នៅក្នុងការពន្យល់មួយទៅលើរបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលមួយដែលឃ្លាំមើលការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.បានលើកឡើងថា ការបិទបន្ទប់ការិយាល័យរាប់សន្លឹកឆ្នោតមិនត្រូវចាត់ទុកថា ជាភាពមិនប្រក្រតីនោះឡើយ។
បញ្ហាប្រឈមដែលអង្គការក្រៅរដ្ឋាភិបាលលើកឡើងក្នុងរបាយការណ៍ខ្លួននោះ រួមមានការរៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅក្រៅប្រទេស ការបិទទ្វារ ឬបង្អួចការិយាល័យរាប់សន្លឹកឆ្នោត និងការលុបបេក្ខជន ឬបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ និងបញ្ហាមួយចំនួនទៀត។ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល)ដែលមានលោកសុក សំអឿនជាតំណាង បានពិភាក្សាបញ្ហាខាងលើក្នុងជំនួបជាមួយអគ្គលេខាធិការរងគ.ជ.ប. លោកសោម សូរីដា ធ្វើឡើងកាលពីថ្ងៃចន្ទនៅទីស្តីការគ.ជ.ប.។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.ដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ។
នៅក្នុងសេចក្តីប្រកាសរបស់គ.ជ.ប. លោកសោម សូរីដា បានប្រាប់ភាគីអង្គការខុមហ្រ្វែលថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នាពេលកន្លងទៅនេះ បានបញ្ចប់ទៅដោយទទួលបានការសាទរ និងការវាយតម្លៃពីមជ្ឈដ្ឋានទូទៅ ទាំងជាតិ និងអន្តរជាតិថា ដំណើរការបោះឆ្នោតនេះបានប្រព្រឹត្តទៅរលូនល្អ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ដោយអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការបោះឆ្នោតជាធរមាន។
លោកសោម សូរីដា ដែលជាទីប្រឹក្សារបស់គ.ជ.ប.ផងនោះ បានបន្ថែមថា បើទោះបីជាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅរលូនក៏ពិតមែន តែមិនអាចចាត់ទុកថា ល្អឥតខ្ចោះនោះទេ ហើយគ.ជ.ប.ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គឺមានតែខិតខំពង្រឹងការអនុវត្តការងាររបស់ខ្លួនស្របតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធជាធរមាន។
សេចក្តីប្រកាសរបស់គ.ជ.ប.ឲ្យដឹងទៀតថា ភាគីអង្គការខុមហ្វ្រែលបានលើកឡើងរបាយការណ៍ដែលអង្គការនេះបានដាក់ជូនគ.ជ.ប.ថា របាយការណ៍នេះមិនមែនជាការចង់ដាក់បន្ទុកដល់គ.ជ.ប.នោះទេ តែសង្ឃឹមថា គ.ជ.ប.នឹងពិចារណាលើចំណុចដែលបានរកឃើញទាំងនោះ ក្នុងន័យលើកកម្ពស់ការរៀបចំបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខៗទៀតឲ្យកាន់តែប្រសើរ។
ក្រោយការបង្ហាញទិដ្ឋភាពវិជ្ជមានជុំវិញការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងការពិភាក្សាជាមួយភាគីខុមហ្វ្រែលកាលពីថ្ងៃចន្ទ ភាគីគ.ជ.ប បានបកស្រាយបញ្ហាមួយចំនួនដែលភាគីខុមហ្វ្រែលបានលើកឡើងក្នុងរបាយការណ៍របស់ខ្លួន។
នៅក្នុងបញ្ហាការបិទទ្វារ ឬនិងបង្អួចការិយាល័យរាប់សន្លឹកឆ្នោត នៅពេលរាប់សន្លឹកឆ្នោត ភាគីគ.ជ.ប.បានបកស្រាយថា យោងតាមមាត្រា៣០នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ «អ្នកដែលមានសិទ្ធិអាចនៅក្នុងការិយាល័យរាប់សន្លឹកឆ្នោតបានគឺមានមន្ត្រីការិយាល័យរាប់សន្លឹកឆ្នោត ភា្នក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ ភ្ញៀវពិសេស និងអ្នកសារព័ត៌មាន ដូច្នេះមិនអាចថា ការបិទបន្ទប់ការិយាល័យរាប់សន្លឹកឆ្នោតជាភាពមិនប្រក្រតីនោះទេ»។
សម្រាប់ការរៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅក្រៅប្រទេស ភាគីគ.ជ.ប. បានបកស្រាយថា គ.ជ.ប. បានបំពេញភារកិច្ចរបស់ខ្លួន ដោយគោរព និងអនុវត្តទៅតាមក្របខណ្ឌច្បាប់ដែលអនុញ្ញាតឲ្យបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត តែនៅក្នុងដែនដីនៃប្រទេសកម្ពុជាប៉ុណ្ណោះ។
រីឯការលុបឈ្មោះបេក្ខជន ឬបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ភាគីគ.ជ.ប.បំភ្លឺថា ក្នុងដំណាក់កាលដំបូងនៃការចុះបញ្ជីបេក្ខជន ច្បាប់តម្រូវឲ្យគណបក្សនយោបាយត្រូវដាក់បេក្ខជនចំនួនពីរដងនៃអាសនៈក្រុមប្រឹក្សាឃុំសង្កាត់នោះ។
គ.ប.ជ.បកស្រាយទៀតថា៖ «ករណីការដាក់បេក្ខជនមិនគ្រប់តាមចំនួនកំណត់ បញ្ជីបេក្ខជននៃគណបក្សនយោបាយនោះត្រូវបានបដិសេធការសុំចុះបញ្ជី។ ប៉ុន្តែក្នុងករណីបញ្ជីមានបេក្ខជនគ្រប់ចំនួន ហើយត្រូវបានទទួលយល់ព្រមឲ្យចុះបញ្ជី បញ្ជីនោះត្រូវបិទផ្សាយជាបញ្ជីបេក្ខជនដំបូង។ ប្រសិនបើមានការប្តឹងពីប្រជាពលរដ្ឋចំពោះបញ្ជីបេក្ខជនដំបូង បេក្ខជនណាមិនបំពេញបានតាមលក្ខខណ្ឌកំណត់នៃច្បាប់ បេក្ខជននោះត្រូវលុបចេញពីបញ្ជីបេក្ខជនដំបូង ពោលគឺមិនបដិសេធបញ្ជីបេក្ខជនទាំងមូលទេ»។
ប្រធានគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែលលោកសុក សំអឿន យល់ថា ការបកស្រាយរបស់គ.ជ.ប.ធ្វើឡើងនៅក្នុងក្របខណ្ឌច្បាប់ ដែលសមហេតុផល។ ប៉ុន្តែ អ្វីដែលជាការបារម្ភរបស់សង្គមស៊ីវិលពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនោះ គឺវិធានការច្បាប់មួយចំនួនដែលស្ថិតនៅក្រៅការទទួលខុសត្រូវខាងផ្លូវច្បាប់របស់គ.ជ.ប.។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «ក្នុងពេលបោះឆ្នោត យើងមិនបារម្ភទេ ក៏ប៉ុន្តែយើងអ្វីដែលយើងបារម្ភ... បារម្ភរឿងបញ្ហា ឧទាហរណ៍ដូចជាយើងការរំលាយបក្សអ៊ីចឹង។ ការរំលាយបក្សស្រាប់តែអាអ្នកខុស ឧបមាថា យើងថា ខុសឧទាហរណ៍ថា ចោទមេបក្សគាត់ធ្វើខុសចុះ! តែវាទៅជាបាត់អាសនៈរបស់តំណាងរាស្ត្រផ្សេងទៀត នោះហើយ យើងបារម្ភអាហ្នឹង។ ក៏ប៉ុន្តែអាហ្នឹងមិនមែនជាអំណាច មិនមែនស្ថិតនៅក្នុងយុត្តាធិការគ.ជ.ប.ទេ។ អាហ្នឹងបញ្ហាផ្លូវច្បាប់ទេ។ អាហ្នឹងនោះមានតែសភាទេ ដែលអាចកែបាន»។
ដោយឡែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំ សំអាតប្រាប់វីអូអេនៅថ្ងៃ អង្គារនេះថា លទ្ធភាពដែលពលរដ្ឋអាចចូលតាមដានការរាប់សន្លឹកឆ្នោតបានគួរតែត្រូវបានពិចារណា ហើយសង្គមស៊ីវិលក៏មានការពិភាក្សាអំពីបញ្ហានេះដែរ។
លោកលើកឡើងថា៖ «ចំណុចនេះ វាធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិម្ចាស់ឆ្នោត ពីព្រោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត អ៊ីចឹងគាត់បោះឆ្នោតហើយ គាត់ក៏មានសិទ្ធិក្នុងការតាមដានទៅលើការរាប់សន្លឹកឆ្នោតហ្នឹងផងដែរ។ អ៊ីចឹង យើងក៏សង្កេតឃើញដែរថា មុនឆ្នាំ២០១៣ ការបោះឆ្នោតរាល់អាណត្តិ រហូតមកដល់ឆ្នាំ២០១៣ហ្នឹងគឺមានការអនុញ្ញាតឲ្យបងប្អូនដែលជាម្ចាស់ឆ្នោតហ្នឹងតាមដាននៅការិយាល័យរាប់សន្លឹកឆ្នោតហ្នឹងរហូតដល់ចប់»។
បើតាមលោកអំ សំអាត ប្រជាពលរដ្ឋជាម្ចាស់សន្លឹកឆ្នោត លែងត្រូវបានគេអនុញ្ញាតឲ្យចូលតាមដានការរាប់សន្លឹកឆ្នោត គិតចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ និងការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត និងនីតិវិធីនៃការរៀបចំការបោះឆ្នោតមួយចំនួន។
យ៉ាងណាក៏ដោយ លោកសោម សូរីដា អគ្គលេខាធិការរងគ.ជ.ប.បានផ្តល់ការពន្យល់ថា គ.ជ.ប.បានបំពេញការងារបោះឆ្នោតទៅតាមច្បាប់ដែលមានចែងជាធរមាន ដូច្នេះនៅក្នុងច្បាប់ពលរដ្ឋគឺមិនត្រូវបានអនុញ្ញាតឲ្យស្ថិតក្នុងការិយាល័យរាប់សន្លឹកឆ្នោតទេ។ ម្យ៉ាងទៀតលោកថា តាមបទពិសោធន៍នៃការរៀបចំការបោះឆ្នោតមុនឆ្នាំ២០១៧ មានហេតុការណ៍ដែលអ្នកបោះឆ្នោតជាសមាជិកគណបក្សនយោបាយមួយបានបង្កហិង្សាក្នុងការិយាល័យបោះឆ្នោតដោយចាប់ប្រធានការិយាល័យបោះឆ្នោតមកធ្វើជាចំណាប់ខ្មាំងដែលរារាំងដល់ដំណើរការរាប់សន្លឹកឆ្នោត៕