ក្រសួងទេសចរណ៍បានឲ្យដឹងថា មនុស្សជាង៥លាននាក់ធ្វើដំណើរទៅតាមបណ្តាខេត្តជាការដើរកម្សាន្ត ក្នុងរយៈពេល៤ថ្ងៃដែលជាឱកាសបុណ្យចូលឆ្នាំខ្មែរ។រដ្ឋមន្រ្តីក្រសួងទេសចរណ៍បង្ហាញសុទិដ្ឋិនិយមចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩រយៈពេល២ឆ្នាំ។
បើតាមព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ បុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ បូករួមថ្ងៃអាទិត្យ ទី១៧ ខែមេសា មានភ្ញៀវជាង៥លាន១៧ម៉ឺននាក់បានចេញដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិប្រមាណ៥លាន១០ម៉ឺននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន៣៥.០០០នាក់។
នៅក្នុងព័ត៌មាននោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ថានេះជា«ចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែន»ចាប់តាំងពីការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាអំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក។
លោក ថោង ខុន បញ្ជាក់ក្នុងសារដែលបង្ហោះលើហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ថា៖ «ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន»។
បើតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ បណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើកអាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ១០០%។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន មានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ពិសេសការសម្រេចបានទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា។
លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថ្លែងថា ការកើនឡើងនៃភ្ញៀវទេសចរអំឡុងពេលនៃបុណ្យចូលឆ្នាំនេះ គ្រាន់ជាការកើនឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកយល់ឃើញថា វាជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាមានទំនុកចិត្តក្នុងការធ្វើដំណើរ ដោយសារតែប្រជាជនកម្ពុជាដ៏ច្រើនលើសលប់បានចាក់វ៉ាក់សាំងរួចហើយ។
លោកថ្លែងដូច្នេះថា៖«កំណើនភ្ញៀវទេសចរណ៍រយៈពេលខ្លីនេះអាចចូលរួមចំណែកជួយសម្រួលដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនមួយចំនួនដែលអាស្រ័យលើសកម្មភាពទេសចរណ៍មានន័យថា ជាប្រតិបត្តិករក្នុងប្រទេសនៅក្នុងវិស័យទេសចរណ៍ ហើយក៏អាចជួយផ្តល់ជាចំណូលដល់ថវិកាជាតិ។ ថវិកាជាតិតាមរយៈពន្ធណា៎។ ពន្ធដែលអាជីវកម្មមួយចំនួនដែលពឹងអាស្រ័យលើការនាំចេញនាំចូលទំនិញមកផ្គត់ផ្គង់បម្រើនៅក្នុងវិស័យទេសចរណ៍នេះ គឺនឹងចូលរួមជាចំណែកដល់ការបង្កើនចំណូលថវិកាជាតិ»។
លោកបន្ថែមថា ការបើកប្រទេសឡើងវិញនេះក៏មិនមែនតែប្រទេសកម្ពុជានោះទេ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅអឺរ៉ុបក៏បើកទូលាយដែរ ដែលនេះគឺជានិន្នាការជាទូទៅ។ហើយសម្រាប់កម្ពុជាវិញក៏មិនទាន់ឃើញមានការឆ្លងណាមួយជាដុំកំភួននៅឡើយ។
បើតាមក្រសួងទេសចរណ៍ មនុស្សដែលដើរកម្សាន្តនោះ«បានជ្រើសជម្រើសមិនពាក់ម៉ាស់» ហើយតាមការស្ទង់មតិ និងសង្កេតជាក់ស្តែង មិនមែនពួកគាត់មិនខ្លាចឆ្លងជំងឺកូវីដ១៩ទេតែពួកគាត់ពិតជាមានក្តីរីករាយដែលបានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ។ក្រសួងទេសចរណ៍ឲ្យដឹងថា ប្រជាពលរដ្ឋជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយម្យ៉ាងទៀតពួកគាត់ក៏មានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លងជំងឺកូវីដ ក៏ពួកគាត់អាចព្យាបាលខ្លួនឯង នៅផ្ទះបានផងដែរ។
ទាក់ទងនឹងបញ្ហាជំងឺកូវីដ១៩អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថារហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានថា តើចំនួនអ្នកឆ្លងជំងឺកូវីដបានកើនឡើងឬយ៉ាងណា ទេក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមនុស្សជាច្រើនបានសម្រុកធ្វើដំណើរជួបជុំគ្នា។
គួរបញ្ជាក់ថា ទិន្នន័យរបស់ក្រសួងសុខាភិបាលឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែមេសា ករណីឆ្លងជំងឺកូវីដ១៩ដែលកត់ត្រាដោយក្រសួងសុខាភិបាល មានចន្លោះពី១២នាក់ទៅ១៦នាក់ប៉ុណ្ណោះ៕