ទំនើបនៅក្នុងប្រទេសហូឡង់ លក់ផលិតផលរបស់ខ្លួនទៅឱ្យប្រទេសចិន។ ក្រុមហ៊ុននេះ កាលពីឆ្នាំទៅ បានបង្ហាញ«ទិន្នន័យអំពីការប្រើប្រាស់មិនត្រឹមត្រូវ ដោយគ្មានការអនុញ្ញាត» ដោយអតីតបុគ្គលិកម្នាក់របស់ក្រុមហ៊ុននេះ នៅក្នុងប្រទេសចិន។
សហរដ្ឋអាមេរិកកាលពីខែតុលាឆ្នាំ២០២២ បានប្រកាសវិធានការត្រួតពិនិត្យការនាំចេញរបស់ខ្លួន ទាក់ទងបន្ទះស៊ីគ្វៀទំនើបបញ្ចូលគ្នាសម្រាប់កំព្យូទ័រ និងគ្រឿងផលិតបន្ទះអេឡិចត្រូនិក semiconductor មួយចំនួនទៀត។
សហរដ្ឋអាមេរិកនិយាយថា វិធានការនេះគឺសំដៅលើមុខទំនិញ ដែលអាចរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចចិត្តផ្នែកយោធាជឿនលឿន ដូចជា «ការរចនា ឬសាកល្បងអាវុធមហាប្រល័យ(WMD) ការផលិតបន្ទះអេឡិចត្រូនិកសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធយោធាទំនើប និងការអភិវឌ្ឍប្រព័ន្ធឈ្លបយកការណ៍ទំនើប ដែលអាចប្រើប្រាស់ក្នុងកម្មវិធីបច្ចេកវិទ្យាយោធា និងរំលោភសិទ្ធិមនុស្សជាដើម»។
សហរដ្ឋអាមេរិកបានស្នើសុំជាបន្តបន្ទាប់ឲ្យសម្ព័ន្ធមិត្ត ដែលរួមមានប្រទេសជប៉ុន និងហូឡង់ ដែលបានដើរតួនាទីសំខាន់នៅក្នុងសង្វាក់ផ្គត់ផ្គង់បន្ទះអេឡិចត្រូនិក ចេញវិធានការស្រដៀងគ្នានេះផងដែរ។ លោកស្រី Micky Adriaansens រដ្ឋមន្ត្រីសេដ្ឋកិច្ច និងអាកាសធាតុរបស់ប្រទេសហូឡង់ បានប្រាប់អ្នកសារព័ត៌មានមួយក្រុម នៅក្នុងស្ថានទូតហូឡង់ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី៨ ខែមិថុនាថា «កង្វល់ចម្បងគឺខ្លាចបច្ចេកវិទ្យាធ្វើបន្ទះអេឡិចត្រូនិកត្រូវប្រើក្នុងសម្ភារៈយោធា។
លោកស្រី Adriaansens បានទទួលស្គាល់ថា ការចរចារជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនមែនជារឿងងាយស្រួលនោះឡើយ។ លោកស្រីបន្ថែមទៀតថា «និយាយដោយស្មោះត្រង់ទៅ កិច្ចប្រជុំមានភាពតានតឹង ហើយវានៅតែតានតឹងនៅឡើយ។ ប៉ុន្តែយើងបានឯកភាពគ្នារួចហើយលើបញ្ហាសំខាន់ៗមួយចំនួន ជាមួយនឹងការយល់ចិត្តគ្នាទៅវិញទៅមកថា អ្វីដែលត្រឹមត្រូវ ហើយដែលត្រូវធ្វើនោះ»។
លោកស្រី Adriaansens និយាយថា ការយល់គ្នានោះនឹងត្រូវបកស្រាយបញ្ចូលទៅក្នុងបទបញ្ញតិ្តទាំងពួង ប៉ុន្តែថា ប្រទេសរបស់លោកស្រីយល់ពីសារៈសំខាន់នៃវិធានការទាំងនេះ។
រដ្ឋមន្ត្រីហូឡង់រូបនេះបញ្ជាក់បន្ថែមទៀតថា «យើងដឹងថា យើង ដែលរួមមានសហរដ្ឋអាមេរិក ប្រទេសហូឡង់ ជប៉ុន និងប្រទេសកូរ៉េខាងត្បូង មានភាពរឹងមាំក្នុងសង្វាក់តម្លៃបន្ទះអេឡិចត្រូនិក និងសង្វាក់ផ្គត់ផ្គង់ ហើយយើងមានការទទួលខុសត្រូវលើបញ្ហានេះ»។ លោកស្រីក៏បានគាំទ្រនូវសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន កាលពីខែមីនាផងដែរ។
រដ្ឋាភិបាលជប៉ុនបានប្រកាសពីវិធានការរបស់ខ្លួនកាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅនេះ ដោយលើកឡើងថា ចាប់ពីដើមខែកក្កដានេះតទៅ ប្រទេសជប៉ុននឹងរឹតបន្តឹងការត្រួតពិនិត្យឧបករណ៍ផលិតបន្ទះអេឡិចត្រូនិក ចំនួន២៣ប្រភេទ មិនឱ្យនាំចេញទៅកាន់ប្រទេសចិនឡើយ។ រដ្ឋមន្ត្រីក្រសួងឧស្សហកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជប៉ុន លោក Yasutoshi Nishimura បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «យើងកំពុងអនុវត្តនូវការទទួលខុសត្រូវរបស់យើង ក្នុងនាមជាប្រទេសបច្ចេវិទ្យាមួយ ដែលរួមវិភាគទានដល់ស្ថិរភាព និងសន្តិភាពអន្តរជាតិ»។
ASML ជាក្រុមហ៊ុនសំខាន់សម្រាប់ការត្រួតពិនិត្យការនាំចេញបន្ទះអេឡិចត្រូនិករបស់ប្រទេសហូឡង់ ហើយជាក្រុមហ៊ុនរបស់ហូឡង់មានស្នាក់ការធំនៅក្នុងទីក្រុង Veldhoven ដែលនៅចម្ងាយប្រមាណ១០០គ.ម.នៅផ្នែកអាគ្នេយ៍នៃរាជធានីអាំស្ទែដាំ (Amsterdam) ប្រទេសហូឡង់។ ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថា ជាកន្លែងផលិតសំភារៈបន្ទះអេឡិចត្រូនិកម៉ាស៊ីនបោះពុម្ព ក្នុងប៉ុន្មានឆ្នាំដំបូងៗ ប៉ុន្តែក្រោយមកត្រូវបានគេហៅឈ្មោះកាត់ថា ក្រុមហ៊ុន ASML៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ