ក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃពុធនេះ បានសម្រេចបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលជាអង្គការមួយធ្វើការពាក់ព័ន្ធនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយលើកឡើងថា ការបិទនេះដោយសារ NDI មិនបានគោរពច្បាប់កម្ពុជា។ អ្នកឃ្លាំមើលស្ថានការណ៍សង្គម និងសិទ្ធិមនុស្សនៅកម្ពុជាលើកឡើងថា ការបិទវិទ្យាស្ថាន NDI នេះ នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញផ្សាយនៅថ្ងៃពុធ ទី២៣ ខែសីហានេះ ឱ្យដឹងថា អាជ្ញាធរកម្ពុជាសម្រេចបញ្ឈប់សកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ទាំងស្រុងក្នុងប្រទេស ដើម្បីធានាការអនុវត្តត្រឹមត្រូវ និងប្រសិទ្ធភាពច្បាប់ ពង្រឹងនីតិរដ្ឋ និងគោរពអធិបតេយ្យភាពរបស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែល VOA ទទួលបាននៅថ្ងៃពុធនេះសរសេរក្នុងន័យដើមថា៖
«បន្ទាប់ពីបានពិចារណា និងពិភាក្សាគ្នាយ៉ាងហ្មត់ចត់ក្នុងកិច្ចប្រជុំជាបន្តបន្ទាប់មក អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានឈានដល់ការសម្រេចបញ្ឈប់នូវសកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងបណ្តេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីការជូនដំណឹងជាផ្លូវការអំពីសេចក្តីសម្រេចនេះ»។
ក្រសួងការបរទេសក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសនោះផងដែរថា ការសម្រេចបិទវិទ្យាស្ថាន NDI ដោយយោងលើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសារពើពន្ធ។ ក្នុងនោះក្រសួងក៏បានព្រមានថា អាជ្ញាធរមានសមត្ថកិច្ចបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការចាត់វិធានការស្រដៀងគ្នានេះផងដែរ ចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀត ដែលមិនគោរពច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ផ្សេងៗទៀតរបស់កម្ពុជា។
VOA មិនអាចទាក់ទងសុំការបញ្ជាក់លម្អិតពី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទេ រហូតដល់ល្ងាចថ្ងៃពុធនេះ។
ចំណែកនាយកកម្មវិធីវិទ្យាស្ថានជាតិប្រជាធិបតេយ្យប្រចាំកម្ពុជា លោក ចន ខាវ៉ាណូហ៍ (John Cavanaugh) ក៏មិនបានឆ្លើយតបសារអេឡិចត្រូនិក ឬអ៊ីមែលរបស់ VOA ដែរ រហូតដល់ល្ងាចថ្ងៃពុធនេះ ស្របពេលដែលការិយាល័យរបស់ NDI ដែលមានអាសយដ្ឋានក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មិនត្រូវបានអនុញ្ញាតឲ្យផ្តិតយករូបភាព ឬសួរនាំព័ត៌មាននោះទេ។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) បង្ហាញថា NDI ដែលមានស្នាក់ការកណ្តាលនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បានចាប់ផ្តើមការងាររបស់ខ្លួននៅកម្ពុជា តាំងពីឆ្នាំ១៩៩២ ដោយបានធ្វើការជាមួយគណបក្សនយោបាយកម្ពុជា សង្គមស៊ីវិល និងប្រជាពលរដ្ឋកម្ពុជា ដើម្បីជំរុញឲ្យមានអភិបាលកិច្ចដែលមានតម្លាភាព និងការចូលរួមនយោបាយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ វិទ្យាស្ថាននេះបានគាំទ្រដល់ការអនុម័តក្រមសីលធម៌គណបក្សនយោបាយក្នុងសហគមន៍ ការអភិវឌ្ឍតួនាទីស្រ្តីក្នុងគណបក្ស និងមន្រ្តីជាប់ឆ្នោត និងគំនិតផ្តួចផ្តើមដើម្បីតាមដាន និងកែទម្រង់ដំណើរការបោះឆ្នោត។ បច្ចុប្បន្ន NDI កំពុងតែអនុវត្តនូវកម្មវិធីរយ:ពេល៥ឆ្នាំ ដើម្បីពង្រឹងតួនាទីរបស់ពលរដ្ឋក្នុងដំណើរការនយោបាយ បង្កើតលំហ សម្រាប់ការចូលរួមនយោបាយដោយស្ថាបនា និងពង្រឹងលើកស្ទួយគណនេយ្យភាពរបស់រដ្ឋាភិបាលឲ្យកាន់តែធំទូលាយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលចេញនាថ្ងៃពុធដដែលនេះ អះអាងថា ចាប់តាំងពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ អង្គការ NDI បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រហូតដល់អង្គការនេះបានដាក់ពាក្យស្នើចុះបញ្ជីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ អំឡុងពេលរង់ចាំការសម្រេចរបស់ក្រសួងលើពាក្យស្នើសុំនេះ អង្គការ NDI នៅតែបន្តសកម្មភាពរបស់ខ្លួនដោយមិនគិតគូរអំពីការគោរពច្បាប់។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់ VOA ថា ការបិទវិទ្យាស្ថាន NDI ដែលជាអង្គការធ្វើការជាមួយគ្រប់គណបក្សនយោបាយ ពាក់ព័ន្ធនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ នឹងធ្វើឲ្យដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ ព្រមទាំងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បុគ្គលិកដែលកំពុងធ្វើការនៅទីនោះ។
លោកស្រី ចក់ សុភាព បញ្ជាក់ថា៖
«បើសិនជាមកដល់ដំណាក់កាលនេះ ដែលប្រទេសយើងបានឈានច្រើនជំហានហើយ ហើយយើងបែរជាបិទអង្គការ ហើយបែរមានការគំរាមច្រើន ហើយដែលធ្វើឲ្យលំហប្រជាធិបតេយ្យកាន់តែរួមតូចទៅ ខ្ញុំមើលទៅយើងមិនបានសម្រេចនូវគោលដៅរបស់យើងក្នុងការធានាឲ្យប្រទេសកម្ពុជា មាននូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ»។
លោកស្រី ចក់ សុភាព បន្ថែមថា រដ្ឋាភិបាលមិនគួរសម្រេចបិទវិទ្យាស្ថាន NDI យ៉ាងលឿនដោយមិនមានការពិភាក្សា ឬផ្តល់ពេលវេលាដើម្បីឲ្យអង្គការនោះបកស្រាយ ឬឆ្លើយតបលើការចោទប្រកាន់ណាមួយបែបនេះនោះទេ។ លោកស្រី បន្ថែមថា NDI បានស្នើឲ្យមានកិច្ចព្រមព្រៀងជាអង្គការអន្តរជាតិជាមួយក្រសួងការបរទេស តាំងពីខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែលោកស្រីថា ក្រសួងមានភាពយឺតយ៉ាវរហូតដល់ពេលនេះ។
ការប្រកាសបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) កើតឡើងបន្ទាប់ពីបណ្ដាញសារព័ត៌មានហ្វ្រេសញូវស៍ (Fresh News) ដែលស្និទ្ធនឹងរដ្ឋាភិបាល បានចេញផ្សាយជាបន្តបន្ទាប់តាំងពីសប្ដាហ៍មុន នូវអត្ថបទព័ត៌មានថា NDI បានរៀបចំយុទ្ធសាស្ត្រជួយគណបក្សប្រឆាំង ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សកាន់អំណាច។
សារព័ត៌មានដែលតែងតែសរសេរគាំទ្ររដ្ឋាភិបាលដដែលនោះ បានផ្សព្វផ្សាយក្នុងអត្ថបទរបស់ខ្លួនថា ពួកគេទទួលបានឯកសារមួយចំនួនដែលបានបែកធ្លាយលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលរបស់ NDI រៀបចំសម្រាប់គណបក្សសង្គ្រោះជាតិ កាលពីខែមីនា ដើម្បីយកឈ្នះគណបក្សកាន់អំណាច ក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។
VOA មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យ និងមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានទេ នារសៀលថ្ងៃពុធនេះ៕