ចាងហ្វាងកាសែត The Cambodia Daily (ឌឹ ខេមបូឌា ដេលី)បន្តច្រានចោលចំនួនលុយពន្ធប្រមាណជាង៦លានដុល្លារ ដែលអគ្គនាយកដ្ឋានតម្រូវឲ្យបង់ជូនរដ្ឋ។ ប៉ុន្តែមេដឹកនាំអគ្គនាយកដ្ឋានពន្ធដារបានការពារចំនួនលុយនេះ ហើយថា កាសែតនេះមិនបានផ្តល់របាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនត្រឹមត្រូវនៅក្នុងការបង់ពន្ធ។
នៅថ្ងៃពុធនេះ ម្ចាស់កាសែត The Cambodia Daily បានអំពាវនាវឲ្យអគ្គនាយកដ្ឋានពន្ធដារគោរពទៅតាមច្បាប់ពន្ធដាររបស់ប្រទេសកម្ពុជា ហើយបានចោទមេដឹកនាំអគ្គនាយកដ្ឋាននេះថា បានបំពានច្បាប់ ក្នុងការទម្លាយចំនួនលុយពន្ធ ដែលកាសែតនេះត្រូវបង់ដល់សាធារណជន។
ក្នុងសារឆ្លើយតបទៅនឹងសំណួររបស់ VOA អំពីការព្រមានរបស់រដ្ឋាភិបាលក្នុងការបង់ពន្ធ អ្នកស្រី Deborah Krisher-Steele ចាងហ្វាងកាសែតជាភាសាអង់គ្លេសនេះ បានសរសេរថា កាសែត ឌឹ ខេមបូឌា ដេលី បានគោរពច្បាប់ពន្ធដារ យ៉ាងខ្ជាប់ខ្ជួន និងស្នើឲ្យអគ្គនាយកដ្ឋានពន្ធដារគោរពតាមច្បាប់ពន្ធដារនេះផងដែរ។ អ្នកស្រី Deborah ក៏បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធានាឲ្យបានថា មន្ត្រីរបស់លោកគោរពតាមច្បាប់ និងទទួលខុសត្រូវចំពោះការរំលោភបំពានច្បាប់ និងរបៀបធ្វើការរបស់ខ្លួន។
ចាងហ្វាងកាសែតរូបនេះ បានបន្តច្រានចោលទឹកប្រាក់ជាង ៦លានដុល្លារ ដែលកាសែតខ្លួនត្រូវបង់ជូនរដ្ឋ ដោយសារអគ្គនាយកដ្ឋានពន្ធដារមិនបានផ្តល់ហេតុផលសមស្រប ហើយស្រាប់តែសុខៗ អគ្គនាយកដ្ឋាននេះបញ្ចេញចំនួនលុយនេះឲ្យសាធារណជនបានដឹង ដែលជាទង្វើប្រឆាំងនឹងច្បាប់ពន្ធដារត្រង់មាត្រា៩៤។ អ្នកស្រី Deborah បានចោទប្រកាន់ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារថា បានបំពានមាត្រានេះចំនួនពីរដងមកហើយ។
អ្នកស្រីបានសរសេរក្នុងន័យដើមថា៖
«ជនទាំងឡាយណា ដែលរំលោភមាត្រាអាចត្រូវបានឃុំខ្លួន និងពិន័យ។ តើលោកនាយករដ្ឋមន្ត្រីនឹងធ្វើឲ្យលោក [គង់ វិបុល] ទទួលខុសត្រូវរាល់ការប្រព្រឹត្តល្មើសទាំងនេះទេ?»។
អ្នកស្រី Deborah បានសង្កត់ធ្ងន់ថា៖
«នេះគឺជា ឱកាសមួយសម្រាប់លោកនាយករដ្ឋមន្ត្រី ដើម្បីបង្ហាញនូវភាពជាអ្នកដឹកនាំរបស់លោក និងបង្ហាញថា លោកមានសមត្ថភាពក្នុងការដឹកនាំស្ថាប័នក្រោមឱវាទរបស់លោកយ៉ាងមានប្រសិទ្ធភាព ហើយគ្មានហេតុផលនយោបាយនៅពីក្រោយវិធានការ ដើម្បីបិទកាសែត The Cambodia Daily»។
តាម មាត្រា ៩៤ នៃច្បាប់ស្តីពីសារពើពន្ធ បានចែងថា៖
«រដ្ឋបាលសារពើពន្ធ ហើយនិងបុគ្គលគ្រប់រូបដែលជា ឬធ្លាប់ជាមន្ត្រី និងភ្នាក់ងារនៃរដ្ឋបាលសារពើពន្ធ ត្រូវរក្សាសម្ងាត់នូវព័ត៌មានទាក់ទងនឹងអ្នកជាប់ពន្ធ ដែលបានទទួលនៅក្នុងពេលបំពេញភារកិច្ចជាផ្លូវការ ហើយអាចផ្តល់ព័ត៌មានទៅឲ្យតែបុគ្គលដែលមាត្រានេះ បានអនុញ្ញាតប៉ុណ្ណោះ»។
ទោះជាយ៉ាងណា លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខាវិនិយោគប្រេង នាព្រឹកថ្ងៃពុធនេះថា លោក មិនបានធ្វើឲ្យធ្លាយលិខិតដែលបញ្ជាក់ពីចំនួនលុយពន្ធដែលកាសែត ឌឹ ខេមបូឌា ដេលី ត្រូវបង់នោះទេ៖
«សួរអ្នកលេចធ្លាយទៅ ព្រោះខ្ញុំអត់បានលេចទេ អាលិខិតហ្នឹងនោះ»។
លោក គង់ វិបុល អះអាងថា អគ្គនាយកដ្ឋានពន្ធដារ បានធ្វើសវនកម្មរួចរាល់ហើយ ទើបរកឃើញលុយចំនួនជាង ៦លានដុល្លារ ដែលកាសែត ឌឹ ខេមបូឌា ដេលី ត្រូវបង់ជូនរដ្ឋ ហើយថា ការឆ្លើយតបនានារបស់កាសែតនេះ មិនអាចទទួលយកបានទេ។ លោកបានប្រាប់អ្នកកាសែតដែលតាមសួរលោក ពេលលោកកំពុងដើរ ដោយមន្ត្រីអមជាច្រើនថា៖
«ភស្តុតាងហ្នឹងមិនបានគ្រប់គ្រាន់ ព្រោះត្រូវមានតួលេខដាក់ច្បាស់លាស់បាទ តួលេខហ្មង។ ព្រោះគាត់ គាត់ថាយកលុយទៅធ្វើសាលា អីចឹងវាអត់ត្រូវ តាមគណនេយ្យ ហើយនិងតាមច្បាប់»។
ភ្លាមៗក្រោយការអធិប្បាយរបស់លោក គង់ វិបុល កាសែត ឌឹ ខេមបូឌា ដេលី បានចេញលិខិតស្នើសុំជួបលោក គង់ វិបុល ដើម្បីស្វែងរកច្រកនៃការធ្វើសវនកម្ម និងកំណត់ថ្ងៃនៃការទូទាត់ក្រោយការធ្វើសវនកម្ម។ ក្នុងលិខិតរបស់អ្នកស្រី Deborah ដែល VOA ទទួលបាននៅរសៀលថ្ងៃពុធនេះ បានបន្តច្រានចោលចំនួនលុយពន្ធរាប់លានដុល្លារ និងបានសម្តែងការអាក់អន់ចិត្តចំពោះ ការណ៍ដែលលោក គង់ វិបុល បានធ្វើឲ្យបែកធ្លាយចំនួនលុយពន្ធ ដែលបានធ្វើឲ្យប៉ះពាល់ជំនួញនៃកាសែតដែលផ្សាយជាភាសាអង់គ្លេសនេះ។
កាសែត ឌឹ ខេមបូឌា ដេលី បានចាប់ដំណើរការនៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣ ដោយអ្នកកាសែតអាមេរិកាំងមួយរូប គឺលោក Bernard Krisher ដែលគេស្គាល់ថា ជាមិត្តភក្តិរបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច នរោត្តម សីហនុ។ ក្រៅពីបើកការិយាល័យកាសែត ឌឹ ខេមបូឌា ដេលី លោក Bernard Krisher ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ បានចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសកម្ពុជាជាច្រើន រួមមានគៀងគររកជំនួយពីសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន ក្នុងការសាងសង់សាលារៀនតាមជនបទនៃប្រទេសដ៏ក្រីក្រនេះ ជួយព្យាបាលជំងឺដល់ពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងជួយផ្នែកអប់រំដល់កុមារក្រីក្រជាដើម។
ក៏ប៉ុន្តែ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ នៅក្នុងវេទិកាស្តីពីការការពារ និងគ្រប់គ្រងធនធានធម្មជាតិកាលពីថ្ងៃអង្គារ ដោយហៅកាសែត ឌឹ ខេមបូឌា ដេលី ថាជា «មេចោរ» ហើយអះអាងថា ចំណាត់ការរដ្ឋាភិបាលលោកមិនមែនជារឿងនយោបាយនោះទេ ប៉ុន្តែជាការអនុវត្តកាតព្វកិច្ចបង់ពន្ធ ក្នុងរដ្ឋមួយប៉ុណ្ណោះ។
លោក ហ៊ុន សែន ថ្លែងនាថ្ងៃអង្គារយ៉ាងដូច្នេះថា៖
«ឥឡូវនៅប្រទេសអស់លោក បើសិនជាពលរដ្ឋខ្ញុំ ទៅ[រកស៊ី]នៅហ្នឹងមិនបង់ពន្ធ តើអស់លោកធ្វើម៉េច? ឥឡូវពលរដ្ឋរបស់បរទេស មកធ្វើការនៅស្រុកខ្មែរ មិនព្រមបង់ពន្ធឲ្យខ្មែរ តើខ្មែរធ្វើម៉េច? ដល់ទៅខ្មែរធ្វើ ថាអាហ្នឹងរឿងនយោបាយ នែ៎វាទៅឆ្កួតអស់ទៅអញ្ចឹងទៅនែ៎។ ពិភពលោកវាអត់មានយុត្តិធម៌ វានៅកន្លែងហ្នឹង នែ៎ អាគេធ្វើបាបយើង ធ្វើបាបតាមចិត្ត អាយើងគ្រាន់តែសុំអនុវត្តផ្លូវច្បាប់ គេថាយើងនយោបាយ»។
អ្នកស្រី Deborah បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចបញ្ឈប់ការបិទកាសែត The Cambodia Daily និងអនុញ្ញាតឲ្យមាននីតិវិធីច្បាប់ត្រឹមត្រូវមួយ ដោយមានការបញ្ជាក់ឱ្យបានត្រឹមត្រូវនូវចំនួនទឹកប្រាក់ពន្ធ កាសែតនេះនឹងបង់ពន្ធនោះ។ យ៉ាងណាក្តី អ្នកស្រី បានថ្លែងបញ្ជាក់ក្នុងសារអេឡិចត្រូនិក ឬអ៊ីមែលដែល VOA ទទួលបានកាលពីយប់ថ្ងៃអង្គារថា កាសែត ឌឹ ខេមបូឌា ដេលី មិនព្រមទទួលយកចំនួនលុយនេះទេ ហើយលោក Bernard ដែលជាឪពុកបង្កើតរបស់អ្នកស្រី ក៏បានស្នើពិចារណាទៅលើការបរិច្ចាគទឹកប្រាក់មនុស្សធម៌ចំនួន ៣៩លានដុល្លារ។
ចំណាត់ការពន្ធដារ លើកាសែត ជាភាសាអង់គ្លេសដ៏វ័យចំណាស់មួយនេះ ត្រូវគេមើលឃើញថា ធ្វើឡើងនៅមុនមួយឆ្នាំដែលប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិ។ ស្របពេលគ្នានោះដែរ រដ្ឋាភិបាលបានសម្រេចបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលជាអង្គការធ្វើការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងទទួលថវិកាពីសហរដ្ឋអាមេរិកផងដែរ៕