ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់​បញ្ជាក់​ឡើង​វិញ​អំពី​ភាព​ខ្លាំងក្លា​នៃ​សម្ព័ន្ធភាព និង​រិះគន់​រុស្ស៊ី​និង​ចិន


លោក Jens Stoltenberg ​អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ទី​ស្នាក់ការ​កណ្តាល​អង្គការ​នេះ​នៅ​​​ក្នុង​ទី​ក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៤​ ខែ​មិថុនា ឆ្នាំ​២០២១។
លោក Jens Stoltenberg ​អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ទី​ស្នាក់ការ​កណ្តាល​អង្គការ​នេះ​នៅ​​​ក្នុង​ទី​ក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៤​ ខែ​មិថុនា ឆ្នាំ​២០២១។

ប្រទេស​ទាំង ៣០ ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់ (NATO) បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក ដោយ​បាន​បញ្ជាក់​ឡើង​វិញ​នូវ​សម្ព័ន្ធភាព​ផ្នែក​យោធា និង​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន។

ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន​ត្រូវ​បាន​រិះគន់​ថា​ជា «បញ្ហា​ប្រឈម​ចំពោះ​ប្រព័ន្ធ​រៀបរយ​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ចុងក្រោយ បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ទាំង​នេះ​បាន​ព្រមព្រៀង​គ្នា «បើក​ទំព័រ​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​រវាង​បណ្ដា​ប្រទេស​សងខាង​មហា​សមុទ្រ​អាត្លង់ទិក» ស្រប​ពេល​ដែល​ពួកគេ​ប្រឈម​នឹង​បរិយាកាស​សន្តិសុខ​ដែល «កាន់តែ​ស្មុគស្មាញ»។

អង្គការ​អូតង់​បាន​យល់ព្រម​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​ដែល​មាន​ឈ្មោះ​ថា «អង្គការ​អូតង់​ឆ្នាំ ២០៣០» ដើម្បី​ត្រៀម​សម្រាប់​ឯកសារ «ទស្សនាទាន​យុទ្ធសាស្ត្រ» បន្ទាប់ ដែល​ជា​ឯកសារ​មាន​គោលបំណង​ណែនាំ​ផ្លូវ​សម្រាប់​អង្គការ​អូតង់ នៅ​ចំ​ពេល​ដែល​មាន​ការ​ប្រកួតប្រជែង​កើនឡើង​នៅ​លើ​ពិភពលោក​និង​ការ​គំរាមកំហែង​ដែល​មិន​អាច​ទាយ​ទុក​ជា​មុន​បាន។

យន្តការ​ពិគ្រោះ​យោបល់ «អង្គការ​អូតង់​ឆ្នាំ ២០៣០» នេះ​ក៏​បាន​លើកឡើង​អំពី​ការ​ទទួលស្គាល់​នូវ​ការ​គំរាមកំហែង​ថ្មី​នានា​ផងដែរ​ដូចជា «ភាព​គឃ្លើន​កាន់តែ​ខ្លាំង​ឡើង​របស់​ប្រទេស​រុស្ស៊ី» «ទម្រង់​ភេរវកម្ម​កាន់តែ​ឃោរឃៅ​ជាង​មុន» អស្ថិរភាព​ជា​បន្ត ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត​និង​ការ​គំរាមកំហែង​ពហុទម្រង់​ដែល​កើនឡើង បច្ចេកវិទ្យា​ថ្មី ជំងឺ​ឆ្លង​រាតត្បាត​ជា​សាកល និង​ការ​ប្រែប្រួល​អាកាសធាតុ។

យន្តការ​ពិគ្រោះ​យោបល់ «អង្គការ​អូតង់​ឆ្នាំ ២០៣០» នេះ​ក៏​បាន​ទទួល​ស្គាល់​ផងដែរ​ថា «ឥទ្ធិពល​កើនឡើង​របស់​ប្រទេស​ចិន​ធ្វើឲ្យ​មាន​ការ​ប្រែប្រួល​ខ្លាំង​ដល់​តុល្យភាព​អំណាច»៕

XS
SM
MD
LG