រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបញ្ចេញប្រតិកម្មជាបន្ទាន់មួយកាលថ្ងៃអង្គារម្សិលមិញ ទៅលើការបើកសម្ពោធមីស៊ីលល្បឿនលឿនជាងសំឡេងថ្មីមួយរបស់អ៊ីរ៉ង់ ដោយបានដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតជុំវិញកម្មវិធីមីស៊ីលបាលីស្ទិករបស់ប្រទេសនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសេតវិមាន ដែលបានហៅសកម្មភាពរបស់អ៊ីរ៉ង់ថា កំពុងធ្វើឱ្យមាន«អស្ថិរភាព»។
លោក John Kirby នាយកសារគមនាគមន៍យុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានថ្លែងថា៖ «រដ្ឋបាលរបស់លោក Biden មានភាពច្បាស់លាស់ហ្មត់ចត់ និងរឹងមាំទៅលើចំណាត់ការប្រឆាំងនឹងសកម្មភាពបង្កអស្ថិរភាពរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ក្នុងការអភិវឌ្ឍកម្មវិធីមីស៊ីលបាលីស្ទិករបស់ខ្លួនឱ្យកាន់តែប្រសើរឡើងនោះ។ ខ្ញុំនឹងមិននិយាយអំពើរបាយការណ៍ជាក់លាក់ណាមួយ ស្តីពីមីស៊ីលលឿនជាងសំឡេងនោះទេ ប៉ុន្តែយើងបានដាក់ចេញទណ្ឌកម្មដ៏ច្បាស់លាស់និងសកម្មភាពដទៃទៀត ដើម្បីជំរុញអ៊ីរ៉ង់មិនឱ្យធ្វើអ្វីដែលខ្លួនកំពុងធ្វើនៅក្នុងតំបន់ ក្នុងការដាក់បញ្ចូលជាថ្មីឡើងវិញនូវកម្មវិធីអាវុធបាលីស្ទិករបស់គេនោះ»។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានផ្សាយថា មីស៊ីលដែលមានឈ្មោះថា Fattah ឬមានន័យថា «អ្នកចម្បាំង» អាចបាញ់បានក្នុងរង្វង់ចម្ងាយរហូតដល់១៤០០គីឡូម៉ែត្រ ដែលជារយៈចម្ងាយដែលអាចបាញ់ជិតដល់រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងហ្ស៊េរុយសាឡិម របស់ប្រទេសអ៊ីស្រាអែល។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកនេះ គឺសំដៅទៅលើបុគ្គល៧នាក់ និងស្ថាប័នចំនួន៦ក្នុងប្រទេសអ៊ីរ៉ង់ ប្រទេសចិននិងក្រុងហុងកុង ដែលបានផ្គត់ផ្គង់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ជាមួយឧបករណ៍និងបច្ចេកវិទ្យាដ៏សំខាន់និងរសើបមួយចំនួន ដូចជាម៉ាស៊ីនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរជាដើម៕