ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តីថ្លែងការណ៍​​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI ស្តី​ពី​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បិទ​ការិយាល័យ​​នៅ​ក្រុង​ភ្នំពេញ


កំណត់និពន្ធ៖ ខាង​ក្រោម​នេះ​ជា​សេចក្តីថ្លែងការណ៍របស់វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI ស្តី​ពី​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បិទ​ការិយាល័យរបស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ​ដែល​ VOA ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរទាំង​ស្រុង​ដូច​តទៅ៖

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) សម្តែង​នូវសេចក្តី​ខក​ចិត្តយ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​សម្រេច​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ក្នុង​ការ​បិទ​ការិយាល័យ​របស់​វិទ្យាស្ថាន​នេះនៅរាជធានី​ភ្នំពេញ។

លោក Kenneth Wollack ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​និយាយ​ថា៖

«យើង​ភ្ញាក់ផ្អើល​ និង​ក្រៀមក្រំ​ ជាមួយ​នឹង​ការ​វិវត្ត​នេះ។ អស់​រយៈពេល​ ២៥​ឆ្នាំ​នៅ​កម្ពុជា អង្គការ​ NDI បាន​ធ្វើ​ការ​ជាមួយ​នឹង​គ្រប់​គណបក្ស​នយោបាយ​ធំៗ រួម​មាន​គណបក្ស​កាន់​អំណាច​ផង​ដែរ។ យើង​តែងតែ​មាន​តម្លាភាព​នៅ​ក្នុង​ការងារ​របស់​យើង និង​បាន​ព្យាយាម​គ្រប់​បែបយ៉ាងដើម្បី​សម្រប​ជាមួយ​ច្បាប់ [នៅ​កម្ពុជា]។ យើង​មាន​ក្តី​សង្ឃឹម​យ៉ាង​ជឿជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ពិនិត្យ​មើល​សេចក្តីសម្រេច​របស់​ខ្លួន​ឡើង​វិញ»។

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​ធ្វើការ​ជាមួយ​នឹង​គណបក្ស​នយោបាយ​នៅ​កម្ពុជា ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​គាំទ្រ​អភិបាលកិច្ច​ប្រកប​ដោយ​តម្លាភាព​ និង​ការ​ចូលរួម​ផ្នែក​នយោបាយ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។ គ្រប់​គណបក្ស​នយោបាយ​ធំៗ រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កម្មវិធី​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ។ ដោយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា កិច្ចការ​របស់វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​គឺ មិន​ប្រកាន់​គណ​បក្ស​ណា​មួយ ហើយ​រួម​មាន​ការ​អភិវឌ្ឍ​គណបក្ស​នយោបាយ ការ​ជជែក​តស៊ូ​មតិ​រវាងបេក្ខជន​នយោបាយ​ និង​កិច្ចពិភាក្សា​ពហុបក្ស ការ​ចូលរួម​ពី​សំណាក់​ស្រ្តីភេទ និង​កិច្ចប្រឹងប្រែង​នានា​ដឹកនាំ​ដោយ​ប្រជាពលរដ្ឋ​ក្នុង​ការ​សង្កេត​ការ​បោះឆ្នោត។

​លោក​ Wollack បាន​ថ្លែង​ថា៖

«កិច្ចប្រឹងប្រែង​របស់​វិទ្យាស្ថាន​ជាតិប្រជាធិបតេយ្យ​ ជួយ​ពង្រឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថាប័ន​នានា ហើយ​មិនមែន​ផ្តោត​លើ​លទ្ធផល​ណាមួយ​នៃ​ការ​បោះឆ្នោត​នោះ​ទេ»។

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​បំពេញ​គ្រប់​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ក្នុង​ការ​ចុះបញ្ជី​តាមរយៈ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ។ ក្រសួង​បាន​ទទួល​ឯកសារ​ចុះបញ្ជី​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​២០១៦ ហើយ​ក្រសួង​មិន​ទាន់​បាន​អនុម័ត​នៅ​លើ​សំណើ​ឯកសារ​នោះ​ទេ។ មាត្រា១៤ នៃ​ច្បាប់​ស្តី​ពី​អង្គការ​ក្រៅរដ្ឋាភិបាល​នៅ​កម្ពុជា​ (LANGO) តម្រូវ​ឲ្យ​ក្រសួង​ធ្វើ​សេចក្តី​សម្រេច​លើ​សំណើ​ចុះបញ្ជី​នៅ​ក្នុង​រយៈពេល ៤៥​ថ្ងៃ​ធ្វើការ។ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​មាន​អនុស្សរណៈ​យោគយល់​ជាមួយ​នឹង​គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោត និង​ធ្វើការ​ជិតដិត​ជាមួយ​នឹង​គណៈកម្មាធិការ​នេះ។

កម្មវិធី​របស់​វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សូម​ថ្លែង​អំណរគុណ​អង្គការ​មួយ​ចំនួន​នៅ​កម្ពុជា ដែល​បាន​បង្ហាញ​ការ​គាំទ្រ​ការងារ​របស់​វិទ្យាស្ថាន និង​វិទ្យាស្ថាន​ផ្ទាល់។

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ គឺ​ជាអង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ និង​មិន​ប្រកាន់​គណបក្ស​ណា​មួយ ដែល​មាន​ប្រតិបត្តិការ​នៅ​តាម​បណ្តា​ប្រទេស​ជាង ៦០ ដើម្បី​គាំទ្រ និង​ពង្រឹង​ ស្ថាប័នប្រជាធិបតេយ្យ​នានា​ តាមរយៈ​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ ការបើកចំហ និង​គណនេយ្យភាព​ក្នុង​ជួរ​រដ្ឋាភិបាល៕

XS
SM
MD
LG