ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​នឹង​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ចុង​ខែ​មេសា


រូបភាព​ឯកសារ​៖ លោក ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ទាក់ទង​នឹង​ការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០១៦។ (VOA)
រូបភាព​ឯកសារ​៖ លោក ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ទាក់ទង​នឹង​ការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០១៦។ (VOA)

សេចក្តី​​ជូន​ដំណឹង​​​របស់​ ​គ.ជ.ប​ ​នេះ​ ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​ដែល​បាន​បញ្ជាក់​ថា​ ​ការ​បោះឆ្នោត​នឹង​ធ្វើ​ឡើង​តាម​កាល​កំណត់​ ​ដោយ​មិន​មាន​ការ​ចរចា​នយោ​បាយ​ជាមួយ​គណបក្ស​ប្រឆាំង​ ​និង​មិន​ខ្វល់ពី​បរទេស​ណា​មួយ​​ដែល​ចង់​លូកដៃ​ចូល​ផ្ទៃ​ក្នុង​កម្ពុជា​​នោះ​ឡើយ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​បាន​ដាក់​កាលបរិច្ឆេទ​ឱ្យ​គណបក្ស​នយោបាយសុំ​ចុះ​បញ្ជី​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ការបោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាង​មុខខណៈ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​មិន​ទាន់​រក​ឃើញ​ច្រក​ដើម្បី​ត្រឡប់​ចូល​ឆាក​នយោ​បាយ​បាន​នៅ​ឡើយ។​

យោង​តាម​សេចក្តី​ជូន​ដំណឹង​មួយ​ចេញ​នៅ​ថ្ងៃទី​២៧​ ​ខែ​មីនា​ ​ឆ្នាំ​២០១៨​ ​គ.ជ.ប​បាន​ឱ្យ​ដឹង​ថា​ការ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ​នីតិ​កាល​ទី៦​ ​ឆ្នាំ​២០១៨​ ​ត្រូវ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​៣០​ ​ខែ​មេសា​ ​ឆ្នាំ​២០១៨​ ​ដល់​ថ្ងៃទី​១៤​ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៨​ ​ខាង​មុខ។​ ​សេចក្តី​ជូន​ដំណឹង​ដដែល​បន្ត​ថា​ ​គណ​បក្ស​នយោ​បាយ​ដែល​មាន​បំណង​ឈរ​ឈ្មោះ​បោះឆ្នោត​ ​ត្រូវ​ទៅ​យក​គំរូ​ពាក្យសុំនៅ​ ​គ.ជ.ប​ ​ឬ​ទាញ​យក​ពី​គេហ​ទំព័រ​ ​www.necelect.org.kh​ ​ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​ ​និង​ត្រូវ​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជីនៅ​ ​ទីស្តី​ការ ​គ.ជ.ប​ ​ក្នុង​បរិវេណ​ក្រសួង​មហាផ្ទៃ។​

លោក​ ​ស៊ិក ប៊ុនហុក​ ​ប្រធាន​ ​គ.ជ.ប​ ​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​ក្នុង​ន័យ​ដើម​ថា៖​

«គ.ជ.ប.​ ​សង្ឃឹម​ទុក​ជា​មុន​ថា​ ​គ្រប់​គណប​ក្ស​នយោបាយដែល​មាន​បំណង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​នីតិកាល​ទី៦​ ​នឹង​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់»។​

សេចក្តីជូន​ដំណឹង​របស់​ ​គ.ជ.ប​ ​នេះ​ ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​ដែល​បាន​បញ្ជាក់​ថា​ ​ការ​បោះឆ្នោត​នឹង​ធ្វើ​ឡើង​តាម​កាល​កំណត់​ ​ដោយ​មិន​មាន​ការ​ចរចា​នយោ​បាយ​ជាមួយ​គណបក្ស​ប្រឆាំង​ ​និង​មិន​ខ្វល់ពី​បរទេស​ណា​មួយដែល​ចង់​លូកដៃ​ចូល​ផ្ទៃ​ក្នុង​កម្ពុជានោះ​ឡើយ។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ​ដោយ​ចោទ​ថា​ ​គណ​បក្ស​នេះ​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​ ​ជាមួយ​គ្នា​នោះ តុលាការ​ក៏​បាន​ប្រកាស​ព្យួរ​សិទ្ធិ​មន្រ្តី​ ​និង​តំណាង​រាស្រ្ត​គណបក្ស​នេះ​ចំនួន​១១៨​រូប​ ​មិន​ឲ្យ​ធ្វើ​នយោ​បាយ​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ។​

ក្រោយ​ការ​រំលាយ​ ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​នៅ​តែ​បង្ហាញ​ពី​ជំនឿ​របស់​ខ្លួន​ថា​ ​នឹង​អាច​ត្រឡប់​ចូល​ឆាក​នយោបាយ​វិញ​ ​នៅ​មុនការ​បោះឆ្នោតថ្នាក់ជាតិ ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ ​ខាងមុខ។​

លោក​ ​សុន ឆ័យ​ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​រូប​ដែល​ត្រូវ​បាន​តុលាការ​ព្យួរ​សិទ្ធិ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​លោក​នៅ​តែ​រំពឹង​ថា​ ​គណ​បក្ស​សង្គ្រោះជាតិ​នឹង​អាច​ចូលរួមប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៦​ខាងមុខ​នេះ​ ​តាម​រយៈ​ដំណោះ​ស្រាយ​នយោបាយ។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​នៅ​តែ​ជឿ​ថា​ ​អ្វី​ដែល​កើត​មាន​ ​វា​ជាការ​កើត​មាន​ដែល​ពលរដ្ឋ​លោក​មិន​ស្វាគមន៍​ ​ហើយ​អ្វី​ដែល​អ្នក​នយោបាយ និង​អ្នក​ដឹកនាំ​ត្រូវ​ធ្វើ ​ត្រូវ​តែ​គោរព​ឆន្ទៈ​ពលរដ្ឋ ហើយ​ត្រូវ​តែ​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​គណបក្ស​ណាមួយ​ដែល​លោកពេញ​ចិត្ត»។

កន្លង​មក​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ប្រកាសជាច្រើន​ដងថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​អាច​ត្រឡប់​មក​ចូលរួម​ក្នុង​ការ​បោះឆ្នោតឆ្នាំ​២០១៨​ខាងមុខ​នេះ​ជា​ដាច់ខាត។ លោក​ ​ហ៊ុន សែន​ ក៏​តែង​តែជំរុញ​ឲ្យ​សមាជិក​គណបក្ស​ប្រឆាំង​ដែល​មិនពាក់ព័ន្ធនឹង​ការ​ព្យួរ​សិទ្ធិ​នយោបាយ​ ​បង្កើត​គណបក្ស​ថ្មី​ ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត។​ ​ទោះយ៉ាងណា​ ​រហូត​មក​ដល់​ពេល​នេះ​ ​មិន​ទាន់​មាន​គណបក្ស​ថ្មី​ណាមួយ​កើត​ចេញ​ពី​សមាជិករបស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ឡើយ។​

បើតាម​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​ ​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ​មាន​ប្រមាណ​ជា​ជិត​៤០​គណបក្ស។​ ​លោក​បញ្ជាក់​ថា​ ​អ្នក​ដែល​មាន​គម្រោង​ចង់​បង្កើត​គណបក្ស​ថ្មីដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ​ ​នៅ​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​ ​ប៉ុន្តែ​លោក​ថា គណបក្ស​ដែល​អាចមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ចុះ​ឈ្មោះបោះឆ្នោត​ ​លុះត្រា​តែ​គណបក្ស​នោះ​ប្រមូល​ស្នាម​មេដៃ​អ្នក​គាំទ្រ​បាន​ចំនួន​៤ពាន់​ ​នៅ​មុនកាល​បរិច្ឆេទនៃ​ការ​ចុះ​ឈ្មោះ​ត្រូវ​បានបិទ​បញ្ចប់។​

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​បញ្ជាក់​ថា៖​

«ដើម្បី​ឲ្យ​បាន​សុពល​ភាព​ក្នុងការ​ឈរ​ឈ្មោះ ត្រូវ​រក​ស្នាម​មេដៃ​គាំទ្រ​គណបក្ស​ហ្នឹង​យ៉ាង​តិច​ក៏​៤ពាន់​នាក់​ដែរ។​ ​ហើយ​បញ្ជូន​ស្នាម​មេដៃ​៤ពាន់​នាក់​ហ្នឹង​មក​ក្រសួង​មហាផ្ទៃ​ទៀត ក្រសួង​មហាផ្ទៃ​មើល​ស្នាម​មេដៃ​ហ្នឹង​ទៀត ៤ពាន់​នាក់​តើ​មាន​ស្ថិត​ក្នុង​ប្រជាពលរដ្ឋ​ដែល​យើង​ហាម​ឃាត់​ទេ? ឧទាហរណ៍​ថា​ ​១១៨​នាក់​យើង​ហាមឃាត់​ធ្វើ​នយោ​បាយ​ ឬ​ក៏​អ្នកដទៃ​ទៀត​ផ្សេងៗ​ហ្នឹង​ទៅ យើង​មើល​ទៅ ​បើ​គ្រប់​៤ពាន់​នាក់​ត្រឹមត្រូវ​ អត់​មាន​ក្លែង​ស្នាម​មេដៃ​ យើង​តប​ទៅវិញ រួច​ចុះ​សុពលភាព​ហើយ។ ​ពេល​ដែលបាន​សុពលភាព​ហើយ​ ​គាត់​មាន​សិទ្ធិ​អាច​យក​គណបក្ស​គាត់​ទៅ​ចុះ​ឈ្មោះ​ប្រកួត​ប្រជែងនៅ​ គ.ជ.ប​ ​បាន​ហើយ​»។

ទោះយ៉ាង​ណា​ ​នាយឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​បញ្ជាក់​ថា​ ​សម្រាប់​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ​នឹង​មិនអាចត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត​អាណត្តិ​នេះបាន​ឡើយ។​

ក្រោយការរំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នកគាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​ ​រដ្ឋា​ភិបាល​បាន​បែងចែក​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រឆាំង​ ​ដែល​ទទួល​បាន​កាល​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ​ឆ្នាំ​២០១៧​ ​ទាំង​ជាង​៥.០០០​ ​ឲ្យ​ទៅ​គណបក្ស​ផ្សេងៗ។​ ​ក្នុង​នោះ​ ​គណបក្ស​កាន់​អំណាច​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ទទួលបាន​ច្រើន​ជាង​គេ។​

ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី៤​ ​កាលពី​កុម្ភៈ​ ​ដោយ​គ្មាន​វត្តមាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ​ដែល​ដឹកនាំ​ប្រទេស​ជិត​៤​ទសវត្សរ៍មក​ហើយ​នោះ​ ​បាន​ប្រមូល​យក​អាសនៈ​ទាំងអស់​នៅ​ក្នុង​ព្រឹទ្ធសភា​ ​ហើយ​ក្លាយ​ជា​គណបក្ស​ដែលដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​នេះ​ ​ដោយ​ឯកបក្ស។​

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ជា​ច្រើន​មក​កម្ពុជា​ ​ដោយ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​និង​មិន​អើពើ​ជុំវិញ​ការ​ទទូច​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ។​ ​ទាំង​សហ​រដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា ​ចំណែក​សភា​អឺរ៉ុប​ ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ​ដោយ​បាន​ទទូច​ឲ្យ​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ ​ពន្លឿន​ការ​ដាក់​ទណ្ឌ​កម្មប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន ​ផង​ដែរ។​

ទោះយ៉ាងណា​ ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជាថ្លែងថា​ ​សកម្មភាព​នៃ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​និង​ការ​បង្រ្កាប​លើស្ថាប័ន​ និង​បុគ្គល​មួយ​ចំនួន​ទៀតនា​ពេល​កន្លង​មក គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់ និង​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ៕

XS
SM
MD
LG