ក្រុមប្រឹក្សាចំណាត់ថ្នាក់ភាពយន្ត (Film Classification Board) របស់ប្រទេសកេនយ៉ាបានចោទប្រកាន់ក្រុមហ៊ុនផ្តល់សេវាផ្សាយវីដេអូភាពយន្តតាមប្រព័ន្ធអ៊ីនធឺណិតមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា Netflix ថាមិនបានអនុលោមទៅតាមស្តង់ដារប្រទេសដែលអនុវត្តតាមប្រព័ន្ធចំណាត់ថ្នាក់ការផ្សព្វផ្សាយភាពយន្តនៅប្រទេសកេនយ៉ា។ លោក Ezekiel Mutua នាយកប្រតិបត្តិក្រុមប្រឹក្សានេះនិយាយថា ស្ថាប័នរបស់លោកមិនចាប់អារម្មណ៍លើការដាក់កំហិតខ្លឹមសារសម្រាប់មនុស្សពេញវ័យទេ តែបញ្ហាដែលគួរឲ្យព្រួយបារម្ភគឺការការពារកុមារ។
សហគ្រាសសេវាកម្មទស្សនាវីដេអូឌីធីថលតាមប្រព័ន្ធអ៊ីនធឺណិត Netflix កំពុងតែពង្រីកខ្លួនទៅកាន់ឆាកអន្តរជាតិ ដោយបានសម្ពោធនៅ១៣០ប្រទេសក្នុងខែមករានេះ។ ប្រទេសកេនយ៉ាគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារថ្មី ប៉ុន្តែអាជ្ញាធរកំពុងជជែកពិភាក្សាថា តើចង់ឲ្យមានខ្លឹមសារអ៊ីនធឺណិតថ្មីនេះនៅក្នុងប្រទេសឬទេ ដោយគិតទៅលើប្រព័ន្ធចំណាត់ថ្នាក់បច្ចុប្បន្ន។
ក្រុមប្រឹក្សាចំណាត់ថ្នាក់ភាពយន្ត (Film Classification Board ) របស់ប្រទេសកេនយ៉ា ឬហៅកាត់ថា KFCBដែលជាស្ថាប័នមានកាតព្វកិច្ចក្នុងការគ្រប់គ្រងលើខ្លឹមសារផ្សព្វផ្សាយ និងខ្លឹមសារភាពយន្ត ក្នុងប្រទេសនេះបានថ្លែងកាលពីខែមករាថា (២០ មករា) កន្លងទៅនេះថា Netflix មិនទាន់ទទួលបានអាជ្ញាប័ណ្ណមុនពេលចាប់ផ្តើមដំណើរការនោះទេ ហើយពួកគេចង់ជួបពិភាក្សាជាមួយក្រុមហ៊ុនមួយនេះអំពីការចំណាត់ថ្នាក់ខ្លឹមសារសម្រាប់ទស្សនិកជនកេនយ៉ា។
លោក Ezekiel Mutua ជានាយកប្រតិបត្តិរបស់ KFCB។ លោកបានមានប្រសាសន៍ថា៖
«នៅទីនេះ យើងមិនទាន់ដំណើរការអ្វីច្រើនទេ ព្រោះពួកគេទើបតែបានចាប់ផ្តើមសេវាកម្មនេះនៅមួយផ្នែកនៃពិភពលោកមួយ ហើយពួកយើងទើបតែបានចាប់ផ្តើមពិភាក្សាគ្នា។ តើវាអាចទៅជាយ៉ាងណាប្រសិនបើយើងនៅស្ងៀម ហើយនិយាយថា មិនអាចគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតបានទេ។ ចុះហេតុអ្វីក៏យើងមិនពិភាក្សាគ្នាទៅ?»។
បើយោងតាមលោក Mutua ការសន្ទនានេះមានគោលបំណងចម្បង ពិភាក្សាទៅលើភាពសមស្របរបស់ប្រព័ន្ធចំណាត់ថ្នាក់បច្ចុប្បន្នរបស់ Netflix ចំពោះទស្សនិកជនកេនយ៉ា ជាពិសេសកុមារ។
ស្ថាប័ននេះបានចេញសេចក្តីប្រកាសដែលថ្លែងថា «វាខុសនឹងបេសកម្មរបស់យើង បើសិនជាយើងអនុញ្ញាតឲ្យកុមារទទួលរងការបំផ្លាញដោយខ្លឹមសារមិនសមរម្យ ក្នុងន័យផលចំណេញ» ហើយរដ្ឋាភិបាលកេនយ៉ាមិនអាចក្លាយជា «អ្នកទទួលដោយអកម្មនូវខ្លឹមសារបរទេសដែលអាចបំផ្លាញតម្លៃសីលធម៌របស់កុមារយើងបាននោះទេ»។
លោក Mutua និយាយថា KFCB មិនចង់រំលោភលើសិទ្ធិឯកជននោះទេ ហើយមនុស្សពេញវ័យអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន។ លោកបន្តថា ការព្រួយបារម្ភចម្បងរបស់ស្ថាប័នលោក គឺការការពារអនីតិជន។
«ដូច្នេះ ប្រសិនបើឪពុក ឬម្តាយទៅទិញអ្វីមួយ ដោយប្រើប្រាស់ប័ណ្ណឥណទាន credit card ជាដើម ដោយសារតែយើងមានការពិចារណានិងយល់ច្បាស់។ ប៉ុន្តែវាអាចមានករណីដែលឪពុកម្តាយអាចសម្រេចចិត្តតាមការចំណាត់ថ្នាក់ខុស ដែលចំណាត់ថ្នាក់នោះគឺសម្រាប់ជនជាតិអាមេរិក មិនមែនសម្រាប់ជនជាតិកេនយ៉ា ឬជនជាតិអាហ្វ្រិកឡើយ ដូចនេះ វាអាចមានរឿងបែបនេះកើតឡើង។ ហើយដោយសារតែវាអាចកើតឡើងបែបនេះ យើងជឿជាក់ថា ក្នុងនាមជាអ្នកគ្រប់គ្រង យើងមានសិទ្ធិក្នុងការលើកបញ្ហានេះឡើង»។
Mutua បន្ថែមថា ក៏មានបញ្ហាសន្តិសុខផងដែរ នៅពេលមានការចូលទៅកាន់ព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិតដែលគ្មានការគ្រប់គ្រង ដែលក្រុមភេរវករ និងក្រុមជនល្មើសក៏អាចប្រើប្រាស់បាន។
«យើងចង់ឲ្យមានការសន្ទនានេះ គឺដោយសារតែចង់ធានាថា បណ្តាញទំនាក់ទំនងអ៊ីនធឺណិតរបស់យើងមានសុវត្ថិភាព។ ប្រសិនបើប្រជាជនទាញយកខ្លឹមសារទាំងល្អ ទាំងអាក្រក់នោះ នៅមានបទបញ្ញត្តិខ្លះដែលអាចហាមឃាត់ពួកគាត់បាន»។
លោក Mark Radin ជាជនជាតិអាមេរិក អាយុ២៨ឆ្នាំម្នាក់ដែលធ្វើការនៅប្រទេសកេនយ៉ា។ លោកមើល Netflix ទាំងនៅផ្ទះនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ លោកបន្តថា លោកអាចមើលឃើញចំណុចទាំងសងខាងនៃបញ្ហានេះ។
«ជាទូទៅ ខ្ញុំគិតថា ការដាក់កម្រិតលើខ្លឹមសារមិនមែនជាការល្អទេ ប៉ុន្តែខ្ញុំគិតថា រដ្ឋាភិបាលមានសិទ្ធិក្នុងការសម្រេចលើអ្វីដែលពួកគេគិតថាសមរម្យ។ រដ្ឋាភិបាលអឺរ៉ុបធ្វើដូច្នេះ សហរដ្ឋអាមេរិកក៏ដូច្នេះ ហើយប្រទេសផ្សេងៗទៀតក៏ធ្វើបែបនេះដែរ។ ដូចនេះ វាជារឿងមិនសមហេតុផលទាល់តែសោះ ប្រសិនបើនិយាយថា រដ្ឋាភិបាលកេនយ៉ាមិនគួរធ្វើដូច្នេះ។ ហើយខ្ញុំយល់ថា ពួកគេពិតជាមានសិទ្ធិនិងអំណាច ក្នុងការត្រួតពិនិត្យ និងសម្រេចថាខ្លឹមសារបែបណាសមរម្យសម្រាប់សង្គមកេនយ៉ា ច្បាប់កេនយ៉ា និងគោលនយោបាយកេនយ៉ា»។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន សារគមនាគមន៍ និងបច្ចេកវិទ្យានៃប្រទេសកេនយ៉ា លោក Joe Mucheru បាននិយាយតាមរយៈអ្នកនាំពាក្យរបស់លោកកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះថា វាជាការចាំបាច់ដែលអ្នកដែលជាប់ពាក់ព័ន្ធទាំងឡាយក្នុងការចូលរួមជាមួយអ្នកផ្តល់ខ្លឹមសារអ៊ីនធឺណិត ដើម្បីវាស់ស្ទង់ថា អ្វីជាខ្លឹមសារល្អប្រសើរសម្រាប់ប្រជាជនកេនយ៉ា។ ប៉ុន្តែ លោក Mucheru ក៏បានផ្តល់យោបល់ដល់ KFCB ថា វាមិនមែនជារឿងដែលងាយស្រួលនោះទេក្នុងការគ្រប់គ្រងខ្លឹមសារពី Netflix ព្រោះរាល់នាទី Netflix បញ្ចូលភាពយន្តរាប់ពាន់ទៅក្នុងប្រព័ន្ធអ៊ីនធឺណិត។
ក្រុមហ៊ុន Netflix បដិសេធសំណើធ្វើអត្ថាធិប្បាយអំពីបញ្ហានេះ៕
ប្រែសម្រួលដោយ វិញ សុជាតា