ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​ថា​«កង្វល់​ដ៏​ធំ»​របស់​លោក​គឺ​ខ្លាច​ឆ្លង​កូវីដ១៩​ក្នុង​សហគមន៍​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ


ប្រជាពលរដ្ឋខ្មែរលែងល្បែងប្រជាប្រិយខ្មែរទាញព្រ័ត្រ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅវត្តចៅសាយទេវតា ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។ (AFP)
ប្រជាពលរដ្ឋខ្មែរលែងល្បែងប្រជាប្រិយខ្មែរទាញព្រ័ត្រ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅវត្តចៅសាយទេវតា ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។ (AFP)

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩​ដើម្បី​បញ្ចៀស​ការ​ឆ្លង​ទ្រង់​ទ្រាយ​ធំ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ដែល​លោក​ថា​ជា​«កង្វល់​ដ៏​ធំ»​របស់​លោក។​

លោក ​ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​ប្រមាណ​៧​នាទី​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​គឺ​ Fresh News។

ប្រមុខ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​លោក​សង្កេត​ឃើញ​ប្រជា​ពលរដ្ឋជាពិសេស​យុវជន​និង​កូន​ក្មេង​មិន​សូវ​ពាក់​ម៉ាស់​ឡើយ។លោក​ចាត់​ទុក​ការ​ឆ្លង​ទ្រង់​ទ្រាយ​ធំ​ក្រោយ​ចូល​ឆ្នាំ​ជា​ក្តី​បារម្ភ​ធំ​បំផុត​របស់​លោក​ដែល​លោក​មិន​ចង់​ឃើញ​ឡើយ។លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​នឹង​«ប្រើ​អស់​លទ្ធភាព»​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​សប្បាយ​ក្នុង​ពេល​ចូល​ឆ្នាំ​នេះ។​

លោក​បញ្ជាក់​ថា៖​ «ហើយ​សូម​បង​ប្អូន​បន្ត​ការ​សប្បាយ​រីករាយ​ជាមួយ​នឹង​ចូល​ឆ្នាំ​នេះ​រហូត​ដល់​ថ្ងៃ​បញ្ចប់​ជាមួយ​នឹង​ការ​សង្ឃឹម​ថា​មិន​មាន​ការ​ឆ្លង​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ដែល​ជា​កង្វល់​ដ៏​ធំ​របស់​ខ្ញុំ​ព្រះករុណា​ខ្ញុំ​នៅ​ក្នុង​ពេល​នេះ»។​

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​តេស្តប្រសិន​បើ​មាន​ការ​សង្ស័យ​នៃ​រោគ​សញ្ញា​កូវីដ​១៩​ដើម្បី​ការពារ​ខ្លួន​និង​ក្រុម​គ្រួសារ។​

ទន្ទឹម​នឹង​នេះ​លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទទួល​យក​ការ​ចាក់​ដូស​ជំរុញ​ផង​ដែរ​ដើម្បី​បង្កើន​ភាព​ស៊ាំ​ក្នុង​សហគមន៍។​

លោក ​យង់ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​និង​សន្តិ​ភាព​ថ្លែង​ថា​ការ​បើក​ឲ្យ​ដើរ​លេង​ជា​រឿង​ដែល​ប្រជា​ពលរដ្ឋ​សប្បាយ​រីករាយ ប៉ុន្តែ​លោក​ថា​ប្រសិន​បើ​ខ្វះ​ការ​ប្រុង​ប្រយ័ត្នវា​អាច​មាន​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩​ក្នុង​សន្ទុះ​ខ្លាំងហើយ​អាច​រាំង​ស្ទះ​ដល់​ដំណើរ​ការ​សេដ្ឋកិច្ច។​លោក​ចាត់​ទុក​ការ​បើក​ឲ្យ​ដើរ​លេង​ចូល​ឆ្នាំ​នេះ ជា​«ការ​សាក​ល្បង​មាន​ភាព​ប្រថុយ​ប្រថាន​ខ្ពស់​មួយ»។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា៖​ «បើ​សិន​ជា​ប្រជា​ពលរដ្ឋ​មិន​គោរព​តាម​ការ​កំណត់​នៃ​វិធានការ​សុខភាព​របស់​ក្រសួង​សុខាភិបាល​ទេ​គឺ​វា​ជា​ហានិភ័យ​ខ្ពស់​ហើយ​ក៏​វា​ធ្វើ​ឲ្យ​យើង​ប្រថុយ​ប្រថាន​ខ្ពស់​ដែរ​ជុំវិញ​ការ​រីក​រាល​ដាល​នៃ​កូវីដ១៩​នេះ​បាទ»។​

កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មេសា ​ឆ្នាំ​២០២២ ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ពីរ​ថ្ងៃ​រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ខេត្ត​ចំនួន​៤​សាក​ល្បង​លើក​លែង​កាតព្វ​កិច្ច​ពាក់​ម៉ាស់​ដែល​រួម​មាន​ខេត្ត​រតន​គិរី​ ស្ទឹងត្រែង​មណ្ឌលគិរី​និង​ខេត្ត​ព្រះវិហារ។ប៉ុន្តែ​កាតព្វ​កិច្ច​ពាក់​ម៉ាស់​ក្នុង​ខេត្ត​នេះ​ត្រូវ​តែ​បន្ត​អនុវត្ត​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩​និង​អ្នក​ដែល​មាន​ការ​ពាក់​ព័ន្ធ​អ្នក​មាន​កូវីដ១៩​និង​ការ​ចេញ​ក្រៅ​ភូមិសាស្ត្រ​ទៅ​ក្នុង​ខេត្ត​ផ្សេង។​

លោក​យង់ គិមអេង​យល់​ថា​ការ​សាកល្បង​មិន​ពាក់​ម៉ាស់​មិន​គួរ​ឡើយ​ធ្វើ​ឡើង​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​នេះ។​វាគួរ​ធ្វើ​ឡើង​ក្នុង​កាលៈ​ទេសៈ​ធម្មតា។​លោក​ចាត់​ទុក​ថា​នេះ​ជា​«ការ​សាក​ល្បង​ប្រថុយ​ប្រថាន​បន្តិច»។​

ទោះ​ជា​យ៉ាងណា​ លោក​ថា​ប្រសិន​ការ​សាក​ល្បង​នេះ​ទទួល​បាន​ជោគជ័យ​ វា​ក៏​ជា​សូចនាករ​នៃ​ការ​វ៉ាស់​ស្ទង់​ប្រសិទ្ធភាព​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ និង​ភាព​ស៊ាំ​ក្នុង​សហគមន៍​កម្ពុជា។​

គួរ​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ប្រទេស​ចាប់​តាំង​ចុង​ឆ្នាំ​២០២១​ហើយ​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​អាច​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្រោយ​ខក​ខាន​រយៈ​ពេល​២​ឆ្នាំ​ជាប់​គ្នា​ដោយ​សារ​ការ​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩​កាល​ពី​ពេល​នោះ៕​

XS
SM
MD
LG